រដ្ឋាភិបាល​អូស្ត្រាលី​ជួយ​បង្កើត​កម្មវិធី​គ្រប់គ្រង​បច្ចេកទេស​ និង​គុណភាព​សំណង់​នៅ​កម្ពុជា​

0

ដោយៈ​ រ៉ា​ណេត​

ព្រះ​សី​ហនុៈ​ តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា​ រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​បាន​យល់ព្រម​ចូលរួម​បង្កើត​កម្មវិធី​គ្រប់គ្រង​បច្ចេកទេស​ និង​គុណភាព​សំណង់​ ដោយ​យក​ក្រុង​ព្រះសីហនុ​ចាប់​អនុវត្ត​អាទិភាព​។

នៅក្នុង​ឱកាស​នៃ​ការ​ចូល​ជួប​សម្ដែង​ការគួរសម​ និង​ពិភាក្សា​ការងារ​ជាមួយ​លោក​ គួច​ ចំរើន​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ កាលពី​ថ្ងៃទី២៤​ ខែកក្កដា​ ឆ្នាំ២០១៩នេះ​ លោក​ស្រី​អេន​ជី​ឡា​ ខូ​ខូ​រាន​ អគ្គរដ្ឋទូត​ នៃ​ស្ថានទូត​អូស្រ្តាលី​ប្រចាំ​កម្ពុជា​ មានប្រសាសន៍​ប្រាប់​ឱ្យ​ដឹង​ថា​ ដំណើរ​ទស្សនៈ​កិច្ច​នា​ពេលនេះ​ជា​លើក​ទី៣ហើយ​ ប៉ុន្តែ​អ្វី​ដែល​ជា​ការចាប់អារម្មណ៍​ និង​ភ្ញាក់ផ្អើល​គឺ​ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម​ និង​សំណង់​កើតមាន​នៅក្នុង​ខេត្ត​មួយ​នេះ​យ៉ាង​ស្អេកស្កះ​។

លោកស្រី​បាន​សម្ដែង​ការ​សាទរ​ជាមួយ​សមិទ្ធផល​ ដែល​ខេត្ត​ព្រះសីហនុ​ទទួល​បាន​នា​ពេល​បច្ចុប្បន្ន​។ ជាមួយគ្នា​នេះ​ លោកស្រី​ក៏បាន​បញ្ជាក់​ប្រាប់​ឱ្យ​ដឹង​ថា​ ដោយ​មើល​ ឃើញ​ពី​ការ​រីកចម្រើន​លើ​វិស័យ​សំណង់​ ពិសេស​ស្តង់ដារ​គុណភាព​សំណង់​នៅ​កម្ពុជា​នា​ពេល​កន្លងទៅ​នេះ​ លោកស្រី​បាន​ជួប​លោក​ ជា​ សុ​ផា​រ៉ា​ រដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​ ពិភាក្សា​ពី​កា​ពង្រឹងគុណភាព​សំណង់​ ដោយ​យល់ព្រម​បង្កើត​កម្មវិធី​រួម​ ជួយ​ផ្នែក​បច្ចេកទេស​ដល់​ក្រសួង​ដែនដី​ និង​អាជ្ញាធរ​ខេត្ត​ ដោយដំណើរ​ការសាកល្បង​មុនគេ​នៅ​ខេត្ត​ព្រះសីហនុ​។

អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ លោក​គួច​ ចំរើន​ បាន​លើកឡើង​ផង​ដែរ​ថា​ ភាព​រីកចម្រើន​ និង​ការ​អភិវឌ្ឍ​យ៉ាង​គំហុក​នៅ​ខេត្ត​ព្រះសីហនុ​ បាន​គៀង​គរ​អ្នក​វិនិយោគ​ជាតិ​ និង​អន្តរជាតិ​ ជាច្រើន​ច្រើន​ចូល​មកកាន់​ខេត្ត​មួយ​នេះ​កាន់តែ​ច្រើន​។ លោក​បាន​បន្ត​ទៀត​ថា​ ការ​កើនឡើង​នូវ​ចំនួន​មនុស្ស​ បាន​បង្ក​ឱ្យ​មាន​បញ្ហា​មួយចំនួន​ដូចជា​ គ្រោះថ្នាក់​ចរាចរណ៍​ ខូច​ហេដ្ឋារចនាសម្ព័ន្ធ​ដូចជា​ផ្លូវថ្នល់​ ប្រពន្ធ​បង្ហូរទឹក​ និង​អនាម័យ​ជាដើម​។ ទោះជាយ៉ាងណា​លោក​ក៏បាន​រៀបចំ​ និង​ដាក់ចេញ​នូវ​វិធានការ​ដោះស្រាយ​ជាបន្តបន្ទាប់​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​ខេត្ត​ព្រះសីហនុ​ នៅតែ​រក្សា​បាន​ភាពល្អ​ប្រសើរ​។

នៅក្នុង​ឱកាស​នេះ​ផង​ដែរ​ លោក​ក៏បាន​សម្ដែង​នូវ​ការ​អរគុណ​ ចំពោះ​សន្តាន​ចិត្ត​របស់​រដ្ឋាភិបាល​ប្រទេស​អូស្ត្រាលី​ ហើយ​ស្វាគមន៍​ និង​រីករាយ​ធ្វើ​កិច្ចសហការ​នូវ​រាល់​កម្មវិធី​ និង​គម្រោ​ងផ្សេង​ៗ ដែល​បង្កើត​ឡើង​ដោយ​ថ្នាក់ដឹកនាំ​ប្រទេស​ទាំង២ឱ្យ​បាន​ល្អ​ប្រសើរ​។

ប្រទេស​ទេស​អូស្ត្រាលី​ និង​កម្ពុជា​មាន​ទំនាក់ទំនង​ ៦៥ឆ្នាំ​ លើ​កិច្ច​សហប្រតិបត្តិ​ការ​ជួយ​អភិវឌ្ឍ​ ផ្នែក​សន្តិសុខ​ក្នុង​តំបន់​ វិស័យ​ការពារ​ជាតិ​ វិស័យ​ពាណិជ្ជកម្ម​ ផ្នែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ហេដ្ឋារចនាសម្ព័ន្ធ​ ដោះ​មីន​ ដែល​កម្មវិធី​ទាំងនេះ​មាន​ក្នុង​ខេត្ត​ព្រះសីហនុ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here