សកម្មភាព​សាងសង់​ជញ្ជាំង​ទប់​ដី​អគារ​ភ្លោះ​ខ្ពស់់​ជាងគេ​នៅ​លើ​ពិភពលោក​ត្រៀម​បញ្ចប់​

0
អគារភ្លោះ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ​នៅពេល​និយាយ​ពី​ការសាងសង់​ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ភ្លោះ​ខ្ពស់កប់ពពក​ Thai​ Boon​ Roong​​ ដែល​មាន​កម្ពស់​ជិត ៦០០ម៉ែត្រ​នោះ​ មាន​សាធារណៈ​ជន​ជាច្រើន​បាន​បង្ហាញ​ពី​ការ​ចង់​ដឹង​ និង​តាមដាន​ពី​សកម្មភាព​នៃ​ការសាងសង់​យ៉ាង​អន្ទះ​សារ​ជាទីបំផុត​។

ជា​ដំណាក់កាល​ដំបូង​នៃ​ការសាងសង់​សំណង់​អគារ​ភ្លោះ​ ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​នៅក្នុង​ពិភពលោក​ Thai​ Boon​ Roong​ ដែល​មាន​ទីតាំង​ស្ថិត​ប្រប​មាត់ទន្លេ​ ទល់មុខ​មជ្ឈមណ្ឌល​កម្សាន្ត​ណា​ហ្គាវើល​ ពេលនេះ​ក្រុមហ៊ុន​និង​ក្រុម​វិស្វកម្ម​ បាន​និង​កំពុង​ធ្វើ​យ៉ាង​លឿន​ ដើម្បី​បញ្ចប់​ការសាងសង់​តាម​ផែនការ​ មុន​ពេល​ការដ្ឋាន​សាងសង់​អាគារ​ខ្ពស់​នេះ​ចាប់ផ្តើម​នា​ពេល​ឆាប់​ៗនេះ​។

ការ​សាង​ជញ្ជាំង​ទប់​ដី​ Diaphragm​ Wall​ ដ៏​មហិមា​នេះ​ មានការ​លើកដាក់​ Steel​ Cage​ ជាច្រើន​ផ្ទាំង​ ហើយ​ក្នុង​មួយ​ផ្ទាំង​ៗមាន​ទម្ងន់​រហូតដល់៥០តោន​។

ស្ថាបត្យករ​អាស៊ាន​ លោក​សាស្ត្រា​ចារ្យ​ ទួស​ សា​ភឿន​ ប្រធាន​ក្រុមការងារ​ស្ថាបត្យកម្ម​ និង​សំណង់​ប្រចាំ​ក្រុមហ៊ុន​ថៃ​ប៊ុ​នរ៉ុង​ និង​ជា​អគ្គលេខាធិការ​រង​គណ​ស្ថាបត្យករ​ជាតិ​កម្ពុជា​បាន​មានប្រសាសន៍​តាម​ទូរស័ព្ទ​កាលពី​ល្ងាច​ថ្ងៃទី៣១​ ខែកក្កដា​ ឆ្នាំ​២០១៩កន្លងមក​ថា​ បច្ចុប្បន្ន​នេះ​ សកម្មភាព​សាងសង់​ជញ្ជាំង​ទប់​ដី​ ដែល​កំពុង​ធ្វើ​ដោយក្រុម​អ្នកជំនាញ​ជាច្រើន​នាក់​ គឺ​មាន​ភាព​មមាញឹក​ ដែល​សូម្បីតែ​ពេលយប់​ក៏​ធ្វើការ​ដែរ​។

លោក​បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា​ “តាម​គម្រោង​ និង​កុងត្រា​ជាមួយ​ក្រុមហ៊ុន​ទទួល​សាងសង់​ជញ្ជាំង​ទប់​ដី​នេះ​ គឺ​ត្រូវ​ចំណាយពេល៦ខែ​ ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ត្រូវ​បា​នព​ន្យា​ពេល​ដោយសារតែ​កត្តា​មួយចំនួន​ជា​ឧបសគ្គ​”។ លោក​បន្ត​ទៀត​ថា​ “ឧបសគ្គ​ចម្បង​ គឺ​ការ​ខ្វះខាត​ និង​ពិបាក​ក្នុង​ការជួល​ឧបករណ៍​ ដែល​សុទ្ធតែ​យក​មក​ពី​បរទេស​ទាំងអស់​ ដោយ​បច្ចេកទេស​ត្រូវ​បាន​យក​មក​ពី​ប្រទេស​ចិន​ និង​ប្រទេស​វៀតណាម​ ប៉ុន្តែ​មកទល់​ពេលនេះ​ ដំណាក់កាល​សាងសង់​ជញ្ជាំង​ទប់​ដី​នេះ​ ជិត​បាន​បញ្ចប់​ហើយ​”។

ជា​ដំណាក់​បន្ទាប់​ លោក​សាស្ត្រា​ចារ្យ​ទួស​ សា​ភឿន​ បាន​បញ្ជាក់​ប្រាប់​ថា​ ការសាងសង់​ជញ្ជាំង​ទប់​ដី​នេះ​ មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​ការពារ​បាក់​ដី​ ឬស្រុត​ នៅពេល​ដែល​យើង​កាយដី​ក្នុង​ជម្រៅ​ជ្រៅ​ ដើម្បី​ចាប់ផ្តើម​ដំណើរការ​សាងសង់​បន្ទាប់​ ដូចជា​ការ​ខួង​ដី​ដើម្បី​បុក​គ្រឹះ​ជាដើម​។ លោក​បាន​បន្ត​ថា​ បើ​ទោះជា​ត្រូវ​ពន្យា​ពេល​ ក៏​យើង​ស្របតាម​ មិន​បង្ខំ​នោះ​ទេ​ ព្រោះ​យើង​ចង់បាន​គុណភាព​សំណង់​ជាអាទិភាព​ ហើយ​ម៉្យាង​អគារ​នេះ​មិនមែន​ជា​ប្រភេទ​អគារ​ធម្មតា​ ឬតូច​នោះ​ទេ​។

​លោក​បញ្ជាក់​ថា​ “ពេលនេះ​ក្រុម​អ្នកជំនាញ​បច្ចេកទេស​ បាន​និង​កំពុង​ពន្លឿន​សកម្មភាព​ដើម្បី​ឱ្យ​បានសម្រេច​ និង​លេចចេញ​លទ្ធផល​ទៅតាម​ដំណាក់កាល​ ដែល​បាន​គ្រោងទុក​”។

អគារ​ភ្លោះ​នេះ​មាន​កម្ពស់៥៦៨ម៉ែត្រ​ ដែល​ជា​កម្ពស់​ខ្ពស់​ជាងគេ​លើ​ពិភពលោក​មាន​ចំនួន១៣៣ជាន់​ ដោយ​សម្ភារៈ​ដែក​ដែល​ត្រូវ​យក​មក​សាងសង់​ ត្រូវ​បាន​បញ្ជាទិញ​ផ្ទាល់​ពី​រោងចក្រ​ជំនាញ​ រួម​ជាមួយ​ការកំណត់​ប្រវែង​ផង​ដែរ​។ ទាំងអស់​នេះ​គឺជា​រូបភាព​ នៃ​សកម្មភាព​សាងសង់​យ៉ាងសកម្ម​របស់​ក្រុម​អ្នកជំនាញ​៕

អគារ​ភ្លោះអគារ​ភ្លោះអគារ​ភ្លោះអគារ​ភ្លោះអគារ​ភ្លោះអគារ​ភ្លោះ

LEAVE A REPLY

Please enter your comment!
Please enter your name here