ដោយៈ រ៉ាណេត
ភ្នំពេញៈ យ៉ាងយូរបំផុតនៅត្រឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ខាងមុខ មន្ត្រីរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ និងអ្នកជំនាញនឹងចុះធ្វើការវាស់វែងដីធ្លីដែលត្រូវស្ថាបនាផ្លូវថ្មើរជើងស្ថិតនៅជុំវិញបឹងសំរោង ក្នុងសង្កាត់សំរោង និងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
យោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលសាលារាជធានីភ្នំពេញ ដែលគេហទំព័រ Propertyrea.asia ទើបទទួលបាននាល្ងាចថ្ងៃទី៧ សីហានេះបានឲ្យដឹងថា ដើម្បីកែលម្អសោភ័ណភាពផ្ទៃបឹងសំរោង ដែលស្ថិតនៅភូមិសាស្ត្រខាងលើនេះ ឱ្យមានលក្ខណៈល្អប្រសើរ សម្រាប់ជាទីកន្លែងដើរលំហែរកាយរបស់ប្រជាពលរដ្ឋទូទៅ រដ្ឋបាលសាលារាជធានីភ្នំពេញ នឹងធ្វើការស្ថាបនាផ្លូវថ្មើរជើង និងសួនសាធារណៈនៅជុំវិញតំបន់បឹងសំរោងឱ្យកាន់តែស្រស់ស្អាតស័ក្ដិសមជាតំបន់លំហែរកាយ។








