ចិនដើរតួនាទីយ៉ាងដូចម្តេចក្នុងវិស័យអចលនទ្រព្យនៅក្រុងព្រះសីហនុ

0

ដោយ រ៉ាវី
ភ្នំពេញ៖ តើចិនកំពុងដើរតួនាទីយ៉ាងដូចម្តេច ក្នុងវិស័យអចលនទ្រព្យនៅ ខេត្តព្រះសីហនុ? ជាសំណួរមួយដែលមានការចង់ដឹង ចង់ឮច្រើនពីអ្នកជំនាញក្នុងវិស័យនេះ និងសម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈចិនបាននិងកំពុងវិនិយោគទឹកប្រាក់ជាង២០០០លានដុល្លារលើវិស័យមួយនេះនៅឆ្នាំ២០១៧ ។

នៅត្រឹមរយៈពេលប្រមាណជាង១ឆ្នាំចុងក្រោយនេះ ស្របពេលដែលកំនើន​នៃវិស័យទេសចរណ៍នៅកម្ពុជា មានការកើនឡើងខ្លាំង នៅតាមតំបន់កម្សាន្តនានា ជាពិសេសតំបន់ឆ្នេរនាក្រុងព្រះសីហនុតែម្ដង បានជំរុញឱ្យការវិនិយោគលើវិស័យសំណង់ កំពុងរីកលូតលាស់គួរឱកត់សម្គាល់ ដែលក្នុងនោះភាគច្រើនត្រូវបានគេមើលឃើញថា ជាការបណ្តាក់ទុកវិនិយោគពីសំណាក់ជនជាតិចិនតែម្ដង។

កាលពីឆ្នាំគិតត្រឹមដើមឆ្នាំ២០១៧នេះ ចិនវិនិយោគទឹកប្រាក់ជាង៣៥០លានដុល្លារ ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តព្រះសីហនុ ដោយបានបង្កើតរោ​ងចក្រ សហគ្រាសប្រមាណ១៣០នៅតំបន់នោះ និងបានផ្តល់ការងារដល់ប្រជា ពលរដ្ឋជាង១០ម៉ឺននាក់។

អ្នក​នាង​អាន សុធីតា នាយិកា​ប្រចាំ​ប្រទេស​នៃ​ក្រុមហ៊ុន ​CBRE Cambodia​ បាន​ថ្លែង​ថា ទីផ្សារ​ខុនដូ​នៅ​ខេត្ត​ព្រះសីហនុ ដែល​រំពឹង​ដាក់​ចូល​ទីផ្សារ​ឆ្នាំ​នេះ មាន​ប្រមាណ​800​យូនីត ខណៈ​គម្រោង​ភាគ​ច្រើន​កំពុង​សាងសង់ និង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ពី​អ្នក​វិនិយោគ​នានា​។ ​អ្នក​នាង​បន្ត​ថា ចំនួន​ខុនដូ​នៅ​ខេត្ត​ព្រះសីហនុ​នៅ​មាន​កម្រិត​នៅ​ឡើយ ខណៈ​អ្នក​វិនិយោគ​ជាច្រើន​កំពុង​តម្រង់​គោ​លដៅ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​នេះ ​ដែល​ធ្វើ​ឱ្យមាន​តម្រូវការ​លំនៅឋាន​ កើន​ឡើង​យ៉ាង​ប្រសើរ​។ ដោយឡែកសម្រាប់តម្លៃវិញ នៅ​ទីនោះ​គិត​ជា​​មធ្យម ​មាន​ចាប់ពីចន្លោះ​ 1000​ ទៅ​ 1800 ​ដុល្លារ​ក្នុង​មួយ​​ម៉ែត្រ​ការ៉េ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនVTRUST Appraisalបានរកឃើញថា បច្ចុប្បន្នខុនដូនៅខេត្តព្រះសីហនុ មានផ្ទះចំនួន៥០០០យូនីត និងមានគំរោងសរុប១៦គំរោង។

លោកឧកញ៉ា ចេង ​ខេង​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល ​នៃ​ក្រុម​ហ៊ុន​អចលនទ្រ​ព្យ​ Hutton CPL​ និងជាតំណាងផ្នែកផ្តាច់មុខរបស់ខុនដូរSea Gate Suite ក៏បានទទួលស្គាល់ផងដែរថា​ បច្ចុប្បន្នការវិនិយោគទៅលើវិស័យអចលនទ្រព្យ គឺភាគច្រើន ជាការវិនិយោគិនជនជាតិចិនពិតមែន ប៉ុន្តែក៏មានជនបរទេសផ្សេងទៀត រួមជាមួយជនជាតិខ្មែរផងដែរ។

លោកឧកញ៉ាបញ្ជាក់ទៀតថា «ជាក់ស្ដែងដូចជាគម្រោងខុនដូរ Sea Gate Suite ដែលកំពុងដំណើរការលក់នាពេលបច្ចុប្បន្ន ដែលមានកំពស់៤៣ជាន់ស្ថិត​នៅ​តាម​បណ្តោយ​ឆ្នេរ​ជ័យជំនះ ជា​តំបន់​ផ្លូវ​ប្រសព្វ និង​ជា​ទីតាំង​អាច​គយគន់​ទេសភាព​សមុទ្របានយ៉ាងប្រសើរនោះ អតិថិជនក្នុងស្រុកទិញត្រឹម១ឬ២ Units ប៉ុណ្ណោះ ប៉ុន្តែសម្រាប់វិនិយោគិនចិនវិញ ទិញរហូតដល់1ជាន់ឬ២ជាន់តែម្តង»​។

លោកឧកញ៉ាក៏បានបញ្ជាក់ពីលក្ខខណ្ខ នៃការទិញលក់ខុដូប្រណីត និងខ្ពស់ជាងគេនៅក្រុងព្រះសីហនុផងដែថា ខុនដូ Sea Gate Suite​ បាន​ចាប់​ផ្តើម​ជាមួយ​តម្លៃ​ចាប់ពី​៧ម៉ឺន​ដុល្លារ​ឡើង​ទៅ និង​តម្លៃ​ខ្ពស់​ជាង​នេះ​អាស្រ័យ​លើ​ទំហំ​បន្ទប់និង​ជាន់​នីមួយៗ​។ អ្នក​ទិញ​តម្រូវ​ឱ្យ​បង់​ប្រាក់​ត្រឹម1​ភាគរយ​សម្រាប់ឆ្នាំ​ទី​1 បង់២​ភាគរយ​សម្រាប់​ឆ្នាំ​ទី២ និង៣​ភាគរយ​សម្រាប់​ឆ្នាំ​ទី​៣។

បច្ចុប្បន្នខេត្តព្រះសីហនុមានកាស៊ីណូចំនួងជាង២០ និងមានភ្ញៀវទេសចរ ន៍ចិនកំពុងតែចាប់អារម្មណ៍ច្រើនក្នុងខេត្តនេះ ជាមួយនឹងការភ្ជាប់ការហោះហើរ​យ៉ាងសកម្មពីប្រទេសចិន ​និងគោលដៅផ្សេងៗទៀតមកកាន់ខេត្តនេះ ដែលជាផ្នែកមួយយ៉ាងសំខាន់ជំរុញឲ្យវិស័យលំនៅដ្ឋាន ពិសេសអាគារបែបសហកម្ម​សិទ្ឋ(ខុនដូ)មានការរីកចម្រើនយ៉ាងលឿន៕

LEAVE A REPLY

Please enter your comment!
Please enter your name here