ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ បានចំណាយថវិកាជាតិរាប់ពាន់លានដុល្លារលើការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសផ្លូវថ្នល់នៅទទូងទាំងប្រទេស ខណៈផ្លូវមួយចំនួនបានសាងសង់រួចរាល់ដាក់ឱ្យដំណើរការ និងមួយចំនួនទៀត បាននឹងកំពុងជួសជុល សាងសង់ថ្មី និងស្ថាបនាឡើងវិញ ដើម្បីឆ្លើយតបទៅនឹងកំណើនប្រជាជន មធ្យោបានធ្វើដំណើរ និងសេដ្ឋកិច្ចរបស់ប្រទេស។
គេហទំព័រ Propertyarea.asia ដែលជាគេហទំព័រព័ត៌មានអចលនទ្រព្យឈានមុខគេនៅកម្ពុជា សូមលើកយកហេដ្ឋារចនាសម្ព័ន្ធផ្លូវជាតិចំនួន៤ ដែលកំពុងសាងសង់នឹងជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែមានសន្ទុះរីកចំរើនបន្ថែមទៀត ក្រោយពេលសាងសង់ចប់ យកមកចុះផ្សាបន្ថែមទៀតដូចខាងក្រោមនេះ៖
-->
១) ផ្លូវក្រវ៉ាត់ក្រុងទី៣
ផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលមានប្រវែងជាង៥០គីឡូម៉ែត្រ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចំណាយថវិកាជិត៣០០លានដុល្លារសហរដ្ឋអាមេរិក សាងសង់នេះក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ ក្នុងទីក្រុង និងការធ្វើសមាហរណកម្មផ្ទៃក្នុង។
ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ នឹងប្រើរយៈពេល៤២ខែ ដែលគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ មកផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកណ្តាល ប្រវែងសរុបជិត៥៣គីឡូម៉ែត្រ ។ ផ្លូវនេះ មានទំហំទទឹងផ្លូវរហូតដល់ទៅ ២៧ម៉ែត្រ សម្រាប់ទីប្រជុំជន និងសម្រាប់ក្រៅទីប្រជុំជនវិញមានទំហំទទឹងផ្លូវ ២៥ម៉ែត្រ។
២) ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ
ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ ដែលចំណាយថវិកាប្រមាណ២ពាន់លានដុល្លារអាមេរិក ក្នុងការសាងសង់មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។
ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង៨៩.៨៩គីឡូម៉ែត្រ ។ ផ្លូវល្បឿនលឿនបានបើកសម្ពោធ កាលពីព្រឹកថ្ងៃទី២២ មីនាឆ្នាំ ២០១៩ កន្លងមកនេះក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោកខុង សៀនយ៉ូវ (Kong Xuanyou) អនុរដ្ឋមន្រ្តីក្រសួងការបរទេសចិន។
៣) គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥
គម្រោងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ៥ ភាគកណ្តាលពីព្រែកក្តាម ទៅដល់ប៉ោយប៉ែត ដែលមានប្រវែង៣៦៦គីឡូម៉ែត្រ ត្រូវបានធ្វើការជួលជុលពង្រីកបន្ថែមក្នុងរង្វង់ថវិកាប្រមាណ៥០០លានដុល្លារ សហរដ្ឋអាមេរិក។ ការអភិវឌ្ឍកំណាត់ផ្លូវជាតិលេខ៥នេះ នឹងក្លាយជាផ្លូវប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា តាមរយៈការតភ្ជាប់ជាមួយប្រទេសចំនួន៤ផ្សេងទៀតក្នុងតំបន់អាស៊ាន និងប្រទេសចិន។
៤) ការស្ថាបនាឡើងវិញផ្លូវជាតិលេខ៣
គម្រោងពង្រីក និងលើកកម្រិតកំណាត់ផ្លូវជាតិលេខ៣ មានប្រវែងសរុប ១៣៤,៨២៦ គីឡូម៉ែត្រ ចាប់ពីភ្នំពេញ (ចោមចៅ) ដល់ក្រុងកំពត ដោយឆ្លងកាត់រាជធានីភ្នំពេញ ប្រវែង ១២គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ១១គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៣០គីឡូម៉ែត្រ ខេត្តតាកែវ ប្រវែង៣០គីឡូម៉ែត្រ និងខេត្តកំពតប្រវែង ៥១គីឡូម៉ែត្រ។
ផ្លូវជាតិលេខ៣ គឺជាខ្សែផ្លូវនៃប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្តានុពលរបស់ព្រះរាជាណាចក្រកម្ពុជា តភ្ជាប់រាជធានីភ្នំពេញ ទៅកាន់ខេត្តកំពត ដោយឆ្លងកាត់រាជធានី-ខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តកំពត និងអាចតភ្ជាប់ទៅកាន់កំពង់ផែសមុទ្រអន្តរជាតិ ខេត្តព្រះសីហនុ តាមរយៈផ្លូវជាតិលេខ៤ និងខេត្តកោះកុង ច្រកព្រំដែនកម្ពុជា-ថៃ តាមរយៈផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៤៨៕