ដោយ វុត្ថា
ភ្នំពេញៈ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន បានអះអាងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) មកដល់ពេលនេះសម្រេចបានប្រមាណ ៥១ ភាគរយហើយ។

-->
ក្នុងពិធីចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើងនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៩ លកន្លងមកនេះ លោកស៊ុន ចាន់ថុលបានឲ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦ គីឡូម៉ែត្រ ឋិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោងចំណាយថវិកាប្រមាណ ៥០០លានដុល្លារសហរដ្ឋអាមេរិក ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួសដោយកៅស៊ូAC និងមានសួរច្បារកណ្តាល។
ផ្លូវនេះមានការសាងសង់ផ្លូវវាងក្រុងសរុបមានចំនួន៥ខ្សែ មានប្រវែងសរុប៦២គីឡូម៉ែត្រ មាន៤គន្លង ទទឹង២៣ម៉ែត្រ និងសួរច្បារកណ្តាល មានការពង្រីកស្ពានចាស់ និងសាងសង់ស្ពានថ្មី ដែលស្ថិតនៅក្នុងកំណាត់ផ្លូវជាតិលេខ៥ មានចំនួនសរុប៨០កន្លែងផងដែរ។
ដោយឡែក គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោ ភ័ណ)នេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបងរហូតដល់ ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប៨៤,៧៤គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣,០៤ លានដុល្លារអាមេរិក និងសម្រេចការសាងសង់បានប្រមាណ៥១%ហើយ។
គម្រោងស្ថាបនាកំណាត់ផ្លូវនេះត្រូវបានបែងចែកជាពីរកញ្ចប់ក្នុងនោះ៖ កញ្ចប់ទី១សាងសង់ដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង៤៦,២៧គម (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គម) ហើយកញ្ចប់ទី២សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុនDaiho-Asanuma JV មានប្រវែង៣៨,៤៧គម (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩.៣៤គម) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ត្រូវបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ក្រោម អធិបតីដ៏ខ្ពង់ខ្ពស់បំផុតសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយការស្ថាបនាមានរយៈពេលន៣៦ខែ។
កំណាត់ផ្លូវជាតិនេះជាផ្លូវអាស៊ានហាយវេលេខ១ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកប ដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដងផ្លូវនេះនឹងមានជីវភាពកាន់ តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍។

នេះជាផ្លូវហាយវេកម្រិតអាស៊ាន ដែលតភ្ជាប់ភាគខាងលិចកម្ពុជា ចាកចេញពីព្រំប្រទល់ប្រទេសថៃ មកកាន់់រាជធានីភ្នំពេញ និងឆ្ពោះទៅកាន់ព្រំដែនកម្ពុជាវៀតណាម តាមរយៈផ្លូវជាតិលេខ១។
រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម និងសប្បកម្ម លោកហេង សុខគង់ធ្លាប់បានមានប្រសាសន៍ថា រដ្ឋាភិបាលគ្រោងបង្កើតសួនឧស្សាហកម្ម នៅតាមអមសងខាងបណ្តោយផ្កូវជាតិលេខ៥ ដោយសារផ្លូវនេះជាផ្លូវដ៏សំខាន់មួយ ដែលសមាហរណកម្មផ្ទៃក្នុងថកម្ពុជា ក៏ដូចជាសមាហរណកម្មកម្ពុជាជាមួយបណ្តាប្រទេសក្នុងតំបន់។

លោកបន្តថា “វាជាផ្លូវដ៏សំខាន់បំផុតក្នុងការតភ្ជាប់ការដឹកជញ្ជូនទំនិញ រវាងប្រទេសថៃ និងវៀតណាម ដោយឆ្លងកាត់កម្ពុជា ហេតុនេះកម្ពុជាអាចទាញយកតម្លៃបន្ថែមកាន់តែច្រើនតាមរយៈការបង្កើតសួនឧស្សាហកម្មនៅតាមបណ្តោយផ្លូវនេះ”៕