ដោយ វុត្ថា
ភ្នំពេញៈ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានឱ្យដឹងថា និន្នាការនៃការទិញអចលនទ្រព្យទុកមានទាំងលំនៅឋាន និងដីធ្លី នាពេលបច្ចុប្បន្ននេះរបស់ប្រជាពលរដ្ឋខ្មែរដែលមានធនធានសម្រាក់លក់បន្តនៅតែមានឳកាសចំណេញ និងជួយធ្វើឱ្យវិស័យមួយនេះ កាន់តែរមានសន្ទុះរីកចំរើនបន្ថែមទៀត។

-->
ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានឱ្យដឹងតាមទូរស័ព្ទនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ២០១៩នេះថា សម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងតែមានភាពរឹងមាំ និងបន្តមានភាពរឹងបន្ថែមទៀត។ ដូច្នេះដែលថានិន្នាការ និងសកម្មភាពនៃការទិញអចលនទ្រព្យមានទាំងទាំងដីធ្លី និងលំនៅឋានទុកសម្រាប់វិនិយោគបន្ត គឺពុំមានផលប៉ះពាល់ដលវិស័យអចលនទ្រព្យនោះទេ ប៉ុន្តែវានឹងធ្វើឱ្យវិស័យមួយនេះកាន់តែមានភាពល្អប្រសើរឡើងថែមទៀត។
លោកបន្តថា “កាលណាអត់មានការទិញទុកលក់ឬវិនិយោគបន្តទេ វានឹងធ្វើឱ្យចរន្តទីផ្សារហ្នឹងវាអត់ដំណើរការ។ ចឹងមានអ្នកទិញទុកខ្លះ មានទិញប្រើប្រាស់ខ្លះ ចឹងទៅ វានឹងបង្កើននូឪកាសសម្រាប់ធ្វើអាជីវកម្មផ្សេងៗ”។ លោកបន្តថា “ម្យ៉ាងដោយមានការគាំទ្រហិរញ្ញវត្ថុពីធនាគារផ្សេងៗ ក៏ជាកត្តាជំរុញឱ្យវិស័យមួយនេះកាន់តែរីកចំរើនបន្ថែមទៀតផងដែរ”។
បន្ថែមពីនេះ កំណើននៃការវិនិយោគពីក្រៅប្រទេសកាន់តែច្រើន ក៏ធ្វើឱ្យវិស័យនេះ មានការរីកចម្រើន គួបផ្សំជាមួយអ្នកវិយោគក្នុងស្រុក។
លោកច្រឹក សុខនីមបានបន្ថែមទៀតថា “ការនិយោគលើវិស័យអចលនទ្រព្យ មិនត្រូវបានគេរំពឹងពីការចំណេញភ្លាមនោះទេ ពោលគឺទុកកាន់តែយូរបានផលចំណេញកាន់តែច្រើន”។
លោកវ៉ា វិរៈ នាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Fortuna Investment បានឱ្យដឹងដែរថា ជាការពិតណាស់និន្នាការរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ បានសម្រុកទិញដីធ្លី និងផ្ទះ សម្រាប់ទុកវិនិយោគបន្តយកផលចំណេញ។ តែអ្នកដែលមានផ្ទះរួចហើយ គឺពួកគាត់ទិញដីបន្តយកចំណេញភាគច្រើន។
លោកបន្ថែមថា “តម្លៃដីធ្លីឡើងថ្លៃលឿនជាងតម្លៃលំនៅឋាន ខណៈតំម្លៃលំនៅឋានមួយចំនួននៅទ្រឹង និងមានការឡើងតិចតួច តែក៏មានហានីភ័យចំពោះការទិញដីរួចហើយមិនបានយកទៅអភិវឌ្ឍន៍បន្ត និងមិនមានការបង់ពន្ធឱ្យបានត្រឹមត្រូវ ស្របពេលការអនុវត្តច្បាប់បង់ពន្ធនៅកម្ពុជានៅមានកំរិត”។
លោកបន្តថា “ការទិញដីទុកយូរដែលមិនប្រើប្រាស់ យើងត្រូវការបង់ពន្ធច្រើន ហើយមិនទទួលបានផលចំណេញច្រើននោះទេ តែបើទិញហើយយកមកអភិវឌ្ឍន៍ភ្លាម នឹងទទួលបានផលចំណេញខ្ពស់”។
ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោកឃាង ពុទ្ឋីបានមានប្រសាសន៍ឱ្យដឹងថា ស្ថានភាពអចលនទ្រព្យនាពេលបច្ចុប្បន្ននេះ ការទិញអលចនទ្រព្យសម្រាប់ ទុកវិនិយោគបន្ត គឺជាយុទ្ធសាស្ត្រល្អ ដោយអ្នកវិនិយោគត្រូវផ្អែកលើយុទ្ធសាស្ត្រនៃការវិនិយោគអចលនទ្រព្យមានពីរធំៗរួមមាន ទី១ ការទិញលក់ភ្លាមៗ និងទី២ ការទិញទុកសម្រាប់វិនិយោគបន្ត។
លោកបន្ថែមទៀតថា ស្ថានភាពអចលនទ្រព្យនៅម្ពុជាកំពុងមានតម្លៃទាប ហើយនៅពេលគេប្រើយុទ្ធសាស្ត្រ នៃការទិញអចលនទ្រព្យទុកសម្រាប់វិនិយោគនេះ មានភាពងាយស្រួល និងទទួលបាលផលចំណេញខ្ពស់។ តែយ៉ាងណាក៏ដោយ ក៏វាមានផលមិនល្អសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសជាតិផងដែរ ព្រោះការមិនលក់សម្រាប់ឱ្យគេវិនិយោគបន្ត និងទទួលបានផលតិចតួចនៅពេលខ្ចីលុយពីធនាគារ៕