ដោយ គង់ សូរិយា
ភ្នំពេញ៖ ការគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ដោយសាងសង់របងផ្ទះ និងផ្ទះរំលោភបំពានផ្លូវសាធារណៈ ធ្វើឲ្យផ្លូវតូចចង្អៀតមិនត្រឹមតែបង្កផលវិបាក ដល់ខ្លួនឯងនោះទេ តែក៏ធ្វើឲ្យប៉ះពាល់ដល់តម្លៃអចលនទ្រព្យនៅតាមតំបន់់របស់ខ្លួនផងដែរ។
លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី២៣ កក្កដានេះថា ការគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ពិតជាបង្កបញ្ហាច្រើនដល់ខ្លួនឯង និងសង្គម ហេតុនេះប្រជាពលរដ្ឋនានាគួរគិតពីផលប្រយោជន៍សាធារណៈ ដើម្បីផលប្រយោជន៍ខ្លួនឯងផង និងសង្គមជាតិផង។
លោកបន្តថា “ការសាងសង់របងផ្ទះ ឬលំនៅដ្ឋានរំលោភបំពានផ្លូវសាធារណៈ ធ្វើឲ្យផ្លូវតូចចង្អៀត ពិបាកក្នុងការធ្វើចរាចរ យានយន្តកកស្ទះច្រើន នឹងធ្វើឲ្យតម្លៃអចលនទ្រព្យតំបន់នោះមិនឡើងថ្លៃនោះទេ”។ លោកបន្តថា “ការពង្រីកអំណាចនៃភាពលោភលន់ ដោយការមិនចូលរួមស្ថាបនាសង្គម និងគិតដល់សង្គម នឹងធ្វើឲ្យខ្លួនឯងកាន់តែមានបញ្ហា ហើយការគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនច្រើន មិនឆ្លុះបញ្ចាំងពីប្រជាជនដែលមានភាពស៊ីវិល័យនោះទេ”។
ជាក់ស្តែងការបំពានផ្លូវសាធារណៈរបស់ប្រជាពលរដ្ឋ ឃើញមាននៅតំបន់ជាច្រើនក្នុងជាយក្រុងភ្នំពេញ ដូចជាតំបន់បឹងទំពុន តំបន់ផ្សារដើមថ្លូវ តំបន់មួយចំនួនក្នុងក្រុងតាខ្មៅ តំបន់មួយចំនួនទៀតក្នុងស្រុកកៀកស្វាយ ខេត្តកណ្តាលជាដើម។
លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឲ្យដឹងទៀតថា “ប្រជាជនគួរគិតពីផលប្រយោជន៍រួមឲ្យបានច្រើន ព្រោះការគិតពីផលប្រយោជន៍សួនតួ នឹងធ្វើឲ្យប៉ះពាល់ដល់សង្គមជាតិរបស់យើង”៕






