ដោយៈ រ៉ាណេត
ភ្នំពេញៈ ទីផ្សារខុនដូបានចាប់់ផ្តើមប្រែប្រួល ខណៈប្រជាពលរដ្ឋខ្មែរចាប់ផ្តើមទិញរស់នៅ និងជនបរទេសពិសេសជនជាតិចិនបានទិញ ដើម្បីវិនិយោគកាន់តែច្រើន ប៉ុន្តែសំណួរសួថាតើទីផ្សារខុនដូ នឹងជះឥទ្ឋិពលដូចម្តេចដល់ការវិវត្តនៃសេដ្ឋកិច្ចសង្គម។
សំណង់អគារខុនដូមួយចំនួន ជាពិសេសនៅក្នុងក្រុងភ្នំពេញ ត្រូវបានគេមើលឃើញថា កំពុងតែមានសកម្មភាពប្រើប្រាស់គួរឱ្យកត់សម្គាល់ ដែលផ្ទុយពីសំណង់ខុនដូដែលស្ថិតនៅតំបន់មួយចំនួនទៀត មានភាពលំបាកក្នុងការរកទីផ្សារ ខណៈដែលអ្នកវិនិយោគមួយចំនួនបានទិញទុកលក់បន្តយកចំណេញ និងក្នុងគោលបំណងដាក់ជួលបន្ត។
-->
នាយកក្រុមហ៊ុនអចលនទ្រព្យ TOWN CITY Real Estate លោកវ៉ន ចាន់ថន បានមានប្រសាសប្រាប់តាមទូរស័ព្ទកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះថា ទីផ្សារខុនដូនៅពេលបច្ចុប្បន្ននេះគឺមានទីផ្សារ និងតម្រូវការជាងឆ្នាំកន្លងទៅ។ លោកបានបន្តទៀតថា បច្ចុប្បន្ននេះខុនដូមានតម្រូវការច្រើន ជាគំរោងមានតម្លៃមធ្យម និងស្ថិតនៅក្នុងទីប្រជុំជនក្រុង។
លោកបន្តទៀតថា “ពីមុនអ្នកដែលរស់នៅខុនដូភាគច្រើនជាជនជាតិបរទេស ប៉ុន្តែឥឡូវក៏មានជនជាតិខ្មែររស់នៅដែរ ហើយមានជនបរទេសខ្លះគាត់ទិញទុកជួលបន្តឱ្យអតិថិជនជាជនជាតិខ្មែរក៏មានដែរ”។ លោកបន្តថា “នៅក្នុងក្រុងមានការពេញនិយមច្រើន ដែលស្ទើរតែរកខុនដូជួលគ្មានផង ខុសប្លែកពីខុនដូមួយចំនួនទៀត ដែលស្ថិតនៅឆ្ងាយពីក្រុង មានន័យថា ខុនដូមានទីផ្សារ ឬគ្មានទីផ្សារ សំខាន់បំផុតគឺស្ថិតនៅលើទីតាំង”។
លោកចាន់ថនបានបញ្ជាក់ថា ខុនដូដែលពិបាករកទីផ្សារ ដោយសារតែយូនីតមានទំហំតូចជាង៧០ម៉ែត្រការ៉េ ប៉ុន្តែបើយូនីតមានទំហំទូលាយ បន្ទប់គេងចំនួន១ អាចមានតម្លៃក្នុងរង្វង់ ៨០០-១០០០ដុល្លារក្នុងមួយខែ ប៉ុន្តែបើមានបន្ទប់ចំនួន២អាចមានតម្លៃក្នុងរង្វង់១៥០០-១៨០០ដុល្លារក្នុងមួយខែ។
នៅដំណាច់ឆ្នាំ២០១៩នេះ ត្រូវបានគេរំពឹងថា នឹងកើនឡើងរហូតដល់ប្រមាណ ៣១,១០០យូនីត ខណៈបច្ចុប្បន្នមានចំនួន១៦,៦៥៨យូនីត កំពុងដាក់នៅក្នុងទីផ្សារ។ចំនួននេះមានការកើនឡើងរហូដល់១០ដង បើប្រៀបធៀបកាលពីឆ្នាំ២០១៦។
នាយិកាប្រចាំប្រទេសក្រុមហ៊ុន CBRE Cambodia លោកស្រីអាន សុធីតា បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទនៅថ្ងៃជាមួយគ្នានេះផងដែរថា “តាមដែលខ្ញុំកត់សម្គាល់ ភាគច្រើអ្នកទិញទុកជួលភាគច្រើនគឺមានតែជនបរទេស ប៉ុន្តែបើជនជាតិខ្មែរគឺទិញដើម្បីរស់នៅ”។លោកស្រីបន្តថា “និយាយពីការជួល ភាគច្រើនគឺគេជ្រើសរើសយកសេវាអាផាតមិន បើទោះជាតម្លៃនៃការជួលមានកម្រិតខ្ពស់ជាងខុនដូក៏ដោយ”។
លោកស្រីបានបញ្ជាក់ថា ការជួលអាផាតមិនថ្លៃបន្តិចមែន ប៉ុន្តែវាមានសេវាបម្រើពេញលេញ ទាំងផ្នែកសន្ដិសុខ អនាម័យ ចំណតយានយន្ត សេវាអ៊ីនធើណែត និងសេវាជាច្រើនទៀត ដែលផ្ទុយពីការរស់នៅក្នុងខុនដូ តម្រូវចំណាយបន្ថែមទៅលើសេវាទាំងអស់នេះ៕