ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ នៅក្នុងបរិបថនៃការអភិវឌ្ឍយ៉ាងគំហុករបស់ខេត្តព្រះសីហនុ ជាពិសេសនៅទីប្រជុំកណ្តាលក្រុងតែម្ដង ដែលធ្វើឱ្យកត្តាប្រជាសាស្ត្រ និងបណ្តាអ្នកវិនិយោគជាតិ-អន្តរជាតិ ជាពិសេស ជនជាតិចិនសម្រុកពូនផ្តុំចូលទៅប្រកបជំនួញយ៉ាងច្រើន រហូតធ្វើឱ្យការផ្គត់ផ្គង់ផ្នែកវិស័យអចលនទ្រព្យមិនគ្រប់តម្រូវការ និងមានលម្លៃជួលខ្ពស់ហួសការស្មាន។

ក្រុងព្រះសីហនុនៅពេលបច្ចុប្បន្ននេះបានអភិវឌ្ឍក្លាយជាប៉ូលសេដ្ឋកិច្ចពិសេសយ៉ាងពេញលេញ ក្នុងនាមជាមជ្ឈមណ្ឌលពាណិជ្ជកម្មចំរុះ ក្រោមការចូលបណ្តាក់ទុនវិនិយោគលើគ្រប់វិស័យ ជាពិសេសវិស័យសំណង់ និងអចលនទ្រព្យតែម្ដង។
-->
ជាមូយនឹងការអភិវឌ្ឍយ៉ាងគំហុកនេះ កំណើនប្រជាសាស្ត្រចូលទៅកាន់ខេត្តមួយនេះក៏មានយ៉ាងគំហុកផងដែររហូតការផ្គត់ផ្គង់ផ្នែកអចលនទ្រព្យមិនគ្រប់តាមតម្រូវការ។
នាយិកាប្រចាំប្រទេសក្រុមហ៊ុនអន្តរជាតិ CBRE Cambodia លោកស្រី អាន សុធីតា បានមានប្រសាសន៍តាមទូរស័ព្ទកាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩នេះថា នៅក្នុងខេត្តព្រះសីហនុ ជាពិសេសនៅក្នុងក្រុងគឺកំពុងតែជួបភាពកង្វះក្នុងការផ្គត់ផ្គង់ផ្នែកអចលនទ្រព្យ។
លោកស្រីបានបន្តទៀតថា “ទីផ្សារជួលអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុគឺមានការកើនឡើងខ្លាំងយ៉ាងគំហុកត្រឹមរយៈប្រមាណជិត២ឆ្នាំចុងក្រោយនេះ រហូតធ្វើឱ្យតម្លៃជួលនៅទីតាំងខ្លះកើនឡើងខ្លាំងស្ទើរតែ ៣-៥ដង បើធៀបជាមួយតម្លៃនៅក្នុងរាជធានីភ្នំពេញ”។
លោកស្រីបានបន្តទៀតថា “សម្រាប់ទីតាំងជួលនៅក្នុងអគារពាណិជ្ជកម្មមួយចំនួនមានតម្លៃក្នុងរង្វង់៥០ដុល្លារក្នុងមួយម៉ែត្រ ខណៈដែលតម្លៃដីជួលទំនេរសម្រាប់អភិវឌ្ឍអគារផ្សេងៗមានតម្លៃក្នុងរង្វង់ ២៥-៣០ ដុល្លារក្នុងមួយម៉ែត្រការ៉េ”។
លោកស្រីបានបញ្ជាក់ទៀតថា “សម្រាប់ផ្ទះល្វែងដែលស្ថិតនៅផ្លូវធំ និងបណ្តុំទីប្រជុំងាយស្រួលក្នុងការធ្វើអាជីវកម្មផ្សេងៗស្ថិតនៅក្នុងរង្វង់ ៥០០០ដុល្លារក្នុងមួយខែ ស្របពេលដែលតម្លៃជួលផ្ទះប្រភេទនេះនៅលើទីផ្សារស្ថិតនៅក្នុងរង្វង់ប្រមាណ ១៥០០-២០០០ ដុល្លារតែប៉ុណ្ណោះ”។
ជាមួយនឹងតម្រូវការខ្ពស់ ដែលធ្វើឱ្យតម្លៃនៃការជួលមានកំណើនខ្លាំងទាំងអស់នេះ ត្រូវបានលោកស្រីធ្វើការព្យាករណ៍ថា នឹងស្រកចុះវិញនៅត្រឹមរយៈពេលប្រមាណជា៥ឆ្នាំខាងមុខនេះ នៅពេលដែលកំណើននៃការផ្គត់ផ្គង់មានការកើនឡើង។
លោក ប៊ុន មករា នាយកទីផ្សារ ភ្នាក់ងារអចលនទ្រព្យ ព្រះសីហនុ បានទទួលស្គាល់នូវការលើកឡើងខាងលើពាក់ព័ន្ធទៅនឹងតម្លៃនៃការជួល ប៉ុន្តែវាក៏អាស្រ័យទៅតាមទីតាំងផងដែរ។
លោកបានបន្តទៀតថា “បច្ចុប្បន្ននេះ សម្រាប់តម្លៃទីផ្សារនៃការជួលដីនៅក្នុងក្រុងព្រះសីហនុ ដែលភាគច្រើនជាតម្រូវការរបស់ជនជាតិចិនគឺមានច្រើន”។
លោកបានបន្តថា “ គ្រាន់តែដីទំនេរដែលមានទំហំត្រឹម ១៥ X ២៥ ម៉ែត្រ ត្រូវបានដាក់ជួលក្នុងតម្លៃ ៥០០០ដុល្លារក្នុងមួយខែ ហើយដីដែលមានទំហំតូច ១០ X ២៥ ម៉ែត្រ ត្រូវបានដាក់ជួលក្នុងតម្លៃ ៣៥០០ ដុល្លារក្នុងមួយខែ”។
លោកបានបន្តទៀតថា “ដីដែលអាចសាងសង់ជាកាស៊ីណូ ឬជាភោជនីយដ្ឋាន មានទំហំ ២០X ៣០ ម៉ែត្រ ដែលនៅលើផ្លូវធំគឺជួលក្នុងតម្លៃ ២០,០០០ ដុល្លារក្នុងមួយខែដោយមានកុងត្រារហូត១៥ឆ្នាំ”។
លោកបានបន្តទៀតថា “ចំពោះផ្ទះល្វែងដែលអាចប្រកបអាជីវកម្មបាន ត្រូវបានដាក់ជួលក្នុងតម្លៃក្នុងចន្លោះចាប់ពី ២៥០០-៣០០០ ដុល្លារក្នុងមួយខែ (មិនស្ថិតនៅផ្លូវធំ) ឬផ្ទះ៣ល្វែងជាប់គ្នាមានកម្ពស់២ជាន់ (Eo . E1) តម្លៃជួលចាប់ពី ១២០០០ដុល្លារក្នុងមួយខែ”។

យ៉ាងណាក៏ដោយ លោកក៏បានបង្ហើបប្រាប់ឱ្យដឹងផងដែរថា នៅត្រឹមមួយរយៈពេលខ្លីកន្លងទៅនេះ សកម្មភាពនៃតម្រូវការជួលហាក់មិនសូវមានភាពពុះកញ្ជ្រោលដូចកាលពីចុងឆ្នាំ២០១៨ និងដើមឆ្នាំ២០១៩នោះទេ ពិសេសជានៅក្នុងសង្កាត់លេខ៤ ដែលធ្លាប់កើតមានព្រឹត្តិការណ៍រលំបាក់អគារកម្ពស់៧ជាន់តែម្ដង ៕