ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យស្ដីពី ប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០២០ ដោយបានកាត់បន្ថយថ្ងៃឈប់សម្រាកចំនួន៦ថ្ងៃ នៅឆ្នាំ២០២០ខាងមុខ។
នៅក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចតេជោហ៊ុន សែន ចុះនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកាត់បន្ថយថ្ងៃឈប់សម្រាក ក្នុងព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី មកនៅត្រឹមចំនួន១ថ្ងៃ និងបានប្រកាសលែងឱ្យឈប់សម្រាកក្នុងពិធីបុណ្យ និងទិវាចំនួន ៥ គឺ ៖ ១) ពិធីបុណ្យមាឃបូជា ដែលតែងតែប្រារព្ធឡើងនៅថ្ងៃ១៥ កើត ខែមាឃ ជារៀងរាល់ឆ្នាំ ២) ទិវាជាតិនៃការចងចាំ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ៣) ទិវាកុមារអន្តរជាតិ ដែលតែងតែប្រារព្ធឡើងនៅថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ៤) ទិវារំឭកខួប នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា និង៥) ទិវាសិទ្ធិមនុស្ស១០ ធ្នូ។
ចំណែកឯថ្ងៃឈប់សម្រាកសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរវិញ នៅឆ្នាំ២០២០ ខាងមុខ ប្រជាពលរដ្ឋខ្មែរ មិនថាមន្ត្រីរាជការ និយោជិត ឬកម្មករនោះទេ នឹងត្រូវបានអនុញ្ញាតឱ្យឈប់សម្រាកបន្ថែម មុនពិធីបុណ្យនេះមួយថ្ងៃ គឺនៅថ្ងៃចន្ទទី១៣ ខែមេសា ឆ្នាំ២០២។
រដ្ឋាភិបាលកម្ពុជាធ្លាប់បានឱ្យដឹងថា ការកាត់បន្ថយថ្ងៃឈប់សម្រាកសាធារណៈ នឹងក្លាយទៅជាយុទ្ធសាស្ត្រសំខាន់មួយ ក្នុងចំណោមយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពដទៃផ្សេងទៀត សម្រាប់ជំរុញ និងលើកទឹកចិត្តដល់វិនិយោគិនជាតិ និងអន្តរជាតិ ក៏ដូចជាសហគ្រិនក្នុងស្រុកទាំងឡាយ ឱ្យមានទស្សនទានប្រកបដោយភាពវិជ្ជមាន សម្រាប់ការរីកចម្រើន និរន្តរភាពនៃដំណើរការអាជីវកម្ម ក៏ដូចជាលទ្ធភាពបង្កើនប្រាក់ចំណេញរបស់ខ្លួននៅកម្ពុជា៕