ដោយ វុត្ថា
ភ្នំពេញៈ ទំហំប្រតិបត្តិការវវិនិយោគអចលនទ្រព្យ នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក (Asia Pacific) បានកើនឡើងខ្លាំងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលទំហំទឹកប្រាក់បានកើនរហូតដល់ ៨៦ពាន់លានដុល្លារអាមេរិក ក្នុងឆមាសទី១នៃឆ្នាំនេះ កើនឡើងប្រមាណ ៦ភាគរយ បើទោះបីការវិនិយោគអចលនទ្រព្យទូទាំងពិភពលោក បានធ្លាក់ចុះ ១៩ភាគរយក៏ដោយ។

យោងតាមរបាយការណ៍ចុងក្រោយរបស់ក្រុមហ៊ុន ប្រឹក្សាយោបល់អចលនទ្រព្យ JLL Global Capital Flows ដែលបានចុះផ្សាយដោយសារព័ត៌មាន The Insider Stories នៅថ្ងៃទី៨ខែសីហា ឆ្នាំ ២០១៩ នេះបានឱ្យដឹងថា តំបន់អាស៊ីប៉ាស៊ីហ្វិក គឺជាតំបន់តែមួយគត់ក្នុងចំណោមតំបន់ផ្សេងទៀត ដែលមានការកើនឡើងភាគរយខ្ពស់ នៃការវិយោគអចលនទ្រព្យនៅទូទាំងពិភពលោកនៅក្នុងឆ្នាំ២០១៩នេះ។
លោក Stuart Crow នាយកប្រតិបត្តិក្រុមហ៊ុន JLL ប្រចាំនៅអាស៊ីប៉ាស៊ីហ្វិក បានឱ្យដឹងថា ដោយសារមានការរឹតបន្តឹងវិនិយោគអចលនទ្រព្យ ក្នុងទីផ្សារស្នូលនៅទូទាំងពិភពលោក ជាពិសេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក អ្នកវិនិយោគភាគ ច្រើនបានបែមកវិនិយោគក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកដើម្បីទទួលបានប្រាក់ចំណេញខ្ពស់។
លោកបន្តថា “ការបណ្តាក់ទុនរួមគ្នា និងចងសម្ព័ន្ធភាពរវាងក្រុមហ៊ុនបន្តបង្កើនប្រជាប្រិយភាពសម្រាប់កិច្ចព្រមព្រៀងធំៗ នៃការវិនិយោគនៅទូទាំងតំបន់ គឺដោយសារវិនិយោគិនមើលឃើញពីអត្ថប្រយោជន៍ ក្នុងការធ្វើជាដៃគូរយៈពេលវែងជាមួយក្រុមដែលមានគំនិតដូចគ្នា និងវែងឆ្ងាយ។
របាយការណ៍របស់ JLL បានបានឱ្យបន្តថា ការវិនិយោគអចលនទ្រព្យនៅប្រទេសសឹង្ហបុរី បានកើនឡើងទ្វេដងនៅពាក់កណ្តាលឆ្នាំដំបូង បន្ទាប់ពីការធ្លាក់ចុះឆ្នាំ២០១៨ ដែលភាគវិនិយោគលើវិស័យការិយាល័យ ដែលមានតម្លៃជិត៤.៦ពាន់លានដុល្លារ។ ការទិញអចលនទ្រព្យ ជាប្រភេទការិយាល័យឈានដល់កម្រិតខ្ពស់មួយ ក្នុងទសវត្សរ៍ថ្មីនៅឆ្នាំ ២០១៩ ។
ប្រធានការិយាល័យក្រុមហ៊ុន JLL ប្រចាំនៅអាស៊ីអាគ្នេយ៍ លោក Chris Fossick បានឱ្យដឹងដែរថា ការវិយោគលើការិយាល័យនៅក្នុងប្រទេសសឹង្ហបូរី បានក្លាយជាទិសដៅដ៏ពេញនិយមបំផុតក្នុងរយៈពេល ១២ខែចុងក្រោយនេះ ព្រោះមានសក្ដានុពលចំពោះការផ្គត់ផ្គង់តំរូវការទីផ្សារ និងមានអត្រាការប្រាក់ទាប និងការជួលការិយាល័យកើនឡើងផងដែរពីអ្នកវិនិយោគិន។

លោកបន្តថា ការជួលការិយាល័យនៅប្រទេសសិង្ហបុរី ត្រូវបានគេរំពឹងថានឹងបន្តកើនឡើង ក្នុងរយៈពេលពីរបីឆ្នាំខាងមុខទៀត ដោយមានតម្រូវការយ៉ាងខ្លាំងលើសេវាកម្មបច្ចេកវិទ្យា សេវាកម្មវិជ្ជាជីវៈ និងសេវាកម្មហិរញ្ញវត្ថុ៕







