អ្នកជំនាញ​បួន​រូប​នឹង​បង្ហាញ​វិធីសាស្ត្រ​វិនិយោគ​ និង​ការវិភាគ​ព័ត៌មាន​មុន​សម្រេចចិត្ត​ទិញ​ដី​ឡូត៍​

0

ដោយ​ គង់​ សូ​រិយា​

ភ្នំពេញ​៖ សាលា​អចលនទ្រព្យ​កម្ពុជា​ (Real​ Estate​ School​ of​ Cambodia​)សហការ​ជាមួយ​ក្លឹប​អ្នកលក់​ដី​ឡូត៍​កម្ពុជា​ នឹង​បើក​សិក្ខាសាលា​ស្តី​ពី​ «វិធីសាស្ត្រ​ក្លាយជា​អ្នកលក់​ដី​ឡូត៍​អាជីព​ជោគជ័យ​» ខណៈ​ដែល​ទីផ្សារ​ដី​ឡូត៍​កំពុង​មាន​ភាព​ពុះ​កញ្រ្ជោល​។


សិក្ខាសាលា​ពិសេស​នេះ​ នឹង​ចាប់ផ្តើម​ចាប់ពី​ម៉ោង៨ព្រឹក​ដល់ម៉ោង​ ១២ថ្ងៃត្រង់​ នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ ជប៉ុន​ (CJCC​) នា​ថ្ងៃទី៣១​ កក្កដា​ខាងមុខនេះ​។

លោក​ ខាត់​ បូរ៉ា​ នាយក​សាលា​អចលនទ្រព្យ​កម្ពុជា​បាន​មានប្រសាសន៍​ឲ្យដឹង​តាម​ទូរស័ព្ទ​កាលពី​ពេល​ថ្មី​ៗនេះ​ថា​ ដោយ​សារ​​បច្ចុប្បន្ន​ទីផ្សារ​ដី​ឡូត៍​កំពុង​មាន​ភាព​ពុះ​កញ្រ្ជោល​ និង​រីក​ដុះដាល​ខ្លាំង​ទាំង​នៅ​រាជធានី​ភ្នំពេញ​ និង​តាម​បណ្តា​ខេត្ត​នានា​ ទើប​យើង​រៀបចំ​សិក្ខាសាលា​នេះ​ឡើង​ ក្នុង​គោលដៅ​ជំរុញ​ផ្នែក​នេះ​ឲ្យ​កាន់តែ​មាន​ភាព​រីកចម្រើន​ និង​កាត់បន្ថយ​បញ្ហា​ប្រឈម​ដែល​អាច​កើតមាន​ក្នុង​វិស័យ​នេះ​។

លោក​បន្ត​ថា​ វាគ្មិន​សំ​ខាន់​ៗ៤រូប​នឹង​ចែករំលែក​ចំណេះដឹង​ ពី​វិធីសាស្ត្រ​លក់​ដី​ឡូត៍​ ការ​ប្រែក្លាយ​ពី​អ្នកលក់​ មក​ជា​អ្នក​វិនិយោគ​ដី​ឡូត៍​ឬផ្នែក​ផ្សេងទៀត​ ក្នុង​វិស័យ​អចលនទ្រព្យ​ដោយខ្លួនឯង​ និង​មានការ​ពន្យល់​ពី​ទិដ្ឋភាព​ផ្លូវច្បាប់​ ពិសេស​ការវិភាគ​ព័ត៌មាន​ជុំវិញ​ការ​វិនិយោគ​ និង​តំបន់​ដែល​ត្រូវ​វិនិយោគ​លើ​ដី​ឡូត៍​មាន​លក្ខណៈ​ដូចម្តេច​ ដើម្បី​ទទួល​បាន​ជោគជ័យ​ និង​កាត់បន្ថយ​ហានិភ័យ​ខ្ពស់​។

​វាគ្មិន​សំ​ខាន់​ៗដែល​ចូលរួម​ក្នុង​កម្មវិធី​ ដែល​នឹង​រៀបចំ​ធ្វើឡើង​ចាប់ពី​ម៉ោង៨ព្រឹក​ ដល់១២ថ្ងៃត្រង់​ នៅ​មជ្ឈមណ្ឌល​កិច្ច​សហប្រតិបត្តិ​ការ​កម្ពុជា​ ជប៉ុន​នា​ថ្ងៃទី៣១​ កក្កដា​ខាងមុខ​រួមមាន​ លោក​មេធា​វី​ឃីម​ សៀ​កឡុង​មក​ពី​ក្រុម​មេធា​វី​ដឺ​ហ្គេ​ត លោ​កយិន​ លាង​គង់​ស្ថាបនិក​ និង​ជា​អគ្គនាយក​គេហទំព័រ​ Propertyarea.asia​ និង​ជា​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​។ លោ​កម៉ន​ សុខា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ UTRST​ និង​លោ​កឆម​ ចំរើន​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន​ ATSOLUTION​។

លោក​ខាត់​ បូរ៉ា​បាន​មានប្រសាសន៍​ឲ្យដឹង​ទៀត​ថា​ ជាមួយនឹង​សិក្ខាសាលា​ពិសេស​នេះ​ អ្នកចូលរួម​នឹង​ទទួល​បាន​ចំណេះដឹង​ជាច្រើន​ដូចជា​ ទី១​ ចែករំលែក​អំពី​គន្លឹះ​ជោគជ័យ​ក្នុង​ការ​លក់​ដី​ឡូ​តិ៍​។ ទី២​ ចែករំលែក​គន្លឹះ​ជោគជ័យ​ក្នុង​ការរៀបចំ​បង្កើត​គម្រោង​ដី​ឡូ​តិ៍​ ទី៣​ ចែករំលែក​អំពី​គន្លឹះ​ក្នុង​ការប្រើ​ប្រាស់​ព័ត៌មាន​ និង​ទិន្នន័យ​ទីផ្សារ​ក្នុង​ការ​លក់​ដី​ឡូ​តិ៍​ និង​រៀបចំ​គម្រោង​ដី​ឡូ​តិ៍​ និង​ទី៤​ ​ធ្វើការ​ចែករំលែក​អំពី​ច្បាប់​ក្នុង​ការ​ពុះ​ដី​ឡូ​តិ៍​ និង​របៀបផ្ទេរ​កម្មសិទ្ធិ​។

លោ​កម៉ន​ សុខា​ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ UTRSUT​ បាន​មានប្រសាសន៍​ថា​ ការរៀបចំ​សិក្ខាសាលា​នេះ​ពិតជា​មាន​លក្ខណៈ​ពិសេស​ និង​ឆ្លើយតប​នឹង​ស្ថានភាព​ជាក់ស្តែង​នៃ​ទីផ្សារ​ដី​ឡូត៍​បច្ចុប្បន្ន​។ ហេតុនេះ​អ្នកចូលរួម​សិក្ខាសាលា​នេះ​នឹង​ទទួល​បាន​អត្ថ​ប្រយោជន៍​ច្រើន​ ព្រោះ​បន្ទាប់ពី​ចូលរួម​សិក្ខាសាលា​នេះ​ ពួកគេ​នឹងអាច​យល់ដឹង​ពី​វិធី​សាស្រ្ត​ទិញ​ និង​វិនិយោគ​ដី​ឡូត៍​ដែល​ទទួលផល​ចំណេញ​ខ្ពស់​ និង​ប្រាសចាក​ហានិភ័យ​។

ស្ថាបនិក​និង​ជា​អគ្គនាយក​គេហទំព័រ ​Propertyarea.asia​ លោក​ យិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ ការ​វិ​ភា​គព៌​តមាន​ពិតជា​រឿង​សំខាន់​មិន​អាច​ខ្វះ​បាន​ ដើម្បី​ធ្វើជា​ទុន​តំបូង​ផ្នែក​គំនិត​ ដើម្បី​យក​មក​ពិចារណា​មុន​សម្រេចចិត្ត​វិនិយោគ​លើ​ដី​ឡូត៍​ ឬផ្នែក​ផ្សេង​ៗទៀត​ក្នុង​វិស័យ​អចលនទ្រព្យ​។

​លោក​បន្ត​ថា​ “ការ​មិន​ទទួល​បា​នព៌​តមាន​ត្រឹមត្រូវ​ ហើយ​ចាប់ផ្តើម​វិនិយោគ​អាច​ប្រឈម​នឹង​ហានិភ័យ៥០ភាគរយ​រួច​ទៅ​ហើយ​ ហេតុនេះ​ការ​វិនិយោគ​លើ​ចំណេះដឹង​ និង​សិក្សា​ពី​មូល​ដ្ឋាន​ព៌​តមាន​ ពី​តំបន់​ណាមួយ​មាន​សក្តា​នុ​ពល​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ដើម្បីឲ្យ​គំរោង​វិ​និ​យោ​គរបា​ស់​ខ្លួន​មាន​សុវត្ថិភាព​ និង​អាច​រក​ផល​ចំណេញ​បាន​”។

ទំនាក់ទំនងចូលសិក្សា៖ 098 946 661 / 098 505 715 / 011 919 047 / 011 751 971

LEAVE A REPLY

Please enter your comment!
Please enter your name here