លំហូរ​វិនិយោគ​នៅ​កម្ពុជា​កើនឡើង​ដល់​ទឹកប្រាក់​ជាង​ ៥០០០លាន​ដុល្លារ​ត្រឹម ៦ខែ​ឆ្នាំ២០១៩​

0
លំហូវិនិយោគ

ដោយៈ​ រ៉ា​ណេត​

ភ្នំ​ពេញៈ​ ទំហំ​វិនិយោគ​បន្ថែម​នៅ​កម្ពុជា​ បាន​កើនឡើង​រហូតដល់​ទឹកប្រាក់ ៥១៨១លាន​ដុល្លារ​សហរដ្ឋអាមេរិក​ ដែល​មាន​គម្រោង​ចំនួន១៥៣​ ខណៈ​ដែល​កាលពី​ឆ្នាំ២០១៨​ នៅ​ឆមាស​ទី១មាន​ត្រឹម ១០៥គម្រោង​ ស្មើនឹង​ទំហំ​វិនិយោគ ៣០០០ លាន​ដុល្លារ​តែប៉ុណ្ណោះ​។

យោង​តាម​របាយការណ៍​ ដែល​ចេញ​ដោយក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ CDC​ បានឱ្យ​ដឹង​ថា​ នៅ​ត្រឹម​ឆមាស​ទី១​ ឆ្នាំ២០១៩​ តាមរយៈ​គណៈកម្មការ​វិនិយោគ​កម្ពុជា​ និង​គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​ បានសម្រេច​ឯកភាព​លើ​គម្រោង​ថ្មី​ និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប​មាន ១៥៣គម្រោង​ ក្នុង​នោះ​គម្រោង​ក្រៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ១១០គម្រោង​ និង​គម្រោង​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មាន ៤៣គម្រោង​។ នៅក្នុងចំណោម​គម្រោង​ទាំង ១៥៣ខាងលើ​នេះ​ មាន​ទំហំ​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​ ៥១៨១​ លាន​ដុល្លារ​អាចប​ង្កើត​ការងារ​បាន​ជាង ១៦៧​,៣៣០កន្លែង​”។

អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​ លោក​ឧកញ៉ា​លឹម​ ហេង​ បាន​បង្ហាញ​ពី​ក្ដី​សាទរ​ និង​មាន​ជំនឿ​ជឿជាក់​យ៉ាង​មុតមាំ​ថា​ សម្រាប់​ដំណាច់ឆ្នាំ២០១៩​ កម្ពុជា​នៅតែ​អាច​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​ក្នុងរង្វង់​ជាង ៧ភាគរយ​ ហើយ​គម្រោង​វិនិយោគ​បន្ថែម​នៅតែ​មានការ​កើនឡើង​។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ថា​ រយៈពេល៦ខែ​ឆ្នាំនេះ​ ក៏ដូចជា​ពេញ​មួយឆ្នាំ២០១៩​ កំណើន​សេដ្ឋកិច្ច​នៅតែ​រក្សា​បាន​លំនឹង​ធម្មតា​ ការ​វិនិយោគ​នៅតែ​មាន​ចូល​បន្ថែម​ ហើយ​គម្រោង​ចាស់​ដែល​មានស្រាប់​ ក៏​មិន​មាន​ភាព​អសកម្ម​នោះ​ដែរ​ មានតែ​ខ្វះ​រោងចក្រ​ជួល​ថែមទៀត​ផង​”។

​លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “នៅក្នុង​គម្រោង​វិនិយោគ​បរទេស​ ដែល​ចូល​មកកាន់​កម្ពុជា​ វិស័យ​សំណង់​ និង​អចលនទ្រព្យ​​បាន​ឈានមុខ​គេ​ បន្ទាប់មក​គឺ​វិស័យ​ឧស្សាហកម្ម​កាត់ដេរ​ វិស័យ​ទេសចរណ៍​និង​កម្សាន្ត​ ដែល​រួមមាន​ដូចជា​ការ​វិនិយោគ​លើ​ផ្នែក​សណ្ឋាគារ​ និង​កាស៊ីណូ​ជាដើម​ ”។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ដោយឡែក​សម្រាប់​ថ្ងៃខាងមុខ​នេះ​យើង​រំពឹង​ថា​ នឹង​មាន​ក្រុមហ៊ុន​អន្តរជាតិ​ដទៃទៀត​ ចូល​មក​វិនិយោគ​លើ​វិស័យ​កសិកម្ម​ ដូចជា​ការបង្កើត​រោងចក្រ​កែច្នៃ​ និង​វេច​ខ្ចប់​កសិផល​ដើម្បី​នាំចេញ​ទៅក្រៅ​ប្រទេស​”។

ពាក់ព័ន្ធ​ទៅ​នឹង​ការនាំចេញ​ពី​កម្ពុជា​ ឆ្ពោះទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ត្រូវ​បាន​លោក​ឧកញ៉ា​រំពឹង​ថា​ នៅតែ​រក្សា​បាន​នូវ​ភាពល្អ​ប្រសើរ​ដដែល​ បើ​ទោះជា​កម្ពុជា​មិន​មានច្បាប់​អនុគ្រោះ​ពន្ធ​ពី​សភាព​អឺរ៉ុប​ក៏ដោយ​។

លោក​ឧកញ៉ា​លឹម​ ហេង​បាន​បញ្ជាក់​ថា​ “មាន​បណ្តា​ប្រទេស​កម្នុង​តំបន់​ជាច្រើន​ដែល​មិន​មានច្បាប់​អនុគ្រោះ​ពន្ធ​ ប៉ុន្តែ​គេ​នៅតែ​អាច​ធ្វើ​បាន​ ហើយ​កម្ពុជា​ក៏អាច​ធ្វើ​បាន​ដូចគ្នា​”។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​ “ផ្អែក​តាម​ការ​ធ្វើ​កំណែទម្រង់​គោលការណ៍​ និង​នយោបាយសេដ្ឋកិច្ច​ផ្ទៃក្នុង​របស់​រាជរដ្ឋាភិបាល​ កម្ពុជា​នៅតែ​អាច​ឈរជើង​រឹងមាំ​ក្នុង​ការនាំចេញ​ទំនិញ​ទៅកាន់​ទីផ្សារ​ពិភពលោក​ដដែល​ ហើយ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែមទៀត​ផង​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here