តើ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​មានន័យ​ដូចម្តេច?

0
ពិពិធកម្មសេដ្ឋកិច្ច

ដោយ មនុ​ប៊ី

ភ្នំពេញ៖ ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​គឺជា​ដំណើរការ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​ឱ្យ​ឆ្ងាយ​ពី​ប្រភព​ប្រាក់ចំណូល​តែមួយ​ទៅ​ប្រភព​ជាច្រើន​លើ​វិស័យ និង​ទីផ្សារ​ជាច្រើន​ដែល​កំពុង​រីកចម្រើន។

ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច​ត្រូវបាន​អនុវត្ត​ជា​យុទ្ធសាស្ត្រ​មួយ​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​វិជ្ជមាន។

ឧទាហរណ៍៖ មន្ត្រីជាន់ខ្ពស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ថ្លែងថា កម្ពុជា​ចាំបាច់​ត្រូវមាន​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែល​ប្រសើរ​ជាង​មុន មាន​ថ្លៃ​ថោក​ជាង​មុន និង​មាន​ប្រសិទ្ធភាព​ជាង​មុន ទាំង​តាម​បណ្តាញ​ដឹកជញ្ជូន​ផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស និង​ផ្លូវដែក សំដៅ​បង្កើន​សមត្ថភាព​នាំចេញ ជំរុញ​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច និង​ការទាក់ទាញ​វិនិយោគ នៅ​គ្រប់​សកម្មភាព​ធុរកិច្ច​គ្រប់​ប្រភេទ។

រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក​វ​ង្សី វិស្សុត​បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​ផែនការមេ​ស្តីពី ប្រព័ន្ធ​ដឹកជញ្ជូន​នៅ​កម្ពុជា នៅ​ទីស្តីការក្រសួង​ថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨កន្លងមក​ថា ការរៀបចំ​ផែនការមេ​ស្តីពី​ប្រព័ន្ធ​ដឹកជញ្ជូន​នេះ គឺជា​ការគិតគូរ​ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី៤ ដើម្បី​សម្រេច​ឱ្យបាន​នូវ​ប្រព័ន្ធ​ដឹកជញ្ជូន​មួយ​ដែលមាន​ភាព​ប្រទាក់ក្រឡា និង​មាន​ភាព​ប្រកួតប្រជែង​ខ្ពស់ ធៀប​ជាមួយ​ប្រទេសជិតខាង ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​រយៈពេល​វែង ការតភ្ជាប់​ប៉ូល​សេដ្ឋកិច្ចសំខាន់ៗនៅក្នុង​ប្រទេស និង​ការបង្កើន​ល្បឿន​សមាហរណកម្ម​សេដ្ឋកិច្ច ទៅក្នុង​តំបន់​និង​ពិភពលោក​ផងដែរ។

លោក​បន្តថា “សម្រាប់​ទស្សនវិស័យ​ទៅ​ថ្ងៃមុខ កម្ពុជា​ត្រូវ​ភ្ជាប់​ខ្លួន​ទៅនឹង​បណ្តាញ​ផលិតកម្ម​អន្តរជាតិ តាមរយៈ​ការប្រើប្រាស់​ជា​របៀង​ដឹកជញ្ជូន​ផ្នែក​ខាងកើត​ប្រទេស ភ្ជាប់​ពី​ភ្នំពេញ​ទៅ​វៀតណាម និង​ច្រករបៀង​ដឹកជញ្ជូន​ខាងលិច​ភ្ជាប់​ពី​ភ្នំពេញ ទៅ​ប្រទេស​ថៃ ដោយសារ​ប្រទេស​ទាំងពីរ​នេះ នឹង​ក្លាយទៅជា​មូលដ្ឋាន​ផលិតកម្ម​ដ៏​ធំ​នៅក្នុង​តំបន់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here