ដោយៈ រ៉ាណេត
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ផ្លូវជាតិលេខ១០នឹងត្រូវបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខនេះ។
សម្ដេចតេជោ ហ៊ុន សែនបានថ្លែងបែបនេះ នៅក្នុងពិធីអញ្ជើញពិនិត្យការដ្ឋានសាងសង់ពហុកីឡាដ្ឋាន «មរតកតេជោ» នាព្រឹកថ្ងៃទី២៩ កក្កដានេះ។សម្តេចបន្តថា នៅក្នុងប្រទេសកម្ពុជា វិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជាផ្លូវថ្នល់ ស្ពាន ភាគច្រើនគឺជាជំនួយពីរដ្ឋាភិបាលចិន។
-->
សម្ដេចបានមានប្រសាសន៍ទៀតថា “នៅពេលឆាប់ៗខាងមុខនេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ នឹងត្រូវប្រកាសបើកការដ្ឋាន ដែលថវិកាសម្រាប់សាងសង់ក៏ជាកម្ចីពីរដ្ឋាភិបាលចិនដែរ”។ សម្តេចបន្តថា “តាមរយៈផ្លូវជាតិលេខ១០មួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនរវាងខេត្តកោះកុង ចេញតាមតំបន់ថ្មដា មកខេត្តបាត់ដំបង់ កាត់តាមសំឡូត វាលវែង”។
គម្រោងសាងសង់ផ្លូវជាតិលេខ១០ ភ្ជាប់ខេត្តចំនួន២ រវាងខេត្តបាត់ដំបង និងខេត្តកោះកុង ដែលមានប្រវែង ១៩៣គីឡូម៉ែត្រ នឹងត្រូវប្រកាសបើកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះ។
ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីពេលកន្លងទៅនេះថា គម្រោងសាងសង់ផ្លូវជាតិលេខ១០ គ្រោងនឹងបើកការដ្ឋានព្រមជាមួយគ្នា ពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវជាតិលេខ៥៥ ក្រោយរដូវធ្លាក់ភ្លៀង ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច តេជោ ហ៊ុន សែន ។
លោកបានបន្តទៀតថា “ផ្លូវមួយខ្សែនេះមានប្រវែង១៩៣គីឡូម៉ែត្រ ដែលនឹងចំណាយថវិកាសាងសង់ចំនួន១៨៣ ជាកម្ចីពីរដ្ឋាភិបាលចិន”។
លោកបានបញ្ជាក់ទៀតថា “វត្តមានផ្លូវជាតិលេខ១០មួយខ្សែនេះ នឹងជួយសម្រួលដល់វិស័យដឹកជញ្ជូនយ៉ាងសំខាន់ រវាងខេត្តកោះកុង ខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តមានជ័យ ក៏ដូចជាឆ្ពោះទៅខេត្តព្រះសីហនុផងដែរ” ៕