ដោយៈ រ៉ាណេត
ភ្នំពេញៈ ជាទូទៅសម្រាប់អចលនទ្រព្យ ដែលស្ថិតនៅតាមបណ្តាផ្លូវធំៗនៅតំបន់ទីប្រជុំជន ជាពិសេសក្នុងតំបន់ក្រុងតែម្ដង សុទ្ធតែមានសក្ដានុពលខ្លាំងក្នុងការធ្វើអាជីវកម្មផ្សេងៗរហូតតំបន់ខ្លះក្លាយជាបណ្តុំពាណិជ្ជកម្មចំរុះ និងមានតម្រូវការខ្ពស់។
ដោយឡែកចំពោះអចលនទ្រព្យស្ថិតនៅផ្លូវធំ តំបន់ជាយក្រុង តើអាចមានសក្ដានុពលដែរឬទេ?។
-->
អ្នកវិភាគបញ្ហាសង្គម និងសេដ្ឋកិច្ចអចលនទ្រព្យ លោក ង៉ែត ជូ ដែលបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនបានលើកឡើងថា “ខ្ញុំតែងយល់ថា អ្នកដែលមានអចលនទ្រព្យ ឬដីនៅផ្លូវធំ (ទីតាំងពាណិជ្ជកម្ម) កាន់កាប់ឱកាស ៥០% នៃគ្រប់អាជីវកម្មទាំងអស់ ព្រោះគ្រប់អាជីវកម្មទាំងអស់សុទ្ធតែត្រូវការទីតាំង”។
លោកបានសរសេរបន្តទៀតថា ជាក់ស្តែងយើងអាចវិភាគលើកត្តាសំខាន់ៗមួយចំនួនដូចជា ទី១ កាល៥ឆ្នាំមុនផ្ទះល្វែងសំរាប់ពាណិជ្ជកម្ម (shop house) នៅជាយក្រុងមានតម្លៃប្រមាណ ១០ម៉ឺនដុល្លាអាមេរិក ឥឡូវមានតម្លៃប្រមាណ ៣០ម៉ឺនដុល្លាអាមេរិក។ ទី២ ស្ថាបនិករបស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំបំផុតរបស់អាមេរិក (អាម៉ាហ្សូន) បានលើកឡើងថា អាម៉ាហ្សូន ជាក្រុមហ៊ុនលក់រាយតាមអនឡាញដ៏តូចមួយ ព្រោះទីផ្សារលក់រាយ ៩០% គឺជាទីផ្សារលក់តាមហាង និងតាមផ្ទះ។
លោកបានបន្តថា “កម្ពុជាប្រទេសកំពុងអភិវឌ្ឍន៍ ការពង្រីកវិសាលភាពទីក្រុងភ្នំពេញមានសន្ទុះខ្លាំង។ ដូច្នេះការវិនិយោគរយៈពេលវែង (ចន្លោះពី ៥-១០ ឆ្នាំ) លើដីធ្លីបែបពាណិជ្ជកម្ម (ផ្លូវធំៗ ចាប់ពីទំហំ៣០ម៉ែត្រឡើង) នៅជាយក្រុងឬជាប់ក្រុង ដែលមានតម្លៃក្រោម ២០០ដុល្លាក្នុង១ម៉ែត្រការ៉េ ជាជម្រើសវិនិយោគដ៏ល្អបំផុត”។
ម្យ៉ាងអចលទ្រព្យប្រភេទនេះ មានហានិភ័យទាប ព្រោះក្នុងកាលៈទេសៈណាក៏វាបំរើឱ្យមុខងារសេដ្ឋកិច្ចតាមរយៈសកម្មភាពពាណិជ្ជកម្មនានា”។
ជាមួយគ្នានេះ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី បានមានប្រសាសន៍តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ នេះថា បើនៅទីប្រជុំជនក្នុងក្រុង អចលនទ្រព្យគ្រប់ប្រភេទសុទ្ធ តែមានតម្រូវការខ្ពស់ ប៉ុន្តែបើជាយក្រុង ហើយកត្តាប្រជាសាស្ត្រមិនអំណោយផលក៏អាចប្រឈមដែរ។ លោកឧកញ៉ាបន្តទៀតថា “សម្រាប់ក្នុងក្រុងមិនថានៅផ្លូវធំ ឬតូចនោះទេ ភាគច្រើនសុទ្ធតែអាចបង្កើតអាជីវកម្មបានទាំងអស់ ប៉ុន្តែបើនៅជាយក្រុង តំបន់ខ្លះហាក់មិនទាន់អាចបង្កើតអាជីវកម្មបាននៅឡើយនោះទេ។
លោកបានបន្តទៀតថា “ការដែលអាចក្លាយជាតំបន់អាជីវកម្ម ឬមិនអាចអាស្រ័យលើកត្តាប្រជាសាស្ត្រ ឬដង់ស៊ីតេក្នុងតំបន់បានន័យថា កត្តាប្រជាជនសំខាន់”។ លោកបានបន្តទៀតថា “បច្ចុប្បន្ននេះរហូតរយៈពេល១០ឆ្នាំខាងមុខ អចលនទ្រព្យដែលស្ថិតនៅចម្ងាយពីក្រុង៣០គីឡូម៉ែត្រ គឺនៅមានឱកាសវិនិយោគ ហើយរហូតដល់ឆ្នាំ២០៥០ ក្រោយពេលវិសាលភាពក្រុងត្រូវបានពង្រីក វានឹងបន្តរហូតដល់ចម្ងាយប្រមាណ៥០គីឡូម៉ែត្រ”៕