ខេត្តកោះកុង​ នឹង​មាន​សួនផ្កា​សាគូ​រ៉ា​លើកដំបូង​ជួយ​លើក​សោភ័ណភាព​ក្នុង​តំបន់​

0

ដោយៈ​ រ៉ា​ណេត​

កោះ​កុងៈ​ ស្រប​ពេល​ដែល​មាន​គម្រោង​អភិ​វឌ្ឍ​ធំៗ​ បាន​តម្រង់​ទិស​ឆ្ពោះ​ចូល​ទៅកាន់​ខេត្តកោះកុង​ ជាពិសេស​វិស័យ​អចលនទ្រព្យ​ និង​វិស័យ​ទេសចរណ៍​ ដែល​ជំរុញ​ឱ្យ​ខេត្ត​មួយ​នេះ​កាន់តែ​មាន​សក្ដានុពល​នោះ​ ពេលនេះ​អជ្ញា​ធរ​ក្នុង​តំបន់​បាន​រៀបចំ​បង្កើត​សួនផ្កា​សាគូ​រ៉ា​ ដែល​មាន​ប្រភព​មក​ពី​ប្រទេស​ជប៉ុន​ ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ផង​ដែរ​។

ការបាន​ចាប់ពី​ចំណុច​គល់​ស្ពាន​កោះកុង​ ត្រើយ​ខាងលិច​លាតសន្ធឹង​តាម​បណ្តោយ​ផ្លូវជាតិ៤៨​ រហូតដល់​មុខ​សាលាស្រុក​មណ្ឌលសីមា​ ត្រូវ​បាន​អជ្ញា​ធរ​ចុះ​ធ្វើសកម្មភាព​ដាំ​ដើមផ្កា​សាគូ​រ៉ា​ជាច្រើន​ដើម​ ដើម្បី​បង្កើត​ជា​សួន​ដ៏​ស្រស់​ស្អាត​ ដែល​អាច​បង្កើន​ភាព​ទាក់ទាញ​បណ្តា​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​ចូល​ទៅ​ទស្សនា​កម្សាន្ត​នៅ​តំបន់​នេះ​។

អភិបាលស្រុក​មណ្ឌលសីមា​ លោក​ហាក់​ ឡេង​ បាន​មានប្រសាសន៍​ថា​ បច្ចុប្បន្ន​នេះ​ខេត្តកោះកុង​ កំពុងតែ​ព្យាយាម​កែប្រែ​មុខមាត់​ជា​ខ្លាំង​ តាមរយៈ​សកម្មភាព​នៃ​ការ​អភិវឌ្ឍ​ស្ទើរគ្រប់​វិស័យ​ ជាពិសេស​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​ ដើម្បី​បង្កើន​សេដ្ឋកិច្ច​នៅក្នុង​ខេត្ត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។

លោក​បាន​បន្ត​ទៀត​ថា​ “វត្តមាន​នៃ​សួង​ផ្កា​សា​រ៉ា​គូ​រ៉ា​មួយ​នេះ​ វា​គ្រាន់តែ​ជា​ចំណុច​ចាប់ផ្ដើម​ជា​ជំ​ហ៊ាន​ដំបូង​តែប៉ុណ្ណោះ​”។ លោក​បាន​បន្ត​ទៀត​ថា​ “លទ្ធផល​ដែល​នឹង​លេចចេញ​ជា​រូបភាព​ដ៏​ទាក់ទាញ​នៃ​សួនច្បារ​ ដែល​ស្ថិតនៅ​តាមផ្លូវ​ជាតិ​លេខ៤៨នេះ​ អាច​នឹង​បង្ហាញ​យ៉ាង​យូរ​នៅ​ត្រឹម​រយៈពេល២បន្ទាប់​ទៀត​”។

លោក​បញ្ជាក់​ថា​ “ខ្ញុំ​ជឿជាក់​ថា​ វា​នឹង​រួមចំណែក​យ៉ាង​សំខាន់​ ក្នុង​ការ​ទាក់ទាញ​ និង​បម្រើ​ដល់​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្ត​មួយ​នេះ​”។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​ លោក​ ហូ​ វណ្ឌី​ បាន​មានប្រសាសន៍​បង្ហាញ​ពី​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ ចំពោះ​ការបង្កើត​សួនផ្កា​សាគូ​រ៉ា​ នៅក្នុង​តំបន់​ខាងលើ​នេះ​។ លោក​បាន​មានប្រសាសន៍​ទៀត​ថា​ កាលពីមុន​ខេត្តកោះកុង​មាន​មណ្ឌល​កម្សាន្ត​ដ៏​ធំ​មួយ​ គឺ​សា​ហ្វា​រី​វើល​ ប៉ុន្តែ​ដោយសារ​កាលពី​ប៉ុន្មាន​ឆ្នាំ​មិ​ វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​មិនទាន់​មាន​ភាពល្អ​ប្រសើរ​ បាន​បណ្តាល​ឱ្យ​សួន​មួយ​នេះ​សម្រេចចិត្ត​ផ្អាក​ ហើយ​យក​មក​តាំងនៅ​ជាយ​រាជធានី​ភ្នំពេញ​វិញ​។

លោក​បន្ត​ទៀត​ថា​ “នៅពេល​វត្តមាន​សួនផ្កា​មួយ​នេះ​ ដំណើរការ​បាន​រលូន​ វា​នឹង​ក្លាយទៅជា​អត្តសញ្ញាណ​ថ្មី​មួយ​សម្រាប់​ខេត្តកោះកុង​ ហើយ​អាច​ស្រូប​ទាញ​ភ្ញៀវ​ទេសចរ​មកកាន់​ខេត្ត​មួយ​នេះ​កាន់តែ​ច្រើន​” ៕

LEAVE A REPLY

Please enter your comment!
Please enter your name here