រដ្ឋាភិបាល​នឹង​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​លើហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៧​ក្នុងរយៈពេល៣​ ទៅ៥ឆ្នាំខាងមុខ​

0

ដោយ វុត្ថា​

ភ្នំ​ពេញៈ​ រដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ផែនការ​អភិវឌ្ឍន៍​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ធំៗ​ចំនួន៧​ ដោយ​គ្រោង​ចំណាយ​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល៣ឆ្នាំ​ ទៅ៥ឆ្នាំខាងមុខ​នេះ​ ដើម្បី​ជំរុញ​ល្បឿន​សេដ្ឋកិច្ច​កម្ពុជា​ ពិសេស​ដោះស្រាយ​បញ្ហា​ប្រឈម​លើ​វិស័យ​ដឹកជញ្ជូន​។

គេហទំព័រ​ propertyarea.asia​ ដែល​ជា​គេហទំព័រ​ព័ត៌មាន​អចលនទ្រព្យ​ឈានមុខ​គេ​នៅ​កម្ពុជា​ នឹង​យក​គម្រោង​ទាំង​អស់​​នេះ​​មក​ចុះផ្សាយ​ ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​កម្ពុជា​នា​ពេល​កន្លងមក​នេះ​ រួមមាន​៖

១) ស្ពាន​ឆ្លងកាត់​ទន្លេ​មេ​គង​ខេត្តក្រចេះ​

ស្ពាន​នេះ​ត្រូវ​បាន​អ្នកជំនាញ​របស់ក្រ​សួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ រួម​ជាមួយ​ក្រុមហ៊ុន​សា​សង់ស្ពាន​របស់​ចិន​បាន​សិក្សា៣​ ទីតាំង​សម្រាប់​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​មេ​គង់នៅ​ខេត្តក្រចេះ​រួចហើយ​ ដែល​គ្រោង​នឹង​សាងសង់​នៅ​ឆ្នាំ​២០២១ ខាង​មុ​នេះ​។ស្ពាន​នេះ​មាន​ប្រវែង​សរុប១៧៦១ម៉ែត្រ​ ដែល​ទទួល​ប្រាក់កម្ចី​សម្បទាន​ពី​រដ្ឋាភិបាល​ចិន​។

២) គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០​

គម្រោង​សាងសង់​ផ្លូវជាតិ​លេខ១០​ ដែល​តភ្ជាប់​ពី​ស្រុក​សំឡូត​ខេត្តបាត់ដំបង​ ទៅកាន់​ខេត្តកោះកុង​ នឹង​ត្រូវ​សម្ពោធ​បើក​រដ្ឋា​នដោ​យស​ម្តេច​តេជោ​ហ៊ុន​ សែន​នា​ពេល​ឆាប់​ៗខាងមុខនេះ​។ គំរោង​សាងសង់​ផ្លូវជាតិ​ដ៏​សំខាន់​នេះ​ គ្រោង​ចំណាយ​ថវិកា​ប្រមាណ១៨៣លាន​ដុល្លារ​អាមេរិក​ សម្រាប់​សាងសង់​ផ្លូវជាតិ​លេខ១០ឡើងវិញ​ និង​មាន​ប្រវែង​ប្រមាណ ១៩៣​គីឡូម៉ែត្រ​តភ្ជាប់​ពី​សំឡូត​ ស្រុក​វាលវែង​ ខេត្ត​ពោធិ​សាត់​ ឆ្ពោះទៅ​កាន់​ខេត្តកោះកុង​នា​ពេល​ខាងមុខនេះ​។

៣) គម្រោង​សាងសង់​ផ្លូវ​ហាយ​វ៉េ​ភ្នំពេញ​-បាវិត​

រដ្ឋាភិបាល​បាន​ប្រកាស​ថា​ នឹង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ នា​ពេល​ខាងមុខនេះ​ ខណៈ​ផ្លូវ​មួយ​នេះ​ បាន​នឹង​កំពុង​សិក្សា​។

លោក​ វ៉ា​ស៊ី​ម សូ​រិយា​ អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ធ្លាប់​បាន​ឲ្យដឹង​កន្លងមក​ថា​ គំរោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ សិក្សា​ដោយ​អ្នកជំនាញ​អង្គការ​ JICA​ រួចហើយ​ ដោយ​ចំណាយ​ថវិកា​សរុប​ ៣៨០០លាន​ដុល្លារ​ ដែល​ជា​ការ​ចំណាយ​ដ៏​ធំធេង​មួយ​។

អ្នកនាំពាក្យ​ក្រសួង​សាធារណៈ​ការ​រូប​នេះ​បាន​បន្ត​ថា​ “ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ បាវិត​ ដែល​សិក្សា​ចំណាយ​អស់​ច្រើន​កន្លង​មក​ ដោយសារ​ផ្លូវ​នេះ​ត្រូវ​ធ្វើ​ស្ពាន​ប្រវែង​ជា១០គីឡូម៉ែត្រ​ នៅ​តំបន់​ស្រុក​ល្វាឯម​ ដោយសារ​ផ្លូវ​នេះ​គ្រោង​ធ្វើ​នៅ​ផ្នែក​ខាង​ឆ្វេង​ទន្លេមេគង្គ​”។

លោក​បន្ត​ថា​ “ផ្លូវ​នេះ​នឹង​ឆ្លងកាត់​រាជធានី​ភ្នំពេញ​ ខេត្តកណ្តាល​ ខេត្តព្រៃវែង​មុន​តភ្ជាប់​ទៅកាន់​ក្រុង​បាវិត​ ខេត្តស្វាយរៀង​”។

៤) គម្រោង​សាងសង់​ស្ពាន​ស្វាយ​ជ្រុំ​-អរិយក្សត្រ​

គម្រោង​សាងសង់​ស្ពាន​ថ្មី​ ឆ្លងទន្លេ​មេគង្គ​ តភ្ជាប់​ទៅ​ស្វាយ​ជ្រុំ​-អរិយក្សត្រ​ ទទួល​បាន​ភ្លើង​ខៀវ​ ពី​ភាគី​កូរ៉េ​ ក្នុង​ការ​ជួយ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា​-កូរ៉េ​ ឆ្លងកាត់​ទន្លេមេគង្គ​ដែល​បាន​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុ​ជាំ​។

បច្ចុប្បន្ន​ គម្រោង​ស្ពាន​នេះ​កំពុង​ស្ថិត​ក្រោម​ការសិក្សា​ និង​កំពុង​រក​ប្រភព​ថវិកា​ ហើយ​រដ្ឋាភិបាល​ នឹង​ធ្វើ​ជូន​ប្រជាពលរដ្ឋ​ជាដាច់ខាត​។

៥) គម្រោង​សាងសង់​ផ្លូវជាតិ​លេខ២​

គម្រោងការ​សាងសង់​ផ្លូវជាតិ​លេខ២​ ពី​រង្វង់​មូល​តាខ្មៅ​ ទៅ​រង្វង់​មូល​អូរ​ចំបក់​ និង​ផ្លូវជាតិ​លេខ២២​ ពី​រង្វង់​មូល​អូរ​ចំបក់​ទៅកាន់​ផ្សារ​អង្គតាសោម​ ប្រវែង​សរុប៧២​,១៧គីឡូម៉ែត្រ​ សាងសង់​ដោយក្រុម​ Hanshin​ Engineering​ and​ Construction​ Co​., Ltd​ ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ ដោយក្រុម​ហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​ Joint​ Venture​ of​ Dasan​ Consultants​ Co​., Ltd​, ក្រុមហ៊ុន​ Dong​ II​ Engineering​ Consultants​ Co​., Ltd​, និង​ក្រុមហ៊ុន​ Seoyoung​ Engineering​ Co​., Ltd​ ដោយ​ប្រើប្រាស់​ថវិកា​ជាង​ ៤៥លាន​ដុល្លារ​អាមេរិក​ ក្រោម​គម្រោង​ឥណទាន​សម្បទាន​ពី​រដ្ឋាភិបាល​កូរ៉េ​ ចំណាយ​រយៈពេល​ ៣០ខែ​ និង​គ្រោង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ២០១៩នេះ​។

៦) គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​រថ​ភ្លើង​ល្បឿង​លឿន​ពី​ភ្នំពេញ​សៀមរាប​

រដ្ឋាភិបាល​បាន​ដាក់​ផែនការ​ការសិក្សា​លើ​ការ​អភិវឌ្ឍ​ និង​ពង្រីក​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ ដូចជា​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ផ្លូវ​រថ​ភ្លើង​ល្បឿង​លឿន​ ការពង្រីក​ផ្លូវថ្នល់​ ការ​សាង​សង់​ព្រលា​នយន្តហោះ​អន្តរជាតិ​ថ្មី​ ដែល​ធំជាង​មុន​ ដើម្បី​តភ្ជាប់​ខេត្តសៀមរាប​ជាមួយ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​សំខាន់​នានា​។

៧) គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​លើ​អាកាស​ដោយ​ស្វ័យប្រវត្តិ​ (AGT​) នៅ​ភ្នំពេញ​

រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​នឹង​កំពុង​ពន្លឿន​ការសិក្សា​គម្រោង​ផ្លូវ​រថភ្លើង​រត់​លើ​អាកាស​ និង​ក្រោម​ដី​នៅក្នុង​រាជធានី​ភ្នំពេញ​ ដើម្បី​កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​។

ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​គ្រោង​សាងសង់​ផ្លូវ​រថភ្លើង​ លើ​អាកាស​ដោយ​ស្វ័យប្រវត្តិ​ (AGT​) ចំនួន​ ៤ ខ្សែ​រត់​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​អង្គការ​ JICA​ ក៏​សិក្សា​ផង​ដែរ​។ ខ្សែ​រត់​ភ្លើង​ទាំងនេះ​មាន​ប្រវែង​ប្រហែល១៨​ គីឡូម៉ែត្រ​ ដែល​រត់​លើ​ផ្លូវ​មួយចំនួន​ដូចជា​ មហា​វិ​ថី​ហ្សាល​ឌឺ​ហ្គោល​ មហាវិថី​ព្រះ​មុនី​រ៉េ​ត ផ្លូវ​លេខ២១៧​ ផ្លូវ​វេ​ងស្រេង​ឆ្ពោះ​ទៅ​ព្រលា​នយន្តហោះ​ និង​មួយ​ខ្សែ​ទៀត​បែកខ្នែង​ទៅ​ផ្លូវជាតិ​លេខ៤​ និង​កប់​ស្រូវ​។

ជាមួយគ្នា​នេះ​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​ ក៏បាន​ផ្តល់​ឱ្យ​ក្រុមហ៊ុន​សាជីវកម្ម​សាងសង់​ផ្លូវដែក​ចិន​ (CRCC​) ធ្វើ​ការ​សិក្សា​ផ្លូវ​រថភ្លើង​លើ​អាកាស​ដឹក​អ្នកដំណើរ​ធុន​ស្រាល​ (Monorail​) និង​រថភ្លើង​ក្រោម​ដី ​(Subway​) នៅ​រាជធានី​ភ្នំពេញ​ផង​ដែរ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here