ដោយ វុត្ថា
ភ្នំពេញៈ ច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា និងការប្រើប្រាស់វិសាលភាពនៃច្បាប់នេះ មានសារៈប្រយោជន៍សំខាន់ណាស់ គឺដើម្បីការពារស្នាដៃ និងគំនិតច្នៃប្រឌិតរបស់ផលិតករ និងសិប្បករ ដែលជាម្ចាស់សហគ្រាសធុនតូច និងមធ្យម (SMEs) នៅក្នុងប្រទេសកម្ពុជា ស្របតាមនិន្នាការ និងបរិបទសាកលភាវូបនីយកម្ម។
ម្យ៉ាងទៀត ការប្រើប្រាស់ច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីជំរុញការអភិវឌ្ឍ SMEs ក្នុងការអនុវត្ត និងលើកស្ទួយវិស័យកម្មសិទ្ធិបញ្ញា ដើម្បីបង្កើតមូលដ្ឋានគតិយុត្ត សំដៅបម្រើការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច។
-->
ក្រសួងពាណិជ្ជកម្ម តែងចាត់ទុក SMEs គឺជាដៃគូមិនអាចខ្វះបាន ក្រៅពីការគាំទ្រផ្លូវច្បាប់ ក្រសួងបានជួយស្វែងរកទីផ្សារនិងប្រភពទុន និងបានចងក្រងជាសមាគមពាណិជ្ជកម្ម ដូចជា៖ ម្រេចកំពត, ស្ករត្នោតកំពង់ស្ពឺ និងក្រូចថ្លុងកោះទ្រង់។ល។ ក្រសួងក៏បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បើកការចរចាជាមួយភាគីចិន អំពីអនាម័យ និងភូត្តគាមអនាម័យ (SPS) ដើម្បីសម្រួលដល់ការនាំចេញរបស់ពាណិជ្ជករថែមទៀត។
ដើម្បីការពារ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពក្លែងបន្លំ ឬលួចចម្លងផលិតផល និងសេវាកម្ម ដែលនាំឱ្យប៉ះពាល់អាជីវកម្មសហគ្រាសធុនតូច និងមធ្យម ព្រមទាំងបង្កឱ្យមានហានីភ័យដល់សេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងពាណិជ្ជកម្ម បានប្រឹងប្រែងចូលជាសមាជិកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) និងសន្ធិសញ្ញាអន្តរជាតិនានា ពាក់ព័ន្ធនឹងវិស័យកម្មសិទ្ធិបញ្ញា។
លើសពីនេះ ក្រសួងបាននឹងកំពុងខិតខំជំរុញ ឱ្យមានការអនុវត្តទូលំទូលាយនូវច្បាប់ស្តីពីកម្មសិទ្ធិបញ្ញា ច្បាប់ស្តីពីពាណិជ្ជសញ្ញា ពាណិជ្ជនាម និងអំពើប្រកួតប្រជែងមិនស្មោះត្រង់។ ច្បាប់ប្រកាសនីយបត្រតក្កកម្ម (Patent) គំនូរម៉ូឌែលមានប្រយោជន៍ និងគំនូរឧស្សាហកម្ម។ ច្បាប់ស្តីពីសិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល ដោយអនុលោមតាមកិច្ចព្រមព្រៀងស្តីពី ទិដ្ឋភាពកម្មសិទ្ធិបញ្ញាទាក់ទងពាណិជ្ជកម្ម (TRIPS) ជាដើម៕