ដោយ យិន លាងគង់ ស្ថាបនិក និងជាអគ្គនាយក Propertyarea.asia
ភ្នំពេញៈ ជាថ្មីម្តងទៀត កម្ពុជាត្រូវបានគេយកមកត្រេសលេង នៅលើទំព័រសារព័ត៌មានអាមេរិក និងសារព័ត៌មានរបស់ប្រទេសជិតខាងកម្ពុជា ដែលវាជារឿងគួរឲ្យអៀនខ្មាស់មួយ សំរាប់មនុស្សដែលប្រើប្រាស់វិចារណញ្ញាណជាស្នូល។
ការលេចត្រដែតរបស់កម្ពុជាលើឆាកអន្តរជាតិ និងការរីកចម្រើនសេដ្ឋកិច្ច ដែលធ្វើឲ្យប្រជាជាតិនេះលេចស្នាមញញឹមជាថ្មី បន្ទាប់ពីឆ្លងកាត់វិនាសកម្មដ៏ខ្មៅងងឹត បានធ្វើឲ្យប្រទេសនៅក្នុងសហគមន៍រួមនេះ មួយចំនួនមិនសប្បាយចិត្តនោះឡើយ ពួកគេបាននិងកំពុងប្រើប្រាស់គ្រប់វិធី ដើម្បីបំបែកកម្ពុជា និងជាន់ពន្លិចកម្ពុជាជាថ្មី តាមរយៈការប្រឌិតព័ត៌មានថា “កម្ពុជាបានអនុញ្ញាតឲ្យចិន ដាក់មូលដ្ឋានទ័ពនៅខេត្តព្រះសីហនុ និងនៅខេត្តកោះកុង”។
កាសែត Bangkok Post, Asia Time, Reuters, The Wall Street Journal The Diplomate, និងកាសែតវៀតណាមមួយចំនួន បាននិងកំពុងបំពុលពិភពលោក តាមរយៈសំណេររបស់អ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ និងក្រមសីលធម៌ ដើម្បីប៉ុនប៉ងកំទេចកម្ពុជាក្នុងរូបភាព “សង្គ្រាមត្រជាក់”ថ្មី ដើម្បីបំផ្លាញកម្ពុជាស្ទើរគ្រប់រូបភាព។
ប្រព័ន្ឋគំនិត
“ការពិត ការពិត”ការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន និងការប្រកាន់យកក្រមសីលធម៌របស់ស្ថាប័នព័ត៌មាននានា គួរតែជាស្នូលសំរាប់វិស័យសារព័ត៌មានៅលើពិភពលោក ប៉ុន្តែផលប្រយោជន៍ខាងនយោបាយ និងទំនាក់ទំនងអន្តរជាតិ និងផលប្រយោជន៍សេដ្ឋកិច្ច បានធ្វើឲ្យស្ថាប័នសារព័ត៌មានមួយចំនួនបានក្លាយជា “បណ្តុំនូវគំនិតអសោចមួយ”។
មនុស្សមានប្រព័ន្ឋនៃការគិតខុសៗគ្នា មានសិទ្ឋក្នុងការគិតខុសៗគ្នា ប៉ុន្តែមនុស្សមានជាសត្វមានវិចារណៈញ្ញាណ “ដែលជាស្នូលនៃសតិសប្បជ្ជញ្ញៈ” សំរាប់ឲ្យមនុស្សចេះបែងចែកការទទួលខុស និងត្រូវ ហើយឈរលើក្រមសីលធម៌។
ផ្ទុយទៅវិញ បើមនុស្សមានតែបញ្ញា ប៉ុន្តែគ្មានក្រមសីលធម៌” ពួកគេមាននឹងក្លាយជាសត្វដ៏សាហាវនិងគួរឲ្យខ្លាចបំផុត។
ឈរនៅលើជ្រុងនៃសារព៌តមាន អ្នកសារព័ត៌មានមានគោលការណ៍រួមមួយ គឺត្រូវសរសេរការពិត ឥតលំអៀង មានតុល្យភាព និងប្រកាន់យកនូវក្រមសីលធម៌វិជ្ជាជីវៈ ប៉ុន្តែអ្នកសារព័ត៌មានមួយចំនួន ដែលធ្វើការនៅស្ថាប័នខាងលើ ហើយឈរក្រោមឥទ្ឋិពលនៃប្រទេសណាមួយ ឈរលើផលប្រយោជន៍អ្វីមួយ ពួកគេបានប្រែក្លាយសំណេររបស់ពួកគេ ទៅជាស្នាដៃធ្វើឡើងក្នុងចេតនាដ៏អាក្រក់មួយ ។
ក្រោយវាំងននខ្មៅ
នៅក្នុងទិដ្ឋភាពកាទូត និងទំនាក់ទំនងអន្តរជាតិ មេដឹកនាំសហគមន៍សេដ្ឋកិច្ចអាស៊ាន តែងតែញញឹមដាក់គ្នា ចាប់ដៃគ្នា ប៉ុន្តែជើងរបស់ពួកគេអាចធាក់គ្នា ចិត្តរបស់ពួកគេមិនវេញត្របាញ់ជាធ្លុងមួយនោះទេ ពិសេសបណ្តាប្រទេសជិតខាងកម្ពុជា ដែលនៅតែចិញ្ចឹមចិត្តបំផ្លាញ ឈ្លានពានកម្ពុជានៅលើគ្រប់ទិដ្ឋភាព ទាំងទិដ្ឋភាពសេដ្ឋកិច្ច នយោបាយ កាទូត និងការឈ្លានពានបូរណៈភាពដែនដី។
មេដឹកនាំកម្ពុជាបានចងចាំរឿងនេះគ្រប់ជំនាន់ និងបានរិះរកគ្រប់មធ្យោបាយ ដើម្បីគេចចេញពីសំពាធ និងមហិច្ឆតាដ៏អាក្រក់ជួរជាតិរបស់ពួកគេ តាមរយៈការបង្រួបបង្រួមជាតិ ពង្រឹងអំណាចសេដ្ឋកិច្ច ដើម្បីអាចការពារខឿនសេដ្ឋកិច្ច និងប្រជាជាតិរបស់ខ្លួនបាន។
ការពង្រីកបណ្តាញទៅខាងក្រៅ តាមរយៈការចូលសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ការចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក ការចូលជាសមាជិករបស់អង្គការអន្តរជាតិនានានៅលើសាកលលោក ជាផ្នែកដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ ប៉ុន្តែចេតនាបំផ្លាញកម្ពុជាឥតឈប់ឈរពីបណ្តាប្រទេសជិតខាងមួយចំនួន បានធ្វើឲ្យកម្ពុជាក្លាយជាទីលានមួយនៃការសាកល្បងមនោគមវិជ្ជានយោបាយ និងពេលខ្លះក្លាយជាប្រទេសស្ថិតនៅកណ្តាល “សៃវៀន” សង្គ្រាមត្រជាក់ ដែលត្រូវគេយកមកត្រេសលេងយ៉ាងគួរឲ្យអាណិតអាសូរ។
រស់ក្នុងសហគមន៍រួមមួយ (អាស៊ាន) មេដឹកនាំប្រជាជាតិទាំង១០នេះ គួរប្រកាន់យកឥរិយាបទមួយ ក្នុងនាមជាសហភាតរៈ និងគួរស្វែងរកវិបុលភាពរួមគ្នា ដើម្បីឲ្យប្រជាជាតិនិមួយៗរស់បានដោយសុខសាន្ត តាមសមត្ថភាព និងធនធានរបស់ពួកគេ។
ភូមិសាស្ត្រនយោបាយ
កម្ពុជាបានស្ថិតនៅជាភូមិសាស្រ្តអំណោយផល និងជាទីតាំងយុទ្ឋសាស្ត្រមួយនៃការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ ដោយសារប្រទេសនេះ មានទីតាំងស្ថិតនៅចំចំណុចកណ្តាលនៃអាស៊ាន។
ជាមួយនឹងការដាក់ចេញ នូវគោលនយោបាយផ្ទៃក្នុងបានយ៉ាងប្រសើរ និងប៉ិនប្រសព្វរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ការពង្រីកនិងសមាហរណកម្មខ្លួនឯងទៅកាន់ពិភពលោក បានធ្វើឲ្យកម្ពុជាជាកន្លែងមួយ ដែលទាក់ទាញការវិនិយោគច្រើនបំផុតពីអាស៊ាន និងជាពិសេសពីប្រទេសចិន។
នៅពេលសហរដ្ឋអាមេរិកចាប់ដៃជាមួយវៀតណាម ដើម្បីទប់ឥទ្ឋិពលចិន និងចាប់ដៃជាមួយថៃ ដើម្បីពង្រីកការហ៊ុំព័ទ្ឋមនោគមវិជ្ជាប្រឆាំងចិន កម្ពុជាត្រូវបានគេមើលឃើញថា ជាសម្ព័ន្ឋមិត្តរបស់ចិន ដែលចិនត្រូវការពង្រីកឥទ្ឋិពលក្នុងតំបន់នេះ តាមរយៈការពង្រីកឥទ្ឋិពលសេដ្ឋកិច្ចជាមួយតំបន់នេះ តាមរយៈគោលនយោបាយខ្សែក្រវ៉ាត់១ ផ្លួវ១របស់ចិន បានធ្វើឲ្យកម្ពុជាទទួលបានផលប្រយោជន៍ច្រើនជាងគេ ក្នុងចំណោមប្រទេស ដែលបានទទួលលំហូរទុនវិនិយោគច្រើនជាងគេ ក្នុងតំបន់អាស៊ាន ដែលរួមមានកម្ពុជា ហ្វីលីពីន និងឥណ្ឌូនេស៊ី។
ផលប្រយោជន៍សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយនេះហើយ ដែលធ្វើឲ្យបណ្តាញសារព័ត៌មានក្នុងតំបន់ ពិសេសនៅសហរដ្ឋអាមេរិក បានប្រឌិតព័ត៌មានក្លែងក្លាយប្រឆាំងនឹងកម្ពុជា ដោយបំភ្លៃព័ត៌មានថា “រដ្ឋាភិបាលកម្ពុជាបានលួចចុះហត្ថលេខាសម្ងាត់ ដើម្បីឲ្យចិនដាក់មូលដ្ឋានទ័ពនៅតំបន់រាមក្នុងខេត្តព្រះសីហនុ និងនៅតំបន់តារាសាគរ ស្ថិតក្នុងតំបន់ប្រជុំកោះស្តេចក្នុងខេត្តកោះកុង។
ការប្រជែងឥទ្ឋិពលរវាងចិន និងអាមេរិកក្នុងតំបន់អាស៊ាន ក៏ដូចជានៅតំបន់នៃជ្រោយភូមិសាស្រ្តនានានៅលើពិភពលោក ទំនងជាមូលហេតុសមហេតុផលជាងគេ ដែលអាមេរិក និងប្រទេសក្នុងតំបន់រៀបចំផែនការ ដើម្បីប្រើប្រាស់បណ្តាញ
ព័ត៌មានកខ្វក់ប្រឆាំងនឹងកម្ពុជា ដែលជារឿងគួរឲ្យអៀនខ្មាស់មួយ និងជារឿងគួរឲ្យអស់សំណើចមួយក្នុងក្របខ័ណ្ឌដែលប្រាសចាកក្រមសីលធម៌ និងសតិសប្បជ្ជញ្ញៈ៕