ដោយ វុត្ថា
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានសម្រេចបិទចរាចរណ៍ទាំងស្រុង លើផ្លូវខ្នងភ្នំគូលែនទាំងស្រុង ដើម្បីធ្វើការជួសជុលឡើងវិញ ក្នុងគោលដៅបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា ចេញផ្សាយនៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩នេះបានឱ្យដឹងថា តាមរយៈការប្រជុំពិភាក្សា និងការចុះពិនិត្យជាក់ស្តែងស្តីពី បញ្ហាប្រឈមគ្រោះថ្នាក់នៃការធ្វើចរាចរណ៍ លើផ្លូវកំពុងស្ថាបនាលើខ្នងភ្នំគូលែន ក្រុមការងារបច្ចេកទេសចម្រុះ ដែលមានសមភាពមកពីសាលាខេត្តសៀមរាប មន្ទីរពាក់ព័ន្ធ និងក្រុមហ៊ុនទ្រីភាព បានសង្កេតឃើញថាមានផ្នែកមួយចំនួននៃផ្លូវមិនទាន់មានសុវត្ថិភាពក្នុងការធ្វើចរាចរណនៅឡើយទេ។
-->
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា ទីតាំងមួយចំនួននៅមានក្រាលក្រួសដែលអាចបណ្តាលឱ្យរថយន្តក្នុងស្ថានភាពចុះចំណោតងាយរអិល ចំណុចបត់កោងមួយចំនួនទៀតមានសភាពតូច និងមិនទាន់បានធ្វើជម្រាលសុវត្ថិភាព នៅឡើយជាដើម ។ល។
ក្នុងន័យនេះ ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ ដែលអាចកើតឡើងជយថាហេតុ ក្រុមការងារសម្រេចបិតផ្លូវនេះ ទាំងស្រុងចាប់ពីចំណុចផ្លូវឡើងពីស្រុកស្វាយលើ រហូតដល់ភូមិតាពេញ គិតចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ តទៅរហូតដល់ផ្លូវនេះស្ថាបនារួចរាល់ជាស្ថាពរ លើកលែតរែប្រជាជនដែលរស់នៅលើខ្នងភ្នំពេញគូលែន ដែលមានលិខិតឆ្លងកាត់ផ្លូវបញ្ជាក់ពីអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះ។
យោងតាមក្រុមការងារជំនាញបច្ចេកទេសជប៉ុន JICA និងកម្ពុជាដែលបានចុះពិនិត្យបច្ចេកទេសកាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៩ ម្សិលមិញនេះ បានលើកឡើងថា ការសាងសង់ផ្លូវនេះ ដើម្បីជៀសវាងគ្រោះ ចរាចរណ៍ដោយយថាហេតុ ក្រុមការងារបានស្នើអោយក្រុមហ៊ុនម៉ៅការសាងសង់ផ្លូវនេះ ត្រូវគោរពគោលការណ៍មួយចំនួន ទី១ ត្រូវដាក់ស្លាកសញ្ញាចរាចរណ៍សំគាល់នៅត្រង់ចំណុះដូចជា កន្លែងប្រាប់ទិស បត់កែង ចំណោតខ្លាំងជាដើម។ ទី ២.ទីតាំងចុះ ឡើងត្រូវដាក់កុងត្រូល និងមានអ្នកយាមផ្លូវ ជាប្រចាំ ។ ទី៣ ក្រុមហ៊ុន ត្រូវដាក់ប្លង់បង្ហាញជាស្តង់ដារ នៃការសាងសង់។
ទី៤ នៅពេលចាក់បេតុង ក្រុមហ៊ុនត្រូវផ្តល់ព័ត៌មានដល់មន្រ្តីជំនាញនៃមន្ទីរសាធារណ:ការ និងដឹកជញ្ជូនខេត្ត ដើម្បីចុះត្រួតពិនិត្យលើបច្ចេកទេស និងទី៥ ចំពោះអាជ្ញាធរត្រូវដាក់កំលាំង ប្រចាំនៅចំណុចឡើងចុះ និងបិទបណ្តោះអាសន្នមិនអោយរថយន្តគ្រប់ប្រភេទ ធ្វើចរាចរណ៍ឡើយ។ លើកលេងតែម៉ូតូ រហូតដល់ផ្លូវត្រូវបានសាងសង់រួចរាល់ ទើបអនុញ្ញាត្តអោយរថយន្តធ្វើចរាចរណ៍បាន៕
