តម្លៃ​ដីធ្លី​ជុំវិញ​តំបន់​ព្រលានយន្តហោះ​ថ្មី​ហក់​ឡើង​លើស​ការរំពឹង​ទុក​ខណៈ​ពេលវេលា​សាងសង់​មិនទាន់​ច្បាស់លាស់

0
​តំបន់​ព្រលានយន្តហោះ​ថ្មី​

ដោយ រ៉ា​ណេ​ត

កណ្តាលៈ តម្លៃ​ដីធ្លី​នៅតាម​តំបន់​មួយចំនួន​នៃ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ​បាន​ហក់​ឡើង​លើស​ការរំពឹង​ទុក បន្ទាប់ពី​រដ្ឋាភិបាល​ប្រកាស​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី​នាពេលខាងមុខ ខណៈ​ដំណើរការ​នៃ​ការចាប់ផ្តើម​សាងសង់​ព្រលានយន្តហោះ​នេះ មិនទាន់​កំណត់​កាលបរិច្ឆេទ​ច្បាស់លាស់​នៅឡើយ។

នាពេល​បច្ចុប្បន្ននេះ ជាទូទៅ​ដី​ដែល​ស្ថិតនៅ​តំបន់​ខាងក្នុង​ឆ្ងាយ​ពី​ផ្លូវ (ដីស្រែ) គិត​ជា​មធ្យម​មានតម្លៃ​ចាប់ពី ៤០- ៦០ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈ​កាលពី​ពីរ​ឬ​បី​ឆ្នាំមុន ដី​នៅ​ទីតាំង​ដដែល​នេះ មានតម្លៃ​ត្រឹមតែ​ថ្លៃ​បំផុត៥ទៅ១៥ដុល្លារ​តែប៉ុណ្ណោះ។ ដោយ ឡែក​ដី​ដែល​ស្ថិតនៅ​គៀក​នឹង​គម្រោង មានតម្លៃ​ក្នុង​ចន្លោះ​ចាប់ពី១០០-១៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រការ៉េ ខណៈដែល​កាលពី​ឆ្នាំ​កន្លង ទៅ​មានតម្លៃ​ចន្លោះ​ពី ២០ទៅ ៣០ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃទី៨ សីហា​នេះ​ថា ការសាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី វា​គឺជា​រឿង​ដ៏​ល្អប្រសើរ​សម្រាប់​ជួយ​សម្រួល ដល់​វិស័យ​ដឹកជញ្ជូន​ទាំង​ក្នុង និង​ក្រៅ​ស្រុក ហើយក៏​ជួយ​បង្កើន​លទ្ធភាព ក្នុងការ​ជំរុញ​កំនើនសេដ្ឋកិច្ច​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ផងដែរ។

លោកស្រី​បន្តទៀតថា “វត្តមាន​នៃ​ព្រលានយន្តហោះ​មួយ​នេះ ក៏បាន​ចូលរួម​ធ្វើឱ្យមាន​សក្ដានុពល​ដល់​ទីតាំង​មួយចំនួន ដែល​ស្ថិតនៅក្នុង​តំបន់​គ្រោង​អភិវឌ្ឍ​នេះ​រីកចម្រើន​ផងដែរ។ លោកស្រី​បន្ថែមថា “មិន​ថា​នៅ​តំបន់​ណា​នោះទេ គម្រោង​អភិវឌ្ឍ​តែង​ជំរុញឱ្យមាន​តម្រូវការ​ខ្ពស់ ហើយ​តម្លៃ​ក៏​កើនឡើង​ដែរ ប៉ុន្តែ​ចំពោះ​តម្លៃ​ដែល​ហក់​ឡើងថ្លៃ​ខ្លាំង​លើសពី​តម្លៃ​ទីផ្សារ វា​ក៏​ជះឥទ្ធិពល​អាក្រក់​មកវិញ​ដែរ។

លោកស្រី​តាំង ហួរ​បាន​បញ្ជាក់ថា តំបន់​ដែល​ស្ថិត​នៅក្បែរ​ព្រលានយន្តហោះ មិនត្រូវ​បានអនុញ្ញាត​ឱ្យ​អភិវឌ្ឍ​ជា​សំណង់​អគារ​ធំ និង​ខ្ពស់​នោះទេ (អាច​ប៉ះពាល់​ដល់​ផ្លូវ​ចុះ និង​ឡើង​របស់​យន្តហោះ)។ ដោយឡែក​ចំពោះ​ការសាងសង់ ជា​សំណង់​លំនៅដ្ឋាន​ក៏​មិន​ស័ក្ដិសម​ផងដែរ ដោយសារតែ​វា​មិនមាន​ផាសុកភាព ដោយសារ​តែមាន​សំឡេង​រំខាន​ពី​ការហោះហើរ​នៃ​ជើងយន្តហោះ​ទាំងយប់​ទាំង​ថ្ងៃ ជាក់ស្ដែង​ដូចជា​ទីតាំង​ព្រលាន​យន្ត​អន្តរជាតិ – ភ្នំពេញ ដែលមាន​ស្រាប់​ជា​គំរូ។

គម្រោង​សាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី ត្រូវបាន​កំណត់​ទីតាំង​ស្ថិតនៅ​ផ្ទៃដី​ទំហំ ២៦០០ហិកតា ដោយ​មួយចំណែក​ធំ​ស្ថិតនៅ​ក្នុងស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល មួយចំណែក​ជាប់​ជាយក្រុង​តាខ្មៅ និង​មួយចំណែក​ទៀត​ជាប់​ស្រុក​បាទី ខេត្តតាកែវ ជាមួយនឹង​ខ្ទង់ចំណាយ​ថវិកា​សាងសង់​ចំនួន ១៥០០លាន​ដុល្លារ។

អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ Khmer Foundation Appraisal លោក​ឧកញ៉ា នួន រិទ្ធី បាន​មាន​ប្រសា​ស​ផងដែរ​ថា នៅក្នុង​បរិបថ​ទីផ្សារសេរី ការឡើង​ឬ​ចុះ​នៃ​តម្លៃ​ដីធ្លី គឺ​អាស្រ័យទៅលើ​ការកំណត់​ពិ​ម្ចាស់ទ្រព្យ។ សម្រាប់​ទីតាំង​ដែល​ស្ថិត​នៅក្បែរ​តំបន់​គម្រោង​សាងសង់​ព្រលាន គឺមាន​ការអភិវឌ្ឍ​លឿន​រួចទៅហើយ ជាក់ស្ដែង​ដូចជា​តំបន់​ផ្លូវជាតិ​លេខ២ មកទល់នឹង​តំបន់ ING CITY គឺ​ភាគច្រើន​ត្រូវបាន​បំពេញ​ទៅដោយ​គម្រោង និង​សំណង់​បុរី​លំនៅដ្ឋាន​ព្រោងព្រាត។

លោក​ឧកញ៉ា​បាន​បន្តទៀតថា “តម្លៃ​ដី​ដែល​ស្ថិតក្នុង​តំបន់​ដែល​កំពុងមាន​ការអភិវឌ្ឍ​វិស័យ​លំនៅដ្ឋាន​ខាងលើនេះ អាច មាន​ក្នុង​ចន្លោះ​ជាង ១០០០ដុល្លារ​រួចទៅហើយ ហើយ​វា​អាច​នឹង​បន្ត​ឡើង​បន្តិចទៀត នៅពេល​ថ្ងៃ​ខាងមុខ ខណៈដែល​ការអភិវឌ្ឍ​កាន់​តែមាន​ភាពទូលំទូលាយ​ជាង​នេះ។

ពាក់ព័ន្ធ​ទៅនឹង​ការកើនឡើង​នូវ​តម្លៃ​ដី ដែល​ស្ថិតនៅក្នុង​គម្រោង​គ្រោង​សាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​នេះ​ថា ប្រសិន​តម្លៃ​ដី​ឡើងថ្លៃ​ខ្ពស់​ពេក វា​អាចជា​បញ្ហា និង​មានការ​ប្រែប្រួល​ទៅលើ​គម្រោង​សាងសង់ មានន័យថា តម្លៃ​ដី​ថ្លៃ​បានផ្តល់​ផលប៉ះពាល់​ទៅលើ​ការប្រមូលទិញ​ដី​ដើម្បី​សាងសង់ ដែល​វា​ក៏​ជា​ឧបសគ្គ​មួយ​ផងដែរ។ ទោះជា​យ៉ាងណា លោក​ឧកញ៉ា​បាន​លើកឡើងថា ពេលនេះ​ការកំណត់​ទីតាំង ហាក់​នៅក្នុង​ដំណាក់កាល​ស​សិក្សា​នៅឡើយ ដោយ​មិនទាន់មាន​ភាពប្រាក​ដ​នោះទេ ដូច្នេះ​ការទិញ​ឬ​ការវិនិយោគ គឺ​ស្ថិត​ក្នុងការ​ផ្សងព្រេង។

រចនាសម្ព័ន្ធ​របស់​គ​ណៈ​កម្ម​ការរៀបចំ​ទីតាំង គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី​នេះ ដឹកនាំ​ដោយ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​លោក ម៉ៅ ហាវ​ណ្ណា​ល់ រដ្ឋមន្ត្រី​ទទួលបន្ទុក​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរ​ស៊ីវិល ជា​អនុប្រធាន និង​សមាជិក​ចំនួន ២១រូប​ផ្សេងទៀត។ គម្រោង​ព្រលាន​យន្ត​អន្តរជាតិ​ភ្នំពេញ ជាការ​វិនិយោគ​រវាង​ក្រុមហ៊ុន OCIC អ្នកឧកញ៉ា​ពុង ឃាវ​សែ និង​ក្រុមហ៊ុន​ចិន។

ដើម្បី​សាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី​នេះ រាជរដ្ឋាភិបាល និង​ក្រុមហ៊ុន OCIC របស់​អ្នកឧកញ៉ា​ពុង ឃាវ​សែ ត្រូវបង្កើត​ក្រុមហ៊ុន​ថ្មី​មួយ ដែលមាន​ឈ្មោះថា “ក្រុមហ៊ុន ខេ​ម​បូ​ឌា អ៊ែរ​ផត អ៊ិន​វេស​មិន ឬ Cambodia Airport Investment” ដោយ​ក្នុងនោះ​រាជរដ្ឋាភិបាល កាន់កាប់​ភាគហ៊ុន ១០ភាគរយ និង​ក្រុមហ៊ុន​របស់​ឧកញ៉ា ពុង ឃាវ​សែ កាន់កាប់​ភាគហ៊ុន ៩០ភាគរយ ដោយ​វិនិយោគ​ទឹកប្រាក់​ចំនួន ១.៥០០លាន​ដុល្លារ​អាមេរិក ក្នុងនោះ​ទឹកប្រាក់ ១.១០០លាន​ដុល្លារ ជា​កម្ចី​ពី​ធនាគារ​បរទេស និង២៨០លាន​ដុល្លារ​ជា​របស់​ក្រុម OCIC និង ២៨០លាន​ដុល្លារ​ទៀត ជា​ដើមទុន​ចុះបញ្ជី៕

LEAVE A REPLY

Please enter your comment!
Please enter your name here