ដោយៈ រ៉ាណេត
ភ្នំពេញ៖ ក្រុមហ៊ុន ខេ អេច លែន (KH LAND CO,.LTD) ដែលបាននិងកំពុងដើរតួនាទីជាអ្នកទទួលសិទ្ធិលក់លើគម្រោងអចលនទ្រព្យធំៗជាច្រើន បានដាក់ចេញនូវទស្សនវិស័យរបស់ខ្លួន ដែលប្រកបទៅដោយគុណតម្លៃខ្ពស់ជាងគេ គឺតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រឈ្នះ ឈ្នះចំនួន៤ សម្រាប់គោលការណ៍ស្នូលនៃក្រុមហ៊ុនរបស់ខ្លួន។

-->
ឈរនៅលើគោលការណ៍ចម្បងក្រោមពាក្យស្លោក «ក្រុមហ៊ុនឈ្នះ បុគ្គលិកឈ្នះ ភ្នាក់ងារដៃគូឈ្នះ អតិថិជនឈ្នះ» ធ្វើជាយុទ្ធសាស្ត្រនោះ នៅត្រឹមរយៈ២១ខែ នៃការចាប់ផ្តើមក្រុមហ៊ុនអចលនទ្រព្យ ក្រុមហ៊ុន ខេ អេច លែន បានពង្រីកវិសាលភាពរបស់ខ្លួនយ៉ាងជោគជ័យ ដោយមានថ្នាក់ដឹកនាំ និងធនធានមនុស្សមានសមត្ថភាពខ្ពស់។
លោក ប៊ន សុវណ្ណ ប្រធានគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន ខេ អេច លែន បានមានប្រសាសន៍ឲ្យដឹងថា “ភាពជោគជ័យដែលក្រុមហ៊ុនទទួលបាននៅពេលនេះ ក៏ព្រោះតែក្រុមហ៊ុនបានឈរនៅលើគោលជំហរមួយយ៉ាងរឹងមាំ ដោយប្រកាន់យកគោលការណ៍ «ក្រុមហ៊ុនឈ្នះ បុគ្គលិកឈ្នះ ភ្នាក់ងារដៃគូឈ្នះ អតិថិជនឈ្នះ» រួមជាមួយនឹងការរក្សានូវភាពស្មោះត្រង់ជាចម្បង។
លោកបានបន្តថា ស្នូលគ្រឹះដែលធ្វើឱ្យក្រុមហ៊ុន ខេអេច លែន ទទួលបានភាពជោគជ័យ ពង្រីកវិសាលភាពខ្លួនបានយ៉ាងធំ ពីបុគ្កលិកគ្រាដំបូងប្រមាណជាង១០រហូតឡើងជាង៩០នាក់ នៅពេលបច្ចុប្បន្ននេះ គឺភាពស្មោះត្រង់ និងការតម្រង់ទិសបណ្តុះបណ្តាលធនធានមនុស្ស។
គ្រប់បុគ្គលិកដែលបម្រើការងារនៅក្នុងក្រុមហ៊ុន ក្រៅពីទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែ ថែមទាំងអាចទទួលបានប្រាក់បន្ថែមនៃកម្រៃជើងសារពីការខិតខំប្រឹងប្រែងលក់ មានឱកាសទទួលបានការបណ្តុះបណ្តាលចំណេះដឹង និងជំនាញក្នុងនាមជាអ្នកលក់អចលនទ្រព្យ ហើយក៏មានឱកាសទទួលបានប្រាក់បន្ថែមលើកទឹកចិត្តប្រចាំឆ្នាំ។
លោកប៊ន សុវណ្ណ បានបន្តទៀតថា លើសពីនេះទៅទៀត អ្វីដែលកាន់តែល្អប្រសើរចំពោះអតិថិជន ក្រៅពីទិញបានដីដែលមានទីតាំងល្អ ហើយយើងបានរៀបចំគម្រោងអភិវឌ្ឍន៍នៅជុំវិញតំបន់នោះ ដើម្បីធ្វើឲ្យតម្លៃដីតំបន់នោះឡើងថ្លៃ ដែលផ្តល់ផលចំណេញដល់អតិថិជន។លោកបន្តថា “មូលដ្ឋានដែលក្រុមហ៊ុនបានដើរតួនាទីជាភ្នាក់ងារលក់ តែងតែមានការរីកចម្រើនលឿន ព្រោះគម្រោងដែលក្រុមហ៊ុនទទួលយកមកលក់ សុទ្ធតែមានការសិក្សាច្បាស់លាស់ ហើយជ្រើសរើសក្រុមហ៊ុនដែលមានគុណតម្លៃ និងមិនទុកតំបន់ពួកគេអភិវឌ្ឍន៍ចោល។
លោកប្រធានគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន ខេ អេច លែនរូបនេះ បានមានប្រសាសន៍ឲ្យដឹងថា តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រទាំងនេះ នៅក្នុងរយៈពេលដ៏ខ្លី ក្រុមហ៊ុនបានលក់យ៉ាងជោគជ័យ លើគម្រោងចំនួន៤រួចហើយ ខណៈដែលបច្ចុប្បន្នកំពុងតែបន្តលក់គម្រោងទី៥ ដែលមានផ្ទៃដីរហូតដល់៣០ហិកតា ស្ថិតនៅឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាលកំពុងលក់បញ្ចប់។ ទីតាំងនេះគឺជាតំបន់ជាយ រាជធានីភ្នំពេញ ដែលស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ យ៉ាងសកម្មរបស់រាជរដ្ឋាភិបាល និងជាទីតាំងដ៏មានសក្ដានុពលសម្រាប់វិស័យរោងចក្រ សហគ្រាស បណ្តុំឃ្លាំង ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏កំពុងផ្តោតសំខាន់ទៅលើគម្រោងទី៦ក្នុងពេលដ៏ខ្លីឆាប់ៗខាងមុខនេះ។
ជាមួយគ្នានេះផងដែរ ក្រៅពីជាក្រុមហ៊ុនកំពុងមានភាពមមាញឹក ក្នុងការលក់ដីឡូតិ៍យ៉ាងសកម្មនៅតាមតំបន់ជាយក្រុង ក្រុមហ៊ុន ខេ អេច លែន បាននិងកំពុងត្រៀមខ្លួនរួមជាស្រេចធ្វើការជាភ្នាក់ងារលក់ជាមួយអ្នកវិនិយោគធំៗ ដើម្បីអភិវឌ្ឍក្រុមហ៊ុននេះទៅជាក្រុមហ៊ុនធំជាងគេនៅកម្ពុជា ដោយយើងនឹងសហការជាមួយលក់ជាមួយអ្នកវិនិយោគសាងសង់គម្រោងធំៗរួមមាន៖ បុរី ខុនដូ និងសំណង់អាផាតម៉ិន និងមជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។ ខេ អេច លែន ឯ.ក គឺជាក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់ដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕



