ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន Commerz Real ជាសាខារបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំនៅប្រទេសអាល្លឺម៉ង់ German Commerzbank បានប្រកាសលក់អគារការិយាល័យ 71 Robinson Road របស់ខ្លួននៅក្នុងប្រទេសសឹង្ហបុរីក្នុងតំលៃ ៦៥៥លានដុល្លារសឹង្ហបុរី ស្មើនឹងតម្លៃ ៤៧៥,៧លានដុល្លារអាមេរិក ទៅឲ្យក្រុមហ៊ុន SV Robinson ដែលជាក្រុមហ៊ុនសម្ព័ន្ធ Sun Venture Group។
សារព័ត៌មាន APAC Real Estate បានចុះផ្សាយកាលពីថ្ងៃទី៥ ម្សិលមិញនេះ ថា អគារការិយាល័យនេះ ត្រូវបានដំណើរការនៃការដាក់ជួលក្នុងតំលៃ ១០ដុល្លារ ក្នុងមួយហ្វីតការ៉េ ដោយមានក្រុមហ៊ុនជាច្រើនបានជួលការិយាល័យធ្វើការក្នុងអាគារនេះ រួមមានក្រុមហ៊ុន CommerzBank ក្រុមហ៊ុន Visa ក្រុហ៊ុន Ogilvy និងក្រុមហ៊ុន WeWork ។ ក្រុមហ៊ុន WeWork បានជួល 3ជាន់ចាប់តាំងពីឆ្នា២០១៧កន្លងមកនេះ។
-->
ក្រុមហ៊ុន Commerz Real Estate បានទិញអគារការិយាល័យនេះ តាំងពីឆ្នាំ ២០០៨ ដោយអគារនេះមានកំពស់១៣ជាន់ ដែលមានផ្ទៃក្រឡាការិយាល័យទំហំ២២,០០០ ម៉ែត្រការ៉េ មានទាំងមានចំណតរថយន្តពីរជាន់។
លោក Henning Koch ប្រធានគ្រប់គ្រង់ប្រតិបត្តិការសកលរបស់ក្រុមហ៊ុន Commerz Real បានឱ្យដឹងថា អាស៊ីរក្សាបាននូវទីផ្សារដ៏ទាក់ទាញ សម្រាប់ការវិនិយោគលើអគារការិយាល័យ ដោយសារតែកំណើននៃការវិនិយោគ និងពាណិជ្ជកម្មក្នុងតំបន់។
លោក Chris Fossick អគ្គនាយកក្រុមហ៊ុន JLL ប្រចាំនៅសឹង្ហបុរី និងអាស៊ីអាគ្នេយ៍ បានឱ្យដឹងដែរថា ប្រតិបត្តិការការិយាល័យនៅក្នុងប្រទេសសឹង្ហបុរី សម្រេចបានកំណើនតម្លៃហូតដល់៤.៦ពាន់លានដុល្លារ និងបន្តកើនឡើងថែមទៀតនៅចុងឆ្នាំ២០១៩នេះ។
លោកបន្តថា តម្រូវការការិយាល័យនៅក្នុងប្រទេសសឹង្ហបុរី ត្រូវបានរុញច្រានដោយសេដ្ឋកិច្ចរបស់ប្រទេសនេះ រួមមានបច្ចេកវិទ្យា សេវាកម្ម និងឧស្សាហកម្មសេវាកម្មហិរញ្ញវត្ថុដែលកំពុងមានការរីកចំរើន។

យោងតាមរបាយការណ៍ពីក្រុមហ៊ុន JLL បានឲ្យដឹងថា ការជួលការិយាល័យនៅក្នុងប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថានឹងកើនឡើង៣៣ភាគរយ នៅចន្លោះឆ្នាំ ២០១៩ និង ២០២២ ដែលជាអត្រាខ្ពស់បំផុតនៅទូទាំងពិភពលោក៕