ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ស្របពេលដែលគម្រោងនៃការស្ថាបនាផ្លូវជាតិលេខ៣ និងពង្រីករហូតដល់៤គន្លង ដែលកំពុងតែសម្រុកដើម្បីបញ្ចប់ទៅតាមផែនការរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលនេះមានក្រុមហ៊ុនធំៗដែលជាអ្នកអភិវឌ្ឍលើវិស័យលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម បាននិងកំពុងចាប់អារម្មណ៍បាញ់ឆ្ពោះទៅកាន់តំបន់នេះ។
ក្រៅពីគម្រោងអភិវឌ្ឍវិស័យលំនៅដ្ឋានធំរបស់ក្រុមហ៊ុនក្នុងស្រុក ដូចជាគម្រោងបុរីពិភពថ្មី គម្រោងបុរី លឹម ឈាងហាក់ គម្រោងបុរី ឡេង ណាវ៉ាត់ត្រា ដែលមានតម្លៃវិនិយោគរាប់សិបលានដុល្លារនោះ ក៏មានគម្រោងវិនិយោគ និងអភិវឌ្ឍជាមណ្ឌលទេសចរណ៍ និងលំនៅដ្ឋានពីសំណាក់ក្រុមហ៊ុនថៃផងដែរ បន្ទាប់ពីមើលឃើញថា នៅតាមតំបន់ផ្លូវជាតិលេខ៣មានសក្ដានុពលខ្លាំង និងអាចមានឱកាសទទួលបានប្រាក់ចំណេញច្រើន។
-->
ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោក ច្រឹក សុខនីម បានមានប្រសាសន៍ប្រាប់ពីភាពទាក់ទាញនៃតំបន់ផ្លូវជាតិលេខ៣តាមទូរស័ព្ទកាលពីល្ងាចថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៩កន្លងទៅនេះថា ការចូលខ្លួនទៅវិនិយោគ និងអភិវឌ្ឍវិស័យលំនៅដ្ឋានផ្លូវជាតិលេខ៣នាពេលនេះគឺមានឱកាសល្អច្រើន។ លោកបានបន្តទៀតថា “ជាធម្មតា ទាល់តែគេសម្លឹងឃើញពីឱកាសទទួលបានប្រយោជន៍ និងចំណេញ ទើបគេបណ្តាក់ទុនវិនិយោគ។
លោកបានបន្តទៀតថា “ផ្លូវជាតិលេខ៣ពេលនេះកាន់តែមានភាពល្អប្រសើរជាងពេលមុន ជាពិសេសក្រោយពេលរដ្ឋាភិបាលបានកសាងបណ្តាញហេដ្ឋារចនាសម្ព័ន្ធជាច្រើន។
លោកបានបន្តទៀតថា “តំបន់ដែលមានចម្ងាយប្រមាណ២០-៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញនៅតែមានភាពល្អប្រសើរលើការវិនិយោគទាំងអស់ ”។ លោកបានបញ្ជាក់ទៀតថា “ហេតុផលដែលអ្នកវិនិយោគសម្រុកទៅធ្វើការអភិវឌ្ឍនៅតំបន់ខាងលើនេះ ដោយសារតែកត្តាភូមិសាស្ត្រល្អ វិសាលភាពដីនៅទូលាយច្រើន ហើយតម្លៃដីនៅមានកម្រិតទាប ដែលអំណោយផលដល់គម្រោងអភិវឌ្ឍរបស់ពួកគេ។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Khmer Foundation Appraisal លោកឧកញ៉ា នួន រិទ្ធី ក៏បានមានប្រសាសន៍ផងដែរថា “តំបន់ផ្លូវជាតិលេខ៣ ដែលស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ មានភាពងាយស្រួលក្នុងការអភិវឌ្ឍន៍ ព្រោះតំបន់នេះភាគច្រើនមានសណ្ឋានដីល្អអំណោយផលដល់ការអភិវឌ្ឍ។
លោកឧកញ៉ាបន្តទៀតថា “ក្រៅពីនេះ វាក៏មានទីតាំងស្ថិតនៅជិតទីប្រជុំជននៃរាជធានីភ្នំពេញ ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរចេញចូលក្រុងតាមរយៈបណ្តាញផ្លូវធំៗជាច្រើនដែលស្ថិតនៅជុំវិញតំបន់នេះ។
លោកឧកញ៉ាបន្តទៀតថា “អ្វីដែលសំខាន់ និងជម្រុញឱ្យអ្នកអភិវឌ្ឍជាច្រើនចាប់អារម្មណ៍ចូលទៅកាន់តំបន់នេះ មូលហេតុចម្បងបំផុត គឺតម្លៃដីទាប ស័ក្ដិសមទៅនឹងគម្រោងលំនៅដ្ឋានកម្រិតមធ្យម និងក្រោមមធ្យម ដែលកំពុងតែមានទីផ្សារខ្ពស់នាពេលបច្ចុប្បន្ននេះ” ៕