អនុប្រធាន​ក្រុមប្រឹក្សា​ CREA ដឹកនាំ​កិច្ចប្រជុំ​​រៀបចំ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​សំរាប់​សមាគម​ និង​វិស័យ​អចលនទ្រព្យ

0
​ក្រម​សីល​ធម៌​វិជ្ជាជីវៈ

ដោយ​គង់ សូរិយា

ភ្នំពេញៈ អនុប្រធាន​ក្រុមប្រឹក្សា​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​ដើម្បី​រៀបចំ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ សំរាប់​ប្រើប្រាស់​ក្នុង​ក្របខ័ណ្ឌ​សមាគម ក៏ដូចជា​ប្រើប្រាស់​ទូទៅ​ក្នុង​វិស័យនេះ។

​ក្រម​សីល​ធម៌​វិជ្ជាជីវៈ

ក្រម​សីល​ធម៌វិជ្ជាជីវៈ​មាន​សារៈសំខាន់​ណាស់ សំរាប់​វិស័យ​សំណង់ និង​អចលនទ្រព្យ និង​គ្រប់​វិស័យ ដោយសារ​ការធ្វើការ​ដោយ​ឈរលើ​មូលដ្ឋាន​វិជ្ជាជីវៈ និង​ក្រម​សីល​ធម៌ នឹងធ្វើ​ឲ្យ​ការងារ​របស់់​ក្រុមហ៊ុន ឬ​សមាគម​ណាមួយ​នោះ​មានគុណ​តម្លៃ និង​ទទួលបាន​ជោគជ័យ ប្រកបដោយ​និរន្តរភាព។

លោក​យិន លាង​គង់​បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃទី៧ សីហា ​នៅ​ទីស្នាក់ការ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​ថា ដោយ​យល់ឃើញថា​ក្រម​សីល​ធម៌វិជ្ជាជីវៈ មាន​សារៈសំខាន់ ក្នុងការ​ធ្វើ​ឲ្យ​អ្នកវិនិយោគ​ជាតិ អន្តរជាតិ​មាន​ទំនុកចិត្ត ហេតុនេះ​ទើប​សមាគម​បាន និង​កំពុង​ផ្តោត​ការងារ​សំខាន់ លើ​ការរៀបចំ​បទដ្ឋាន​ក្រម​សីល​ធម៌​វិជ្ជាជីវៈ​នេះ​ឡើង ដែល​មិន​ត្រឹមតែ​អាច​ប្រើប្រាស់ ក្នុង​ក្របខ័ណ្ឌ​សមាគម​នោះទេ ប៉ុន្តែ​ក៏​អាច​ប្រើប្រាស់​បាន​ទូទៅ​សំរាប់​អ្នក​ពាក់​ព័​ន្ឋ​ក្នុង​វិស័យនេះ​ផងដែរ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏មាន​ការណែនាំ​ស្តីពី ក្រម​សីល​ធម៌​វិជ្ជា​ផងដែរ ប៉ុន្តែ​មិនបាន​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ​នៅឡើយ។

លោក​បន្តថា “អ្នកដើរ​តួនាទី​ជា​ភ្នាក់ងារ​អចលនទ្រព្យ​ក្តី អ្នកវិនិយោគ​ក្តី ការប្រកាន់​ខ្ជាប់​ក្រម​សីល​ធម៌​វិជ្ជាជីវៈ មិន​ត្រឹម​ធ្វើ​ឲ្យ​ក្រុមហ៊ុន​របស់ខ្លួន​ទទួលបាន​អតិថិជន​កាន់តែច្រើន​នោះទេ ប៉ុន្តែ​ក៏​ជាការ​ជួយ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​ផងដែរ។

លោក​បន្តថា “សមាគម​អ្នកជំនាញ​អចលនទ្រព្យ​បាន និង​កំពុង​គោរព​តាម​ក្រម​សីល​ធម៌​របស់​ក្រសួង ប៉ុន្តែ​សមាគម​បាននិងកំពុង​ពង្រឹង​លើ​ការងារ​នេះ ដើម្បី​ធ្វើយ៉ាងណា​ឲ្យ​សមាជិកសមាគម​គោរព​នូវ​ក្រម​សីល​ធម៌​វិជ្ជាជីវៈ ដើម្បី​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​សំណង់ និង​អចលនទ្រព្យ​កាន់តែ​រីកចម្រើន​លឿន​ថែមទៀត។

ជាមួយនឹង​ការពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង និង​ចូលរួម​ជួយ​រដ្ឋាភិបាល​ក្នុងការ​អូសទាញ​ការវិនិយោគ ថ្នាក់ដឹកនាំ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា ក៏បាន​ផ្តោតលើ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផងដែរ ដោយសារ​ធនធានមនុស្ស​ក្នុង​វិស័យនេះ​នៅមាន​ការខ្វះខាត​នៅឡើយ។ ហេតុនេះ​ទើប​នៅពេលថ្មីៗនេះ ថ្នាក់ដឹកនាំ​សមាគម​បាន​ដឹកនាំ​ថ្នាក់ដឹកនាំ និង​សមាជិកសមាគម​ជាច្រើន ទៅ​ទទួល​ការបណ្តុះបណ្តាល​ជំនាញ​អចលនទ្រព្យ​អន្តរជាតិ​នៅ​ប្រទេស​សឹង្ហ​បុរី និង​ប្រទេស​ថៃ​ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here