ដោយៈ រ៉ាណេត
ភ្នំពេញៈ នៅត្រឹមរយៈពេល២ឆ្នាំចុងក្រោយនេះ សកម្មភាពនៃការវិនិយោគអចលទ្រព្យទៅលើវិស័យលំនៅដ្ឋាន មានសកម្មភាពយ៉ាងខ្លាំង ជាពិសេសក្រោយពេលមានកិច្ចជួយសម្រួលពីសមាសភាព នៃបណ្តាធនាគារឯកជនមួយចំនួន ទៅលើការផ្ដល់ប្រាក់កម្ចីដើម្បីទិញលំនៅដ្ឋានរហូតដល់ ៧០-៨០ភាគរយ។

-->
អគ្គនាយកក្រុមហ៊ុន PREMIUM Group លោក ម៉ាន់ ច័ន្ទឌី ដែលជាអ្នកវិនិយោគនៅក្នុងវិស័យនេះ ផ្ទាល់បានមាន ប្រសាសន៍ប្រាប់ឱ្យដឹង កាលពីពេលថ្មីៗនេះថា នៅក្នុងតំណាក់កាលនាពេលបច្ចុប្បន្ននេះ ការវិនិយោគទៅលើវិស័យលំនៅដ្ឋានដោយពឹងផ្អែកទុនពីធនាគារ ឬជាទុកផ្ទាល់ខ្លួនទាំងស្រុងក៏ដោយ ប្រការដែលសំខាន់ មុនពេលសម្រេចចិត្តវិនិយោគ គម្បីមានការគិត និងសិក្សាពីឱកាស ដែលអាចមានលទ្ធភាពចំណេញជាមុនសិន។
លោកបានបន្តទៀតថា “មិនថាទោះជាការវិនិយោគទៅលើលំនៅដ្ឋាន ប្រភេទណា នៅតំបន់ណានោះទេ សំខាន់ត្រូវសិក្សាទៅលើឱកាសទទួលបានចំណេញ ជាប្រចាំត្រឡប់មកវិញ ហើយប្រាកដថាស្ថិតនៅក្នុងកម្រិតមួយសមរម្យ”។
លោក ម៉ាន់ ច័ន្ទឌី បានពន្យល់ថា ជាទូទៅអ្នកវិនិយោគគេតែងគិតទៅលើកម្រិតនៃឱកាសទទួលចំណូលត្រឡប់មក (Returned on Investment) មុនពេលសម្រេចចិត្តវិនិយោគ។ បើនៅក្នុងប្រទេសកម្ពុជា ឱកាសដែលអាចទទួលបានចំណេញត្រឡប់មកវិញគឺក្នុងអត្រាចាប់ពី១០-១៥ ភាគរយប្រចាំឆ្នាំជាការវិនិយោគល្អ ដោយសារតែគេគិតទៅលើកម្រិតនៃអត្រាការប្រាក់របស់ធនាគារ ដែលផ្តល់កម្ចីសម្រាប់លំនៅដ្ឋាន។
មានន័យថា បើក្នុងមួយឆ្នាំឱកាសនៃការចំណេញត្រឡប់មកវិញ ត្រឹម១០ភាគឬតិចជាងនេះគេមិនវិនិយោគនោះទេ ព្រោះអត្រាការប្រាក់របស់ធនាគារគឺប្រហាក់ប្រហែលចាប់ពី៧,៥ ទៅ៨ ភាគរយឬលើសពីនេះក៏មានដែរ។
លោកបានពន្យល់ទៀតថា ប៉ុន្តែបើនៅតាមប្រទេសដទៃផ្សេង ឱកាសដែលអាចទទួលបានចំណេញត្រឡប់មកវិញត្រឹមតែ៨ភាគរយ គឺគេសម្រេចវិនិយោគដោយរីករាយ ក្រោមហេតុផលថា អត្រាការប្រាក់ធនាគារ ដែលផ្តល់កម្ចីនៅប្រទេសគេមានកម្រិតត្រឹមប្រមាណ៤ទៅ ៤,៥ ភាគរយតែប៉ុណ្ណោះ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានប្រសាសន៍ប្រាប់ឱ្យដឹងថា មិនថាការវិនិយោគលើវិស័យលំនៅដ្ឋាន ដោយការខ្ចីកម្ចីពីធនាគារ ឬដោយថវិកាផ្ទាល់ខ្លួនសុទ្ធ ដើម្បីទុកលក់យកចំណេញបន្តឬជួល គឺសុទ្ធតែជាជម្រើសល្អ សំខាន់បុគ្គលដែលវិនិយោគត្រូវចេះរៀបចំ និងគ្រប់គ្រងលំហូរសាច់ប្រាក់របស់ខ្លួនឱ្យបានត្រឹមត្រូវ។
លោកឧកញ៉ាបានបន្តទៀតថា “ពាក្យថាការវិនិយោគសុទ្ធតែស្ថិតក្នុងគោលបំណងទទួលយកប្រាក់ចំណេញត្រឡប់មកវិញ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺការចេះសិក្សា និងការចេះវាយតម្លៃប្រកបដោយប្រសិទ្ធភាពខ្ពស់”។
លោកនួន រិទ្ឋីបានបន្តថា ហេតុនេះការសង្កេតមើលពីទិដ្ឋភាពជាក់ស្ដែងជុំ និងក្នុងតំបន់ដែលចង់វិនិយោគ វិភាគទៅលើកត្តាភូមិសាស្ត្រ ប្រជាសាស្ត្រ ដើម្បីជៀសវាងការទិញផ្ទះ ហើយទុកចោលគ្មានតម្រូវការ។លោកឧកញ៉ាបន្តទៀតថា ការទិញលំនៅដ្ឋានដោយកម្ចីពីធនាគារនាពេលបច្ចុប្បន្ននេះ វាជាជម្រើសដ៏ល្អ ដែលអាចជួលសម្រួលដល់អ្នកដែលមានចំណូលមធ្យម អាចមានលទ្ធភាពទិញលំនៅដ្ឋានស្នាក់នៅផ្ទាល់ខ្លួនបាន ដោយបង់ត្រឡប់ទៅធនាគារវិញក្នុងរយៈពេលរហូតដល់២០ឆ្នាំ៕