ដោយ វុត្ថា
ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើអភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ចាត់វិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ និងម្ចាស់សំណង់ដែលមិនអនុវត្តតាមកាតព្វកិច្ច និងលក្ខខណ្ឌតម្រូវដោយបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេស។

-->
យោងតាមលិខិតលេខ ២៣២២ ដនស/អរប របស់ឧបនាយករដ្ឋមន្ត្រី ជាសុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ផ្ញើរទៅកាន់អភិបាលនៃគណៈអភិបាលរាជធានី ខេត្តនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០១៩ នេះ បានឱ្យដឹងថា ដើម្បីធានាការងារសាងសង់ ការប្រើប្រាស់សំណង់ឱ្យបានត្រឹមត្រូវតាមបទដ្ឋានគតិយុត្ត និងបទដ្ឋានបច្ចេកទេសសំណង់ ធានាគុណភាព សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ សុខមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណជន និងធានគណនេយ្យភាព និងប្រសិទ្ធភាព ក្នុងការប្រកបវិជ្ជាជីវៈក្នុងវិស័យសាងសង់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើអភិបាលខេត្ត ចាត់វិធានការតាផ្លូវច្បាប់ចំពោះក្រុមហ៊ុនសាងសង់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ ការអនុញ្ញាតឱ្យប្រកបអាជីវកម្មសាងសង់ចេញដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងចំពោះម្ចាស់សំណង់ដែលដំណើរការការដ្ឋានសាងសង់ ដោយមិនមានលិខិតអនុញ្ញាតចេញដោយអាជ្ញាធរមានសមត្ថកិច្ច។
លោកបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានស្វាគមន៍ចំណាច់ការរបស់រដ្ឋាភិបាល ក្នុងការចាត់វិធានការចំពោះក្រុមហ៊ុនប្រកបអាជីវកម្មសាងសង់ ដែលមិនអនុវត្តតាមកាតព្វកិច្ចសងសង់នេះ ពិតជាត្រឹមត្រូវ ព្រោះថា រដ្ឋាភិបាលកម្ពុជា កំពុងតែពង្រីកការគ្រប់គ្រងវិសាលភាពច្បាប់ និងការអនុវត្តច្បាប់។
លោកបន្តថា កន្លងមកនេះ មានក្រុមហ៊ុនសាងសង់មួយចំនួន មិនមានការស្នើសុំច្បាប់សាងសង់ត្រឹមត្រូវ និងគ្មានអាជ្ញាប័ណ្ណអាជីវកម្ម ហើយចេះៗតែធ្វើទៅ។ បើទោះបីអាជ្ញាធរមិនចេញអាជ្ញាបណ្ណឱ្យ ឬលិខិតផ្ទេរសិទ្ធិបង់ពន្ធឱ្យក្ដី ក៏ក្រុមហ៊ុនទាំងនោះនៅតែធ្វើ ដែលបណ្តាលឱ្យមានការខាតបង់ ចំពោះក្រុមហ៊ុនដែលគេគោរច្បាប់ត្រូវ ក្នុងការចំណាយខ្ពស់ជាងក្រុមហ៊ុន ដែលមិនគោរពច្បាប់ត្រឹមត្រូវ ដែលចំណាយតិច និងមានហានីភ័យចំពោះអ្នកទិញសំណង់ផងដែរ។
លោកបណ្ឌិតបញ្ជាក់ថា វិធានការរបស់រដ្ឋាភិបាលនាពេលនេះ សរបញ្ជាក់ថា រដ្ឋាភិបាលបាននឹងកំពុងយកចិត្តទុកដាក់ ក្នុងការអនុវត្ថច្បាប់ចំពោះការគ្រប់សំណង់នៅក្នុងប្រទេសកម្ពុជាឱ្យមានប្រសិទ្ធភាព និងធ្វើឱ្យសំណង់នានានៅក្នុងប្រទេសកម្ពុជាមានគុណភាព និងបទដ្ឋានបច្ចេកទេសត្រឹមត្រូវ៕
