ដោយៈ រ៉ាណេត
ព្រៃវែងៈ សកម្មភាពអភិវឌ្ឍវិស័យសំណង់់ និងអចលនទ្រព្យនៅក្នុងទីរួមខេត្តព្រៃវែងហាក់នៅតែស្ងប់ស្ងាត់ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះ សកម្មភាពនៃការទិញ-លក់ ក្នុងវិស័យអចលនទ្រព្យហាក់មានសភាពកំរើកបន្តិច បើប្រៀបធៀបទៅនឹងឆ្នាំកន្លងទៅ។

-->
ជាខេត្តមួយដែលមានព្រំប្រទល់ជាប់នឹងខេត្តកណ្តាល ខេត្តស្វាយរៀង និងខេត្តកំពង់ចាម ដែលសុទ្ធតែជាខេត្តដែលមានសក្ដានុពល និងមានសកម្មភាពលើមុខជំនួញពាណិជ្ជកម្មនោះ ខេត្តព្រៃវែងហាក់មានភាពស្ងប់ស្ងាត់បន្តិច បើប្រៀបធៀបជាមួយនឹងបណ្តាខេត្តខាងលើ។ ប៉ុន្តែមួយរយៈចុងក្រោយនេះ ស្ថានភាពនៃវិស័យអចលនទ្រព្យនៅក្នុងខេត្តមួយនេះ ហាក់មានភាពកំរើកបន្ដិច ខណៈដែលអជ្ញាធរបានព្យាយាមបង្កើនការអភិវឌ្ឍ និងមានក្រុមហ៊ុនឯកជនធំចូលទៅកាន់ខេត្តមួយនេះ។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រីតាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះថា ព្រៃវែងពេលនេះ មិនដូចកាលពីប៉ុន្មានឆ្នាំមុននោះទេ ហើយសកម្មភាពនៃការអភិវឌ្ឍនៅក្នុងតំបន់ទីរួមខេត្តក៏ចាប់ផ្តើមមានជាបណ្តើរៗហើយ។ លោកស្រីបន្តថា សម្រាប់សក្ដានុពលនៃខេត្តព្រៃវែង ហាក់មានសភាពទាបជាងបណ្តាខេត្តមួយចំនួនដែលស្ថិតនៅជុំវិញ។
លោកស្រីបន្តទៀតថា “ប៉ុន្តែបើមើលពីសភាពជាក់ស្ដែងនាពេលបច្ចុប្បន្ននេះ នៅក្នុងទីរួមខេត្ត ឃើញមានសកម្មភាពអភិវឌ្ឍដោយអន្លើៗដែរ ទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងសំណង់អគារមួយចំនួនផងដែរ”។ លោកស្រីបានបន្តទៀតថា “នៅតាមផ្លូវធំៗមួយចំនួនឃើញមានសកម្មភាពពិះដីឡូតិ៍លក់ច្រើន ហើយតំបន់ខ្លះក៏មានការសាងសង់សំណង់លំនៅដ្ឋានលក់ជាបណ្តើរៗដែរ។
លោកស្រីបានបញ្ជាក់ថា ទោះជាយ៉ាងណាវិស័យដីធ្លីនៅក្នុងខេត្តមួយនេះ នៅមានឱកាសច្រើន សម្រាប់អ្នកដែលចង់វិនិយោគក្នុងរយៈពេលវែង ខណៈដែលតម្លៃដីធ្លីនៅក្នុងខេត្តមួយនេះនៅមានកម្រិតទាបនោះឡើយ។
នាយកក្រុមហ៊ុន អចលនទ្រព្យព្រៃវែង លោកជា វិច្ចិត្រា បានមានប្រសាសន៍ថា ថ្វីត្បិតខេត្តព្រៃវែង ហាក់មានសភាពស្ងប់ស្ងាត់ជាងបណ្តាខេត្តនានា ដែលស្ថិតនៅជាប់គ្នាពិតមែន ប៉ុន្តែចំពោះវិស័យអចលនទ្រព្យនៃការទិញ-លក់ គឺនៅតែមាន។ លោកបន្តទៀតថា បើនិយាយពីការវិនិយោគ និងអភិវឌ្ឍរបស់ក្រុមហ៊ុនធំៗ វានៅមិនទាន់មាននោះទេ ប៉ុន្តែមានអ្នកជំនួញក្នុងតំបន់មួយចំនួន នៅតែបន្តសកម្មភាពទិញ លក់ដើម្បីយកចំណេញ”។
លោកបានបញ្ជាក់ថា “ជាទូទៅការទិញ លក់ដីធ្លីនៅក្នុងខេត្តព្រៃវែង មិនត្រូវបានគេគណនាជាម៉ែត្រការ៉េនោះទេ ពោលគឺគេគិតជាម៉ែត្រដើរ”។ លោកបានបន្តទៀតថា “សម្រាប់ដីដែលស្ថិតនៅទីប្រជុំជននៃទីរួមខេត្ត អាចតម្លៃក្នុងចន្លោះចាប់ពី១៥០០០-២០០០០ដុល្លារក្នុងមួយម៉ែត្រដើរ ប៉ន្តែបើដីដែលស្ដិតនៅជាយទីរួមខេត្ត អាចស្ថិតនៅក្នុងចន្លោះចាប់ពី១៥០០-៣០០០ដុល្លារក្នុងមួយម៉ែត្រ ដែលវាអាស្រ័យទៅតាមទំហំ និងស្ថានភាពដី”។
ជាមួយគ្នានេះលោកបានបង្ហាញពីជំនឿថា ចាប់ពីពេលនេះទៅថ្ងៃខាងមុខ តម្លៃដីនៅក្នុងខេត្តព្រៃវែង នឹងចាប់ផ្តើមកើន ឡើង ដោយសារតែសកម្មភាពនៃការអភិវឌ្ឍរបស់អជ្ញាធរចាប់ផ្តើមមាន ហើយវត្តមានរបស់ក្រុមហ៊ុន និងធនាគារធំៗមួយចំនួនក៏ចាប់ផ្តើមលេចរូបរាងផងដែរ៕