ដោយៈ រ៉ាណេត
ព្រះសីហនុៈ ពិតជាដំណឹងដ៏រីករាយមួយ ដែលគ្លីនិកមានជំនាញផ្នែកថែរក្សា និងកែសម្ផស្សដោយមិនវះកាត់ មានកេរ្តិ៍ឈ្មោះល្បីល្បាញជាច្រើនឆ្នាំប្រចាំប្រទេស និងសាយភាយទៅដល់បណ្តាប្រទេសជិតខាងនានា Dr. Professional Clinic នឹងបង្ហាញវត្តមានរបស់ខ្លួននៅក្រុងព្រះសីហនុ ក្នុងផ្សារទំនើបដ៏ធំ និងលើកដំបូងនៅបំណាច់ចុងខែតុលា ឆ្នាំ២០១៩ ឆាប់ៗខាងមុខនេះ។

-->
Dr. Professional Clinic ត្រូវបានមនុស្សទូទៅទទួលស្គាល់ថាជាគ្លីនិក ដែលមានជំនាញច្បាស់ក្នុងការផ្តល់សេវាថែរក្សា និងកែសម្ផស្សជាមួយនឹងបច្ចេកទេសទំនើបប្រកបដោយគុណភាពខ្ពស់១០០ភាគរយ តាំងពីអំឡុងឆ្នាំ២០១៣មកម៉្លេះ ក្រោមកិច្ចសហការបង្កើតរួមគ្នាពីសំណាក់អ្នកជំនាញដែលសុទ្ធតែជាជនជាតិខ្មែរ។
លោក យ៉ែម មនោរ័ត្ន សហស្ថាបនិក និងជានាយកគ្រប់គ្រងទូទៅបានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣០ កក្កដាកន្លងមកថា ក្នុងរយៈពេលប៉ុន្មានឆ្នាំនៃកិច្ចដំណើរការផ្តល់សេវាផ្នែកសម្ផស្សនេះ Dr. Professional Clinic ទទួលបានភាពជោគជ័យគួរជាទីមោទនៈ ក្រោមការគាំទ្រពីសំណាក់អតិថិជនទូទៅទាំងជាតិ និងអន្តរជាតិ រហូតបានពង្រីកសាខារបស់ខ្លួនជាបន្តបន្ទាប់ ដូចជានៅរាជធានីភ្នំពេញមានចំនួន៤សាខា នៅក្រុងសៀមរាប១សាខា នៅក្រុងកំពង់ចាមមាន១សាខា និងមួយសាខាទៀតនឹងចាប់បើកដំណើរការនៅក្នុងផ្សារទំនើប FURI TIMES SQUARE ក្នុងពេលដ៏ខ្លីខាងមុខនេះ។
លោកបានបន្តឱ្យដឹងទៀតថា “មូលហេតុដែលគណអ្នកគ្រប់គ្រង និងដឹកនាំ Dr. Professional Clinic សម្រេចចិត្តពង្រីកសាខានៅក្រុងព្រះសីហនុ ក៏ព្រោះតែក្រុងមួយនេះមានប្រជាសាស្ត្រច្រើន និងនិយមភាពទាន់សម័យ មានជីវភាពកម្រិតមធ្យម និងកម្រិតខ្ពស់ ជាពិសេសមានការសំណូមពរច្រើនពីអតិថិជនដែលកំពុងរស់នៅទីនេះតែម្ដង”។
លោកបន្តថា ជាមួយនឹងការបង្ហាញវត្តមានថ្មី នៅក្នុងផ្សារទំនើបលើកដំបូងគេខាងមុខនេះ អតិថិជនទាំងអស់នឹងកាន់តែបានស្គាល់ច្បាស់ពីគុណតម្លៃនៃ Dr. Professional Clinic ដែលផ្តល់សេវាជូនក្រោមភាពជំនាញ របស់អ្នកឯកទេសជាជនជាតិខ្មែរ ដែលសុទ្ធតែទទួលបានការបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិក និងប្រទេសកូរ៉េ ជាពិសេស លោកវេជ្ជបណ្ឌិត សែម រតនា ដែលមានជំនាញខ្ពស់ខាងផ្នែកវះកាត់កែសម្ផស្ស និងសើរស្បែក រួមជាមួយនឹងការប្រើប្រាស់ឧបករណ៍ទំនើប ទាន់សម័យ ហើយរាល់ផលិតផលទាំងអស់ភាគច្រើនគឺការទទួលសិទ្ធិផ្ដាច់មុខទាំងអស់។
ផ្សារទំនើបកំពស់៥ជាន់ FURI TIME SQUARES ស្ថិតនៅលើផ្លូវឯករាជ្យ ស្ថិតក្នុងសង្កាត់មិត្តភាព ខ័ណ្ឌមិត្តភាព ក្រុងព្រះសីហនុ។
នាយកទីផ្សារនៃក្រុមហ៊ុន FURI Real Estate កញ្ញា លឹម សុខាដាវីន បានប្រាប់ឱ្យដឹងកាលពីពេលថ្មីៗនេះថា បច្ចុប្បន្ននេះមានហាងអាហារ ភេសជ្ជៈហាងលក់សម្លៀកបំពាក់ និងផលិតផលម៉ាកល្បីៗជាង២០ក្រុមហ៊ុនហើយ បានចុះកុងត្រាលក់នៅក្នុងផ្សារទំនើបមួយនេះ ហើយផលិតផលល្បីៗជាច្រើនទៀត កំពុងតែដំណើរការនិតិវិធីដើម្បីជួលទីតាំងលក់រាយ។
កញ្ញាបានបន្តឱ្យដឹងទៀតថា ជាមួយនឹងវត្តមាននៃក្រុមហ៊ុនធំៗ និងល្បីៗទាំងអស់នេះ Furi Times Square ក៏ទទួលបានយោបល់ល្អ និងមានការកោតសរសើរពីអតិថិជនដែលជាអ្នកជួលផងដែរ ដោយសារផ្សារនេះ ផ្តោតលើការរៀបចំប្រព័ន្ធនៃការលក់ទូលាយល្អ មានទីធ្លាសាធារណៈធំទូលាយ ការឌីសាញមានភាពទាក់ទាញ និងទីតាំងនៃគម្រោងនេះល្អ ជាពិសេស ក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍផ្សារទំនើបមួយនេះ មិនបានគិតទៅលើប្រាក់ចំណេញក្នុងរយៈពេលខ្លីនោះទេ ប៉ុន្តែបានផ្តោតសំខាន់លើការវិនិយោគក្នុងរយៈពេលវែងប្រកបដោយភាពជោគជ័យ៕









