ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការនូវផ្លូវជាតិលេខ៥៥ ប្រវែង១៨០គម ក្នុងពេលឆាប់ៗខាងមុខនេះ។

ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន គ្រោងស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដាក់ឱ្យដំណើរការនូវផ្លូវជាតិលេខ៥៥ ប្រវែង១៨០គម ក្នុងពេលឆាប់ៗខាងមុខនេះ។

ផ្លូវជាតិដ៏សំខាន់ និងមានភាពបត់បែនដូចពស់ វា ត្រូវបានសាងសង់ដោយសាជីវកម្មស្ពានថ្នល់ចិន (CRBC) ក្រោមការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូនបានចុះត្រួតពិនិត្យ ស្ថានភាពកំណាត់ផ្លូវជាតិលេខ៥៥ នៅព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ នេះ ផ្លូវប្រវែងជាក់ស្តែងសរុបចំនួន១៨០គម និងទទឹង៩ម៉ែត្រ ស្ពានចំនួន៤៥ នេះ សាងសង់ឡើងក្រោមហិរញ្ញប្បទានសម្ប ទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១៣២.៨០ លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវ DBST គិតចាប់ពីផ្លូវប្រសព្វផ្លូវ ជាតិលេខ៥ (១៩១+១៥០) រហូតដល់ភ្នំក្រវាញ-ទីរួមស្រុកវាលវែង-ថ្មដា ខេត្តពោធិសាត់ (ព្រំដែនកម្ពុជា-ថៃ ខេត្តត្រាត)។
លោកបន្តថា គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ហើយរហូតមកដល់ពេលនេះ ក្រុមហ៊ុនបានបញ្ចប់ការសាងសង់១០០ភាគរយហើយ ដោយប្រើប្រាស់រយៈពេលសាងសង់អស់រយៈពេល៤២ខែ។
លោករដ្ឋមន្ត្រីបន្តថា ការចុះពិនិត្យស្ថានភាពផ្លូវជាតិលេខ៥៥នេះ មានគោលបំណងពិនិត្យមើលចំណុចខ្វះខាតតិចតូច ដែលនៅសេសសល់ដូចជាការដាក់ភ្លើងសញ្ញាប្រុងប្រយ័ត្នជំនួសផ្លាកសញ្ញានៅត្រង់ចំណុចកែងខ្លាំង ដើម្បីឱ្យបងប្អូបប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមផ្លូវនេះងាយមើល និងមានការប្រុងប្រយ័ត្នខ្ពស់ ការធ្វើជញ្ជាំងលើជម្រាលភ្នំការពារធ្លាក់ដី និងដុំថ្ម ការប្រមូលគ្រួសអណ្ដែតនៅលើថ្នល់ សំដៅជៀសឱ្យផុតពីគ្រោះថ្នាក់នានាដោយយថាហេតុ ព្រោះថាផ្លូវនេះសណ្ដូកលើដងភ្នំមានការបត់បែនខ្លាំង ក៏ដូចជាការពិនិត្យលើបញ្ហាបច្ចេកទេសមួយចំនួន ទាក់ទងនឹងការសាងសង់ ដើម្បីជំរុញឱ្យក្រុមហ៊ុនម៉ៅការសាងសង់ ធ្វើការកែសម្រួលបំពេញបន្ថែមលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវសំដៅធ្វើឱ្យផ្លូវនេះមានគុណភាព រឹងមាំ អាចប្រើប្រាស់ជាប់បានយូរអង្វែង មុនពេលស្នើសុំគោលការណ៍ ពីរាជរដ្ឋាភិបាលក្នុងការដាក់ដំណើរ ការជាផ្លូវការ។
ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល។ ជាពិសេសជាងនេះទៀត ផ្លូវនេះជួយធ្វើឱ្យប្រសើរ ឡើងដល់ការតភ្ជាប់រវាងកម្ពុជានិងបណ្តាប្រទេសជិតខាង ជួយដល់ការសម្របសម្រួលការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ។
មានផ្លូវមានក្តីសង្ឃឹម ផ្លូវល្អនាំមកនូវភ្ញៀវទេសចរណ៍ វិនិយោគិន និងការដឹកជញ្ជូនកើនឡើង ដែលជាកត្តា ជំរុញដល់ការបង្កើតការងារធ្វើជូនប្រជាពលរដ្ឋ និងការរីកចម្រើនសេដ្ឋកិច្ចជាតិកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕


