ដោយ ប៊ី
តាកែវៈ រដ្ឋាភិបាលបានបើកដំណើារការផ្កូវផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង១៧គីឡូម៉ែត្រ ដែលឆ្លងកាត់ស្រុកចំនួនពីរ ក្នុងខេត្តតាកែវ ដែលទំនងជាផ្លូវបេតុងវែងជាងគេនៅក្នុងខេត្តមួយនេះ។

ដោយ ប៊ី
តាកែវៈ រដ្ឋាភិបាលបានបើកដំណើារការផ្កូវផ្លូវបេតុងអាមេ១ខ្សែ ប្រវែងជាង១៧គីឡូម៉ែត្រ ដែលឆ្លងកាត់ស្រុកចំនួនពីរ ក្នុងខេត្តតាកែវ ដែលទំនងជាផ្លូវបេតុងវែងជាងគេនៅក្នុងខេត្តមួយនេះ។

ផ្លូវបេតុងនេះមានប្រវែងសរុប១៧,៨០០ម៉ែត្រ ដែលចាប់ផ្តើមចេញពីភូមិត្រពាំងលើក ឃុំប្រាំបីមុំ ស្រុកទ្រាំង ដល់ចំណតកំពង់ទូក កំពង់អំពិល ស្រុកបូរីជលសារ ផ្លូវខេត្តលេខ១២៩B ស្ថិតនៅអនុវិទ្យាល័យអង្គស្ពឺ ភូមិស្ពឺ ឃុំអង្គខ្នុរ ស្រុកទ្រាំង ខេត្តតាកែវ បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩។
ការដាក់ប្រើប្រាស់ជាផ្លូវការនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។នេះបើយោងតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សចុះផ្សាយនៅថ្ងៃនេះ។
លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវបានឲ្យដឹងថា ផ្លូវបេតុងអាមេ១ខ្សែ ដែលត្រូវបើកសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ឆ្លងកាត់ស្រុកទ្រាំង និងស្រុកបូរីជលសារ ក្នុងនោះស្រុកទ្រាំងមាន៣ឃុំ ស្មើនឹង៧ភូមិ ដែលមានប្រវែង៨៣០០ម៉ែត្រ និងស្រុកបូរីជលសារ មាន៣ឃុំ ស្មើនឹង៧ភូមិ ដែលមានប្រវែង៩៥០០ម៉ែត្រ ជាអំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។
លោកបានបន្ថែមថា “តាមរយៈលោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុងហ្រ្គុប ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបរចិញ្ចឹមជីវិត របស់បងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានស្រុកទ្រាំង និងស្រុកបូរីជលសារ កាន់តែប្រសើរឡើងថែមទៀត”។
លោកឧកញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុងហ្រ្គុប បានមានប្រសាសន៍ថា ផ្លូវបេតុងអាមេ១ខ្សែប្រវែង១៧,៨០០ម៉ែត្រ ដែលមានទទឹង៨ម៉ែត្រ និងចំណីផ្លូវសង្ខាងប្រវែង១ម៉ែត្រកន្លះ ដែលបានរៀបចំពិធីសម្ពោធនាពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានចំណាយថវិកាអស់ប្រមាណ៧លាន២សែនដុល្លារអាមេរិក ទទួលបន្ទុកសាងសង់ ដោយក្រុមហ៊ុនជីបម៉ុងហ្រ្គុប។
លោកកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិនបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជា មានការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ ក្នុងនោះលើវិស័យសាធារណការ និងដឹកជញ្ជូន អំពីស្ថានភាពផ្លូវជាតិ ផ្លូវខេត្ត ផ្លូវក្នុងក្រុង និងផ្លូវដែកក្នុងទឹកដីខេត្តតាកែវ គិតត្រឹមឆ្នាំ២០១៩នេះ។
ខេត្តតាកែវ មានផ្លូវជាតិចំនួន៧ខ្សែ ជាប្រភេទផ្លូវកៅស៊ូ មានប្រវែងសរុបជាង១៦៥គីឡូម៉ែត្រ ផ្លូវខេត្តមានចំនួន២៤ខ្សែ ប្រវែងសរុបជាង៣៨២,១៤៥គីឡូម៉ែត្រ ផ្លូវក្រុងមានចំនួន៤៧ខ្សែ ប្រវែងសរុប៦១,៦៩០គីឡូម៉ែត្រ និងផ្លូវដែក ចំនួន១ខ្សែ ឆ្លងកាត់ក្រុង ស្រុកចំនួន៥ រួមមាន ស្រុកបាទី ស្រុកសំរោង ស្រុកត្រាំកក់ ស្រុកដូនកែវ និងស្រុកទ្រាំង។

លោកឧបនាយករដ្ឋមន្រ្តី ប៊ិន ឈិន បានមានប្រសាសន៍បញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍន៍ ក្នុងរយៈពេលពីរទស្សវត្សកន្លងមកនេះ កម្ពុជាទទួលបានភាពរីកចម្រើន និងការអភិវឌ្ឍន៍គួរជាទីមោទនៈ ដោយក្នុងនោះយើងសម្រេចបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧%ជាប់គ្នា ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចលំដាប់ខ្ពស់មួយនៅក្នុងតំបន់អាស៊ី និងទទួលបានការវិនិយោគសំខាន់ៗជាច្រើន ហើយបានបង្កើតការងារបានកាន់តែច្រើនឡើង ជូនដល់ប្រជាពលរដ្ឋ ពិសេសសម្រាប់ស្រទាប់យុវជន៕