ដោយ នៅ ស៊ីវុត្ថា
ភ្នំពេញៈ ប្រទេសចំនួន៤នៅក្នុងតំបន់អាស៊ាន រួមមាន ប្រទេសកម្ពុជា ថៃ ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី បាននឹងកំពុងសាងសង់អគារខ្ពស់កប់ពពករបស់ខ្លួន ដែលឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ច កិត្យានុភាព មោទនភាព និងការអភិវឌ្ឍន៍ប្រទេសដើម្បីបង្ហាញឧត្តមភាពនៅកាន់ពិភពលោក។
ប្រទេសកម្ពុជា ដែលជាប្រទេសមានកំនើនសេដ្ឋកិច្ច លូតលាស់លឿនជាងគេក្នុងតំបន់អាស៊ាន ដោយរក្សាបានកំនើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ កំពុងធ្វើអ្វីមួយដែលបង្ហាញពីសុខភាពសេដ្ឋកិច្ច និងជំរុញកិត្យានុភាពរបស់ខ្លួនបន្ថែមទៀតទៅកាន់ពិភពលោក។
-->
១) អគារ THAI BOON ROONG TWIN TOWER

អគារ THAI BOON ROONG TWIN TOWER មានចំនួន ១៣៣ជាន់ ស្មើនឹងកំពស់៥៦៨ម៉ែត្រ ស្ថិតនៅក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។ វាជាអាគារភ្លោះខ្ពស់ជាងគេក្នុងពិភពលោក ខណៈអាគារភ្លោះខ្ពស់ជាងគេបច្ចុប្បន្នគឺ Petronas Tower មានកំពស់ត្រឹមជាង ៤០០ម៉ែត្រប៉ុណ្ណោះ។
គម្រោងដ៏មហាសាលនេះ គ្រោងចំណាយទឹកប្រាក់សាងសង់ និងធ្វើឲ្យអាគារនេះដំណើរការបានរលូនក្នុងតម្លៃទឹកប្រាក់ ៦០០០លានដុល្លារអាមេរិក។
មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះ ត្រូវបានស្ថាបត្យករគូរគំរោងនេះអះអាងថា វានឹងជាមជ្ឈមណ្ឌលពាណិជ្មកម្មធំជាងគេក្នុងតំបន់អាស៊ាន។ អាគារនេះជាប្រភេទអាគារភ្លោះ និងមានអាគារកប់ពពកកំពស់ ៤៥ជាន់ចំនួន ៤ទៀតនៅជុំវិញ។
អាគារនេះជាមជ្ឈមណ្ឌល ពាណិជ្ជកម្ម និងលំនៅដ្ឋានធំជាងគេក្នុងអាស៊ាន ដោយរួមបញ្ចូលផ្សារទំនើប អាគារការិយាល័យ អាផាតម៉ិន ខុនដូលំដាប់ អន្តរជាតិ សណ្ឋាគារកម្រិតផ្កាយ៦ និងសេវាកម្មកំសាន្តដ៏អស្ចារ្យជាច្រើនទៀត។
២) អគារ One Bangkok
ប្រទេសថៃដែលជាប់ជាប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី២ ក្នុងតំបន់អាស៊ានក៏បាន និងកំពុងរត់ប្រណាំងក្នុងការសាងឧត្តមភាពរបស់ខ្លួនផងដែរ។

ក្រុមហ៊ុនលក់រាយរបស់ថៃមួយ បាននិងកំពុងចាប់ផ្តើមអភិវឌ្ឍគម្រោងអាគារ One Bangkok ដែលមានតំលៃថ្លៃជាងគេបំផុតនៅក្នុងប្រវត្តិសាស្ត្រ នៃទីក្រុងបាងកកដែលនឹងក្លាយជាអាគារខ្ពស់ជាងគេមួយនៅអាស៊ីអាគ្នេយ៍ផងដែរ។
យោងតាមរបាយការណ៍ចេញផ្សាយដោយក្រុមហ៊ុន Frasers បានឱ្យដឹងថា ក្រុមហ៊ុន TCC មានមូលដ្ឋាននៅប្រទេសថៃ និងក្រុមហ៊ុន Frasers Property ដែលបានចុះបញ្ជីនៅសឹង្ហបូរី បានវិនិយោគទឹកប្រាក់ចំនួន៤ពាន់លានដុល្លារសម្រាប់គម្រោងនេះ។គម្រោងដែលមានឈ្មោះថា One Bangkok កំពុងត្រូវបានគេគិតថាជានិមិត្តរូបនាពេលអនាគត នៅពេលដែលវាត្រូវបានបញ្ចប់នៅឆ្នាំ២០២៦។ អគារដ៏ធំនៅទីក្រុងបាងកកនេះ នឹងមានកំពស់ ៤៣០ម៉ែត្រ និងកំពស់សរុប ៩០ជាន់។
៣) អគារ PERTAMINA ENERGY TOWER
ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់អាស៊ីអាគ្នេយ៍ និងជាសមាជិកមួយ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេចំនួន២០ (G20) នៅលើពិភពលោក ក៏បាននិងកំពុងបន្តពង្រីកកិត្យានុភាពបន្ថែមទៀតផងដែរ។

ប្រទេសឥណ្ឌូនេស៊ីបាន និងកំពុងសាងសង់អគារ PERTAMINA ENERGY TOWER មានកម្ពស់ ៥៣០ម៉ែត្រ បាននិងកំពុងសាងសង់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលមើលទៅវាមានភាពអស្ចារ្យលេចធ្លោក្នុងទីក្រុង JAKARTA ហើយនឹងក្លាយជាភាពទាក់ទាញថ្មីមួយទៀត នៅក្នុងទីក្រុងមានប្រជាជនរស់នៅ១៥លាននាក់នេះ។
អគារនេះគ្រោងបញ្ចប់នៅឆ្នាំ២០២០ខាងមុខ ដែលក្នុងគម្រោងដ៏ធំនេះមានសាលសម្តែង ដែលអាចដាក់កៅអីចំនួន2ពាន់កន្លែង និងសាលតាំងពិព៌ណ វិហារសាសនាឥស្លាម និងរោងចក្រផលិតថាមពល និង អគារការិយាល័យ។
៤) អគារ TRADEWINDS SQUARE TOWER
ប្រទេសកាន់សាសនាឥស្លាមបែបស៊ីវិល័យមួយនេះ បាននិងកំពុងសាងសង់អាគារភ្លោះខ្ពស់ជាងគេជាលើកទី១នៅលើពិភពលោក ប៉ុន្តែមហិច្ឆតារបស់ប្រទេសនេះមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ។

ប្រទេសនេះបាននិងកំពុងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្មលំដាប់ពិភពលោក TRADEWINDS SQUARE TOWER។ អគារនេះបាននឹងកំពុងសាងសង់ចំកណ្តាលបេះដូងនៃទីក្រុងពាណិជ្ជកម្ម Kuala Lumpur នៅក្នុងប្រទេសម៉ាឡេស៊ី ដែលមានកំពស់រហូតដល់ ៧៧៥ម៉ែត្រ ។
អគារ Trade winds Square ត្រូវបានគេកំណត់សាងសង់ ក្នុងទីតាំងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលប្រទេសមាឡេស៊ី ដែលបានរៀបចំការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីរបស់ទីក្រុង Kuala Lumpur ហើយអគារមួយនេះ វានឹងជួយអោយមានការទាក់ទាញថ្មី និងផ្លាស់ប្តូរមុខមាត់របស់ទីក្រុង ជាពិសេសវានឹងក្លាយជាកន្លែងទំនាក់ទំនង នៃការធ្វើទំនើបកម្មយ៉ាងលឿនផងដែរ៕