ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ជាការចូលរួមលើកកម្ពស់ និងជំរុញវិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពរឹងមាំ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា CVEA បានរៀបចំបង្កើតវេទិការមួយស្ដី “ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់” ក្រោមការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធក្នុងវិស័យរួមគ្នាប្រមាណ ៣០០នាក់ ។
វេទិការស្ដីពី “ការវិនិយោគលើវិស័យអចលនទ្រព្យប្រកបដោយប្រសិទ្ធភាព និងទទួលបានប្រាក់ចំណេញខ្ពស់” ដែលរៀបចំឡើងដោយសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា បានប្រារព្វកាលពីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ នៅសណ្ឋាគារ កាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។
-->
នៅក្នុងកម្មវិធីនេះ មានអ្នកជំនាញ និងទទួលបានជោគជ័យក្នុងវិស័យអចលនទ្រព្យចំនួន៤រូបជាវាលគ្មិន រួមមានលោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលវត្ថុកម្ពុជា, លោក ម៉ាន់ ច័ន្ទឌី អគ្គនាយកក្រុមហ៊ុន Premium Housing Real Estate Co.,Ltd , លោក សន សៀប អគ្គនាយកក្រុមហ៊ុន Key Real Estate o.,Ltd , លោក ព្រាប កុល នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា និងលោក យិន លាងគង់ ស្ថាបនិក និងជាអគ្គនាយកគេហទំព័រ www.propertyarea.asia ដែលជាអ្នកសម្របសម្រួលពិសេសនៅក្នុងវគ្គពិភាក្សាស៊ីជម្រៅទៅលើប្រធានបទខាងលើនេះ។ រាល់សមាសភាពដែលចូលរួមទាំងអស់ សុទ្ធតែបានសិក្សាស្វែងយល់ពីគន្លឹះក្នុងការវាយតម្លៃអចលនទ្រព្យ និងការសម្រេចចិត្តមុនពេលរវិនិយោគ ដើម្បីអាចជៀសផុតពីហានិភ័យ ប៉ុន្តែអាចទទួលបានចំណេញខ្ពស់ ក្រោមការបង្ហាញពីសំណាក់អ្នកជំនាញដែលជាវាលគ្មិនទាំង៤រូបខាងលើនេះ។
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់ឱ្យដឹងថា តាមរយៈវេទិការមួយនេះ ទោះបីជាមិនបានផ្តល់នូវចំណេះដឹងពាក់ព័ន្ធវិស័យអចលនទ្រព្យឱ្យបានទូលាយទាំងអស់ក៏ពិតមែន ប៉ុន្តែវាគឺជាការចែករំលែកនូវបទពិសោធន៍ដែលបណ្តាអ្នកជំនាញ និងធ្លាប់ទទួលបានជោគជ័យនៅក្នុងវិស័យមួយនេះ ដើម្បីចូលរួមពង្រឹងគុណភាពក្នុងការចេះវាយតម្លៃអចលនទ្រព្យ និងការសម្រេចចិត្តមុនពេលវិនិយោគ។
លោកបានបន្តទៀតថា “កក្តាដែលសំខាន់នៅក្នុងវេទិការ គឺបានផ្តល់ឱកាសឱ្យបណ្តាសិក្ខាកាមដែលបានចូលរួម សាកសួរសំណួរ ដែលជាចម្ងល់របស់ខ្លួនពាក់ព័ន្ធទៅនឹងវិស័យអចលនទ្រព្យ ដើម្បីទទួលបានព័ត៌មានបន្ថែម ក៏ដូចជាចំណេះដឹងបន្ថែមសម្រាប់អនុវត្តនៅក្នុងកិច្ចការងាររបស់ខ្លួនដែលកំពុងអនុវត្ត”៕

