ដោយ វុត្ថា
ភ្នំពេញៈ អំណាចនៃការទិញបាន និងកំពុងទាក់ទាញផលិតលផលល្បីៗពីបរទេសចូលមកកាន់កម្ពុជា ដោយសារតែប្រទេសមួយនេះ កំពុងតែមានកំណើនសេដ្ឋកិច្ចលូតលាស់ និងប្រជាពលរដ្ឋមានប្រាក់ចំណូលសមរម្យ។
អ្នកស្រាវជ្រាវផ្នែកអចលនទ្រព្យជាន់ខ្ពស់ នៃក្រុមហ៊ុន CBRE ប្រចាំនៅកម្ពុជា កញ្ញា គឹម គិនកេសាបានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា បច្ចុប្បន្ននេះផលិតផលម៉ាកល្បីៗជាច្រើនបាន និងកំពុងហូរចូលមកកាន់កម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុងស្រុកកើនឡើង។
កញ្ញបន្តថា តាមទិន្ន័យការស្រាវជ្រាវក្នុងឆ្នាំ២០១៨ កន្លងមកនេះ ផលិតផលម៉ាកល្បីៗទាំងក្នុងស្រុក នឹងក្រៅស្រុកមានចំនួនប្រមាណ៦៥ ដែលភាគច្រើនជាម្ហូបអាហារ និង ភេសជ្ជៈ។កញ្ញាបន្ថែមទៀតថា ម្យ៉ាងដោយសារតែមានការកើននូវផ្សារទំនើប និងប្រជាពលរដ្ឋមានប្រាក់ចំណូលខ្ពស់ ទើបណ្តាលឱ្យមានអ្នកវិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកបោះទុនវិនិយោគច្រើន បាននាំយកផលិតផលម៉ាក់ល្បីៗ មកដាក់លក់នៅក្នុងទីផ្សាររបស់ប្រទេសកម្ពុជា។
លោក វ៉ា វីរៈអគ្គនាយកក្រុមហ៊ុន Century21 Fortuna Investmentបានមានប្រសាសន៍ឱ្យដឹងផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ផលិតផលម៉ាក់ល្បីៗបាននិងកំពុងហូចូលកាន់ទីផ្សារកម្ពុជាច្រើនបែបនេះ សរបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងមានជីវភាពធូធា និងឱ្យតម្លៃទៅលើផលិតម៉ាក់ល្បីៗ ព្រោះមានសុវត្ថិភាពនិងជំនឿទុកចិត្តខ្ពស់លើគុណភាព។
លោកបន្ថែមថា “ដោយសារតែប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ មានការកើនឡើងជាងមុន និងមានការយល់ដឹងច្រើនជុំវិញការប្រើប្រាស់នូវផលិតផលម៉ាកល្បីៗ បែបនេះ ហើយបានជាមានអ្នកវិនិយោគនាំចូលច្រើន ទៅលើផលិតផលម៉ាកល្បីៗ មកផ្គត់ផ្គង់នៅក្នុងទីផ្សារច្រើន”។

លោកបញ្ជាក់ទៀថា ម្យ៉ាងដោយសារតែសេដ្ឋកិច្ចកម្ពុជា ស្ថិតនៅក្នុងរង្វង់ប្រមាណ ៧ ភាគរយអស់រយៈពេលជាច្រើនឆ្នាំមកនេះ និងម្យ៉ាងទៀតប្រជាជនមួយចំនួនទទួលបានផលចំណេញពីការលក់អចលនទ្រព្យរបស់ខ្លួនបានច្រើន ក៏ជាកត្តាជំរុញឱ្យមានផលិតផលម៉ាកល្បីៗជាច្រើនកំពុងរីកដុះដាលនៅក្នុងទីផ្សារកម្ពុជា៕






