ចំណេះដឹង​! តើ​តម្លៃ​អចលនទ្រព្យ​ត្រូវ​កំណត់​ដូចម្តេច​?

0
បញ្ហា​ប្រឈម​

ដោយ ​វុត្ថា​

ភ្នំ​ពេញៈ​ អនុគណៈ​កម្មការ​វាយតម្លៃ​អចលនទ្រព្យ​ គឺជា​អ្នក​កំណត់​តម្លៃ​អចលនទ្រព្យ​ ដោយ​ប្រៀបធៀប​នឹង​តម្លៃ​ទីផ្សារ​។

សម្រាប់​ឆ្នាំ២០១១​ តារាងតម្លៃ​អចលនទ្រព្យ​ ដែល​កំណត់​ដោយ​អនុគណៈ​កម្មការ​វាយតម្លៃ​អចលនទ្រព្យ​ មាន​ភ្ជាប់​ជា​ឧប​សម្ព័ន្ធ​ នៅក្នុង​ប្រកាស​របស់ក្រ​សួង​សេដ្ឋកិច្ច​ចុះ​ថ្ងៃទី៥​ ឧសភា​ ២០១១​។

​តារាងតម្លៃ​អចលនទ្រព្យ​នេះ​ ត្រូវ​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ នៅ​តាម​សាលាឃុំ​-សង្កាត់​ពាក់ព័ន្ធ​ នៅ​តាម​សាខា​ពន្ធដារ​ខេត្ត​ ឬសាខា​ពន្ធដារ​ខណ្ឌ​ (នៅ​រាជធានី​ភ្នំពេញ​) និង​ផ្សព្វផ្សាយ​នៅ​លើ​វេ​បសសាយ​របស់​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ (www.tax.gov.kh​)។

តម្លៃ​អចលនទ្រព្យ​ ត្រូវ​គិតជា​តម្លៃ​ក្នុង​មួយ​ម៉ែត្រការ៉េ​ ហើយ​អាច​ខុសគ្នា​ទៅតាម​ប្រភេទ​ និង​ទីតាំង​របស់​អចលនទ្រព្យ​ (នៅ​ក្រុង​ នៅ​ខេត្ត​ នៅ​ជិត​ផ្សារ​ នៅ​ឆ្ងាយ​ពីទី​ប្រជុំជន​ ជា​ផ្ទះ​ជាន់ផ្ទាល់ដី​ ជាន់ទី១​ ទី៣​ ទី៤​ ។ល។

ឧទាហរណ៍​អំពី​ការ​គណនា​ប្រាក់​ពន្ធ​លើ​អចលនទ្រព្យ​៖ ខ្ញុំ​មានផ្ទះ​ល្វែង២ជាន់​ ទទឹង​ ៤ម៉ែត្រ​ បណ្តោយ២៥ម៉ែត្រ​ (ទំហំ១០០ម៉ែត្រការ៉េ​) សង់​នៅ​លើ​ដី​ ដែល​មាន​ទំហំ​ប៉ុន​ផ្ទះ​ (ដើម្បីឲ្យ​ងាយ​យល់​)។ ដី​ និង​ផ្ទះល្វែង​នេះ​ ស្ថិតនៅ​មុខ​ផ្សារ​ក្រចេះ​ ហើយ​ផ្ទះ​នេះ​ ជា​ផ្ទះ​ចាស់​ លើស​ពី១០ឆ្នាំ​។ តើ​ខ្ញុំ​ត្រូវ​បង់ពន្ធ​ប៉ុន្មាន​?។

យោង​តាម​តារាងតម្លៃ​អចលនទ្រព្យ​ ឆ្នាំ២០១១​ កំណត់​ដោយ​អនុគណៈ​កម្មការ​វាយតម្លៃ​អចលនទ្រព្យ​៖ដី​ នៅ​ជុំវិញ​ផ្សារ​ក្រចេះ​ = ២៥០ដុល្លារ​ ក្នុង​ ១ម៉ែត្រការ៉េ​

ផ្ទះល្វែង​ជាន់ផ្ទាល់ដី​ = ១៧០ដុល្លារ​ ក្នុង​ ១ម៉ែត្រការ៉េ​។ ផ្ទះ​ជាន់ទី១​ = ១១០ដុល្លារ​ ក្នុង​ ១ម៉ែត្រការ៉េ​។ តម្លៃ​អចលនទ្រព្យ​របស់ខ្ញុំ​ គឺ​មាន​៖។ ដី​ ១០០ម៉ែត្រការ៉េ​ x ២៥០ដុល្លារ​ =២៥​ ០០០ដុល្លារ​។ ផ្ទះ​ជាន់ផ្ទាល់ដី​ ១០០ម៉ែត្រការ៉េ​ x ១៧០ដុល្លារ​ = ១៧​ ០០០ដុល្លារ​

។ផ្ទះ​ជាន់ទី១​ ១០០ម៉ែត្រការ៉េ​ x ១១០ដុល្លារ​ = ១១​ ០០០ដុល្លារ​។

តម្លៃ​សរុប​ = ៥៣​ ០០០ដុល្លារ​ ឬ ២១២លាន​រៀល​(គិត​តាម​អត្រា​ប្តូរ​ប្រាក់​ ១ដុល្លារ​ = ៤០០០រៀល​ ដែល​កំណត់​ដោយ​អគ្គនាយក​ដ្ឋាន​ពន្ធដារ​ សម្រាប់​ឆ្នាំ២០១១​)

ពន្ធ​ដែល​ត្រូវ​បង់​៖(២១២លាន​រៀល​ x ៨០​% – ១០០លាន​រៀល​) x ០,១% = ៦៩​ ៦០០រៀល​ (១៧​,៤ដុល្លារ​)៕

LEAVE A REPLY

Please enter your comment!
Please enter your name here