ដោយៈ រ៉ាណេត
ភ្នំពេញៈ ក្រាំងធ្នង់ ដែលធ្លាប់តែជាតំបន់ដាច់ស្រយាល និងលិចទឹកកាលពីប៉ុន្មានឆ្នាំមុននោះ ពេលនេះត្រូវបានបំពេញទៅដោយសំណង់លំនៅដ្ឋានស្អេកស្កះ រួមជាមួយនឹងវត្តមានរបស់សំណង់បុរីធំជាច្រើន ដែលជំរុញឱ្យតម្លៃដីនៅក្នុងតំបន់មួយនេះឡើងថ្លៃលើសពីការស្មាន។
ងាកចេញពីទីប្រជុំជនស្ថិតកណ្តាលក្រុងបន្ដិច តំបន់ក្រាំងធ្នង់ ដែលស្ថិតនៅព្រំប្រទល់រវាងខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ពេលនេះបានបង្ហាញពីសក្ដានុពលរបស់ខ្លួនយ៉ាងអស្ចារ្យ ជាមួយនឹងវត្តមានសំណង់លំនៅដ្ឋាន និងបុរីធំៗ រហូតដល់លំនៅដ្ឋានកម្រិតខ្ពស់ជាច្រើន មកជំនួសតំបន់ដែលធ្លាប់តែជាបឹង និងជាដីលិចទឹកល្ហល្ហេវ។
-->
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩នេះថា បច្ចុប្បន្ននេះក្រាំងធ្នង់ ត្រូវបានគេប្រដូចគ្នាទៅនឹងតំបន់ភ្នំពេញថ្មី កាលប៉ុន្មានឆ្នាំមុនយ៉ាងដូច្នោះ។ ក្រាំងធ្នង់ឥឡូវ បានក្លាយជាតំបន់ជាយក្រុងសេដ្ឋកិច្ចលេខ១ បើប្រៀបជាមួយតំបន់ជាយក្រុងដទៃទៀត។
លោកស្រីបន្តថា “មូលហេតុដែលជំរុញឱ្យតំបន់នេះ មានការអភិវឌ្ឍលឿន ដោយសារតែមានភាពអំណោយផលពីកត្តាភូមិសាស្ត្រ ដែលស្ថិតនៅគៀកក្រុង មានបណ្តាញផ្លូវធំច្រើន ងាយស្រួលធ្វើដំណើរ និងមានតំបន់ពិសេសនៅព័ទ្ធជុំវិញច្រើន។ លោកស្រីបន្ថែមថា “នៅពេលដែលមានផ្លូវធំ មានបណ្តាញទឹក និងអគ្គិសនីគ្រប់គ្រាន់ ក្រុមហ៊ុនអភិវឌ្ឍនឹងចូលខ្លួនទៅវិនិយោគយ៉ាងប្រាកដ ជាពិសេសលើវិស័យលំនៅដ្ឋាន ដែលការវិនិយោគ និងការអភិវឌ្ឍ គឺសុទ្ធតែជំរុញឱ្យតម្លៃដីមានការកើនឡើងយ៉ាងប្រាកដ។
អគ្គនាយកក្រុមហ៊ុន PREMIUM Group លោកម៉ាន់ ច័ន្ទឌី ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋានផងដែរនោះ បានមានប្រសាសតាមទូរស័ព្ទនៅរសៀលថ្ងៃដដែលនេះ ដោយទទួលស្គាល់ពីការរីកចម្រើន និងអភិវឌ្ឍយ៉ាងលឿនរបស់តំបន់ជាយក្រុងក្រាំងធ្នង់។
លោកបានបន្តទៀត “ក្រាំងធ្នង់លែងជាតំបន់ជាយក្រុងទៀតហើយ ដែលពេលនេះស្ទើរតែគ្មានដីទំនេរដូចកាលពីប៉ុន្មានឆ្នាំមុននោះទៀតទេ។ លោកបន្តទៀតថា “តំបន់ដែលស្ថិតនៅព័ទ្ធជុំវិញដូចជាផ្លូវឧកញ៉ា ម៉ុង ឫទ្ធី និងផ្លូវហាណូយ គឺមានតម្លៃខ្ពស់ ដែលយ៉ាងហោចណាស់ ក៏ក្នុងចន្លោះជាង ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េឡើងទៅ ស័ក្ដិសមនឹងការអភិវឌ្ឍជាអគារពាណិជ្ជកម្មធំៗ ប៉ុន្តែមិនស័ក្ដិសមទៅនឹងការអភិវឌ្ឍលើវិស័យលំនៅដ្ឋាននោះទេ។
លោកបានបន្តទៀតថា តំបន់ដែលល្អក្នុងការអភិវឌ្ឍលំនៅដ្ឋាន គឺមានតម្លៃក្រោយ ២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងមានវិសាលភាពទូលាយ ខណៈតំបន់ក្រាំងធ្នង់កាលពី៣ឆ្នាំមុនគឺផ្តល់ឱកាសល្អសម្រាប់អ្នកអភិវឌ្ឍលំនៅដ្ឋាន ប៉ុន្តែរហូតមកដល់ពេលនេះ ឱកាសល្អៗទាំងនោះលែងមានទៀតហើយ ហើយវានឹងបន្តទពង្រីកតម្លៃលើងខ្ពស់ជាងនេះបន្ថែមទៀតនៅត្រឹមឆ្នាំក្រោយ។

លោកបានបញ្ជាក់ថា ដីមានភាពខុសគ្នាខ្លាំង បើទោះជាស្ថិតនៅក្នុងតំបន់ក្រាំងធ្នង់ដូចគ្នាក៏ដោយ ដូចជានៅតំបន់ទំនេរមិនជាប់ផ្លូវធំ អាចមានតម្លៃក្នុងចន្លោះ ៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយឡែកបើនៅតំបន់ទីប្រជុំជន និងជាប់ផ្លូវធំអាចមានតម្លៃខ្ពស់រហូតដល់ជាង ១០០០ដុល្លារឡើងទៅក្នុងមួយម៉ែត្រការ៉េ ឬខ្ពស់ជាងនេះក៏មាន”៕