ដោយ ប៊ី
ភ្នំពេញៈ ស្ពានបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាប ចំណុចឃ្លាំងសាំងក្រុមហ៊ុនសូគីមិច នឹងបើកអោយដំណើរការឡើងវិញសម្រាប់ប្រជាពលរដ្ឋ អ្នកដំណើរបានធ្វើចរាចរថ្ងៃ ស្អែក នេះតទៅ ក្រោយពីបានផ្អាកមួយរយៈពេលដើម្បីធ្វើការថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសឡើងវិញ។

-->
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថា ក្រោយពីបានផ្អាកមួយរយៈ ដើម្បីធ្វើការថែទាំ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស។ ស្ពានបេឡេឫស្សីកែវ នឹងដាក់អោយដំណើរការធ្វើចរាចរជាធម្មតាឡើងវិញ នៅថ្ងៃព្រហស្បតិ៍ទី១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ព្រឹកតទៅ។
លោក ម៉េត មាសភ័ក្ដីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញបានឱ្យដឹងថា ស្ពានបេឡេឫស្សីកែវ ឆ្លងកាត់ទន្លេសាបចំណុចឃ្លាំងសាំងក្រុមហ៊ុនសូគីមិច នឹងបើកឱ្យប្រជាពលរដ្ឋ ធ្វើចរាចរជាធម្មតាឡើងវិញនៅព្រឹក ថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩នេះតទៅ បន្ទាប់ពីបានផ្អាកមួយរយៈពេល ដើម្បីធ្វើការថែទាំ ជួសជុល និងត្រួតពិនិត្យលក្ខណៈបច្ចេក ទេសរួចមក ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ថា ស្ពានដែកបេឡេតភ្ជាប់ពីផ្លូវជាតិលេខ៥ ស្ថិតនៅខណ្ឌឫស្សីកែវទៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យដំណើរការអស់រយៈពេលប្រមាណ០១ឆ្នាំមកហើយ។
លោកបានថ្លែងថា “ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពជូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ស្ពានដែកបេឡេ ឱ្យស្របតាមបទដ្ឋានបច្ចេកទេសនោះ ទើបរដ្ឋបាលរាជធានីភ្នំពេញត្រូវការថែទាំ ជួសជុល និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ស្ពានដែកបេឡេនេះ រួមមាន គ្រឿងបង្គំស្ពានផ្នែកខាងលើ និងផ្នែកសសរទម្រស្ពាន”។
លោកម៉េត មាសភ័ក្ដីបានបន្តថា ក្រោយពីបានផ្អាកមួយរយៈពេល ដើម្បីធ្វើការថែទាំជួសជុល និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានសម្រេចបើកឱ្យធ្វើចរាចរណ៍ជាធម្មតាឡើងវិញ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។
ស្ពាននេះមានប្រវែង ៥០៦ម៉ែត្រ ទទឹង១២ម៉ែត្រ តភ្ជាប់ពីខណ្ឌឫស្សីកែវ មកខណ្ឌជ្រោយចង្វារ សម្រាប់ជួយបសម្រួលចរាចរណ៍នៅស្ពានជ្រោយចង្វានិងស្ពានព្រែកព្នៅ។
រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការការផ្អាកជាបណ្តោះអាសន្ន នូវការធ្វើចរាចរឆ្លងកាត់ស្ពានដែកបេឡេ ឆ្លងកាត់ទន្លេសាប ស្ថិតនៅខណ្ឌប្ញស្សីកែវ និងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ខែមិថុនា ឆ្នាំ២០១៩ ដើម្បីថែទាំ និងត្រួតលក្ខណៈបច្ចេកទេសស្ពាន។

រដ្ឋបាលរាជធានីភ្នំពេញញធ្លាប់បានបញ្ជាក់ហើយថា ស្ពានដែកបេឡេតភ្ជាប់ពីផ្លូវជាតិលេខ៥ ស្ថិតនៅខណ្ឌឬស្សីកែវ ទៅតំបន់អភិវឌ្ឍជ្រោយចង្វារ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានដាក់ឲ្យដំណើរការអស់រយៈពេល ប្រមាណ១ឆ្នាំមកហើយ៕