ទីផ្សារ​លំនៅ​ដ្ឋាន​ប្រណីត​មានតម្លៃ​ថ្លៃ​ ហាក់​ស្ថិត​ក្នុង​សភាព​ទ្រឹង

0

ដោយ​ ៖ រ៉ា​ណេត​

ភ្នំពេញ​ ៖ វិស័យ​លំនៅ​ដ្ឋាន​នៅពេល​បច្ចុប្បន្ន​នេះ​ ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុងតែ​មានសន្ទុះ​ក្នុង​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ មិនថា​តែ​នៅក្នុង​តំបន់​ក្រុង​ និង​តំបន់​ជាយក្រុង​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​អ្នកជំនាញ​ក្នុង​វិស័យ​នេះ​មើលឃើញ​ និង​មាន​ក្ដី​បារម្ភ​នោះ​ គឺ​សំណង់​លំនៅ​ដ្ឋាន​បែប​ប្រណីត​កម្រិតខ្ពស់​ ដែល​ហាក់​មាន​សភាព​ទ្រឹង​ ខណៈ​ដែល​អតិថិជន​មានការ​ពិចារណា​ច្រើន​មុន​ពេល​សម្រេចចិត្ត​ទិញ​។

ផ្អែក​តាម​របាយការណ៍​ដែល​បាន​ឡើង​ដោយ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ កាលពី​ពេល​កន្លងទៅ​នេះ​បាន​បង្ហាញថា​ សម្រាប់​រយៈពេល៦ខែ​ដើមឆ្នាំ​ ២០១៩​ កន្លងទៅ​នេះ​ វិស័យ​សំណង់​នៅ​កម្ពុជា​មានការ​កើនឡើង​រហូតដល់​ ២០៤៧​ គម្រោង​ ដែល​ក្នុង​នោះ​ បណ្តុំ​សាងសង់​សំណង់​បែប​បុរី​ និង​លំនៅ​ដ្ឋាន​បែប​ផ្ទះល្វែង​មាន​ចំនួន​ ២៥៨​ ទីតាំងនៅ​ទូទាំង​ប្រទេស​កម្ពុជា​។

ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​អន្តរជាតិ​ KW​ Cambodia​ លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​មានប្រសាសន៍​ប្រាប់​តាមរយៈ​ទូរស័ព្ទ​ថា​ ការ​កើនឡើង​នូវ​ចំនួន​គម្រោង​សាងសង់​សំណង់​អគារ​ខាងលើ​នេះ​ ក៏​ព្រោះតែ​ការ​បរិយាកាស​នៃ​ការ​អភិវឌ្ឍ​វិ​ស័ង​សំណង់​នៅ​កម្ពុជា​កំពុង​បន្ត​ភាពល្អ​ប្រសើរ​ និង​បន្ត​ទៅ​ថ្ងៃ​អនាគត​។

លោក​បាន​បន្ត​ទៀត​ថា​ “ខ្ញុំ​អបអរសាទរ​នូវ​កំណើន​នៃ​ចំនួន​សំណង់​ទាំងអស់​ខាងលើ​នេះ​ ជាពិសេស​កំណើន​នៃ​សំណង់​លំនៅ​ដ្ឋាន​តែម្ដង​ដែល​វា​ជា​ការ​រួមចំណែក​ក្នុង​ការ​ផ្គត់ផ្គង់​ទីផ្សារ​ដែល​កំពុង​មាន​នា​ពេល​បច្ចុប្បន្ន​នេះ​”។

លោក​បាន​បន្ត​ទៀត​ថា​ “ការ​កើនឡើង​ និង​សកម្មភាព​សាងសង់​សំណង់​លំនៅ​ដ្ឋាន​ទាំងអស់​នេះ​វា​បាន​បង្ហាញ​ពី​ភាព​វិជ្ជមាន​ ប៉ុន្តែ​ក្នុង​នោះ​យើង​ក៏​បារម្ភ​ផង​ដែរ​ ពាក់ព័ន្ធ​ទៅ​នឹង​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​មួយចំនួន​ដែល​មានតម្លៃ​ថ្លៃ​ចាប់ពី​ជាង១០ម៉ឺន​ដុល្លារ​ឡើង​ទៅ​”។ លោក​ថា​ “អ្នកណា​ក៏​ចង់​រស់នៅ​ក្នុង​ក្រុង​ដែរ​ ប៉ុន្តែ​បើ​តម្លៃ​ផ្ទះ​ថ្លៃ​លើស​ពី​លទ្ធភាព​ក៏​វា​មិន​អាច​ធ្វើ​ទៅរួច​នោះ​ដែរ​”។

លោក​បណ្ឌិត​ គីម​ ហ៊ាង បាន​លើកឡើង​ថា​ អ្នក​វិនិយោគ​ អ្នក​អភិវឌ្ឍ​គួរតែ​មានការ​កាត់​ចំណែក​ទីផ្សារ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ពេល​សាងសង់​ ថា​អតិថិជន​ប្រភេទ​ណាមួយ​ដែល​ជាទី​ផ្សារ​គោលដៅ​។ គេ​សង់ផ្ទះ​ដើម្បី​លក់​ឱ្យ​មនុស្ស​ដែល​ចង់​ទិញ​ ហើយ​មាន​លុយ​ទិញ​។

លោក​បាន​លើកឡើង​ពី​ប្រភេទ​អតិថិជន​ថា​ ​អតិថិជន​មាន៤ប្រភេទ​ ទីមួយ​អ្នក​ដែល​មាន​លុយ​គ្រប់គ្រាន់​តែ​មិន​ចង់​ទិញ​ (គេ​មាន​លំនៅ​ដ្ឋាន​រួចហើយ​)។ ទី២​ អតិថិជន​ដែល​ចង់​ទិញ​ ប៉ុន្តែ​អត់មាន​លុយ​។ ទី៣​ អតិថិជន​ដែល​មាន​លុយ​ ហើយ​ចង់​ទិញ​ ហើយ​ទី៤​ គឺ​អតិថិជន​ដែល​មិន​ចង់​ទិញ​ ហើយក៏​គ្មាន​លុយ​ដែរ​។

លោក​បណ្ឌិត​ គីម​ ហ៊ា​ង បាន​លើកឡើង​ថា​ ជាទូទៅ​លំនៅ​ដ្ឋាន​ដែល​ត្រូវ​បាន​ទីផ្សារ​ទទួលយក​ គឺជា​ប្រភេទ​លំនៅ​ដ្ឋាន​កម្រិតមធ្យម​ និង​ក្រោម​មធ្យម​ ដែល​ស័ក្ដិសម​ទៅ​នឹង​កម្រិតជីវភាព​ និង​លទ្ធភាព​រស់​ប្រជាពលរដ្ឋ​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​។

លោក​បាន​បញ្ជាក់​ទៀត​ថា​ “លំនៅ​ដ្ឋាន​ដែល​ស្ថិត​តាម​តំបន់​ជាយក្រុង​ គឺ​ទទួល​បាន​លទ្ធផល​ច្រើន​ ដោយសារតែ​តម្លៃ​ទាប​ ហើយ​អតិថិជន​ដែល​មាន​ចំណូល​មធ្យម​ចាប់ពី​ ៥០០​-៨០០​ ក្នុង​មួយ​ខែ​អាច​មានលទ្ធភាព​ទិញ​ដោយ​បង់​រំលស់​ ខណៈ​ដែល​តម្លៃ​ផ្ទះ​អាច​ស្ថិត​ក្នុង​ចន្លោះ​ចាប់ពី​ជាង​ ៣-៥ ម៉ឺន​ដុល្លារ​”។

លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ភាគច្រើន​ដែល​កំពុងតែ​មាន​សកម្មភាព​សាងសង់​យ៉ាងសកម្ម​នៅក្នុង​តំបន់​ក្រុង​រួមមាន​ដូចជា​ បុរី​ ប៉េង​ហួត​, បុរី​ ជីព​ម៉ុង​ , បុរី​ ពិភព​ថ្មី​, និង​បុរី​មួយចំនួន​ទៀត​ ដោយ​ស្ទើរតែ​គ្រប់​ប្រភេទ​លំនៅ​ដ្ឋាន​នៅក្នុង​គម្រោង​សុទ្ធតែ​ត្រូវ​បាន​សាងសង់​ និង​រចនា​ឡើង​តាម​បែប​ទាន់សម័យ​បែប​ទំនើប​ និង​ដាក់​លក់​នៅ​លើ​ទីផ្សារ​ក្នុង​តម្លៃ​មួយ​ខ្ពស់​។

លោក​ ឈាង​ រ័ត្ន​ នាយក​គ្រប់គ្រង់​ផ្នែក​ទីផ្សារ​ និង​ការ​លក់​គម្រោង​លំនៅ​ដ្ឋាន​ស្ដ​ងដារ​ ហេង​ ហួត​ ដែល​មាន​ទីតាំង​ស្ថិតនៅ​ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​ទទួលស្គាល់​ទៅ​នឹង​ការ​លើកឡើង​ខាងលើ​នេះ​ ដោយ​លោក​បាន​បញ្ជាក់​ផង​ដែរ​ថា​ ការ​ផ្គត់ផ្គង់​ទៅ​នឹង​តម្រូវការ​លំនៅ​ដ្ឋាន​ស្នាក់​នា​ពេល​បច្ចុប្បន្ន​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​នោះ​ទេ​។

លោក​បាន​បន្ត​ទៀត​ថា​ “តម្រូវការ​លំនៅ​ដ្ឋាន​នៅ​មាន​ច្រើន​ទៀត​ ប៉ុន្តែ​ឧបសគ្គ​គឺ​កម្រិតជីវភាព​ និង​លទ្ធភាព​របស់​អតិថិជន​”។ លោក​បាន​បន្ត​ទៀត​ថា​ “បច្ចុប្បន្ន​នេះ​ បើ​ទោះបីជា​លំនៅ​ដ្ឋាន​មានតម្លៃ​ត្រឹមតែ​ជាង​ ៥ ម៉ឺន​ដុល្លារ​ ក៏​ពិបាក​នឹង​រក​អតិថិជន​ដែរ​ រហូត​អ្នក​អភិវឌ្ឍ​បង្កើត​កម្មវិធី​ជាច្រើន​ ដើម្បី​ជួយ​ជា​សម្រើ​សស​ម្រា​លដល់​ការទិញ​របស់​អតិថិជន​ ដូចជា​ការទិញ​ដោយ​បង់​រំលស់​ជាដើម​”។

លោក​បាន​បញ្ជាក់​ថា​ “តម្លៃ​លំនៅ​ដ្ឋាន​ត្រឹម​ជាង៥ម៉ឺន​ ស្ថិតនៅ​ក្នុង​ក្រុង​ គឺ​មិន​អាច​មាន​នោះ​ទេ​ ហើយ​នៅ​ថ្ងៃខាងមុខ​នេះ​ តម្លៃ​ខាងលើ​នេះ​ក៏​ស្ទើរតែ​លែង​មាន​ទៀត​ដែរ​នៅ​តំបន់​ជាយក្រុង​ ព្រោះ​តម្រូវការ​នៃ​ការពង្រីក​វិសាលភាព​តំបន់​ក្រុង​នៅតែ​មាន​ ដែល​ជម្រុ​ញឱ្យ​តម្លៃ​ឡើងថ្លៃ​” ។

លោក​ឧកញ៉ា​ លី​ ហួរ​ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍ​លំនៅ​ដ្ឋាន​កម្ពុជា​ បាន​មានប្រសាសន៍​កាលពី​ពេល​កន្លងទៅ​នេះ​ថា​ ការសាងសង់​លំនៅ​ដ្ឋាន​តម្លៃ​ខ្ពស់​ ឬទាប​ ក៏ដូចជា​ការ​លក់​ចេញ​ទទួល​បាន​ជោគជ័យ​ ឬបរាជ័យ​ គឺ​វា​អាស្រ័យ​ទៅលើ​ទីតាំង​។

ប្រសិនបើ​ការសាងសង់​លំនៅ​ដ្ឋាន​កម្រិតខ្ពស់​ដែល​មានតម្លៃ​ថ្លៃ​ស្ថិតនៅ​តំបន់​ទីប្រជុំជន​ ប្រមូល​ផ្តុំ​ទៅ​ដោយ​ពាណិជ្ជកម្ម​ចម្រុះ​ នោះ​ការ​លក់​មិនជា​បញ្ហា​ចោទ​នោះ​ទេ​ ហើយ​អ្នក​អភិវឌ្ឍ​ក្នុង​ទ្រង់ទ្រាយ​បែបនេះ​ក៏​មិនទៅ​ធ្វើ​នៅ​តំបន់​ឆ្ងាយ​ពី​ក្រុង​នោះ​ដែរ​។

ទោះជាយ៉ាងណា​ លោក​ឧកញ៉ា​បាន​ទទួលស្គាល់​ថា​ ទីផ្សារ​លំនៅ​ដ្ឋាន​បែប​ប្រណីត​ និង​មានតម្លៃ​ថ្លៃ​ពិតជា​មាន​ឧបសគ្គ​ក្នុង​ការ​ទទួល​បាន​ទីផ្សារ​ដោយសារតែ​ក្រុម​មនុស្ស​ដែល​មាន​លុយ​ច្រើន​នៅ​មាន​ចំនួន​កំណត់​នៅឡើយ​ ខណៈ​ដែល​ក្រុម​មនុស្ស​ដែល​មាន​ចំណូល​តិច​ និង​មធ្យម​ ដែល​កំពុង​មាន​តម្រូវការ​ស្នាក់នៅ​មាន​ចំនួន​ច្រើន​៕

LEAVE A REPLY

Please enter your comment!
Please enter your name here