ដោយនៅ ស៊ីវុត្ថា
ភ្នំពេញៈ ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥ បាននិងកំពុងសិក្សាដើម្បីចាប់ផ្តើមដំណើរការសាងសង់នាពេលខាងមុខ ក្នុងការសម្រួលលំហូរចរាចរណ៍ពីរាជធានីភ្នំពេញ ទៅកាន់ពហុកីឡាដ្ឋានមរតកតេជោ ទីតាំងដែលកម្ពុជានឹងប្រារពកីឡាស៊ីហ្គេមនាឆ្នាំ២០២៣ខាងមុខនេះ។
អនុរដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនលោកគង់ វិមានបានសរសេរលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់លោកនាព្រឹកថ្ងៃទី២ សីហានេះថា ហេដ្ឋារចនាសម្ព័ន្ឋធំៗចំនួន៥ បាននិងកំពុងសិក្សា ដើម្បីតភ្ជាប់
ប្រព័ន្ឋដឹកជញ្ជូនចេញពីរាជធានីភ្នំពេញ តភ្ជាប់ទៅតំបន់ទីក្រុងរណបតេជោមរកត។
គំរោងហេដ្ឋារចនាសម្ព័ន្ឋធំៗ ទទាំងនោះរួមមាន ទី១ ផ្លូវល្បឿនលឿន (មួយខ្សែកំពុងសាងសង់ និងមួយខ្សែទៀតកំពុងចចារ )។ ទី២ ស្ពានអាកាស បន្ថែម ( សាលាក្រុងកំពុងដំណើរការ និងបំពេញនិតិវិធី )ទី៣ ផ្លូវរថភ្លើងលើអាកាស ( កំពុងដាក់អោយសិក្សា) ទី៤ ផ្លូវរថភ្លើងក្រោមដី ( កំពុងដាក់អោយសិក្សា និងទី៥ផ្លូវក្រោមទន្លេ ..!។ (កំពុងសិក្សា) លោកបានសរសេរដោយលើកជាសំណួរថា “តើបងប្អូនពេញចិត្តទេ? គាំទ្រទេ?”។
លោកបន្ថែមថា “ទាំងអស់នេះ គឺកំពុងតែមាននៅក្នុងផែនការអនាគតរបស់ក្រសួងសាធារណៈការ និងដឹកជញ្ជូន ហើយនិងកំពុងដាក់អោយក្រុមហ៊ុនសិក្សាផងដែរ”។
ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា វិស័យសាធារណការមានការីកចម្រើនយ៉ាងឆាប់រហ័សបំផុត។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងមមារញឹកខិតខំស្វះស្វែងរកដៃគូរវិនិយោគ សំដៅធ្វើយ៉ាងណាអោយសម្រេចបានជោគជ័យជូនជាតិមាតុភូមិយើងទាំងអស់គ្នា៕