ទីផ្សារទិញលក់អចលនទ្រព្យនៅក្រុងបាវិតនៅតែមានភាពវិជ្ជមានស្របពេលតម្លៃជួល មានកំណើនគួរឲ្យកត់សម្គាល់

0
ទីផ្សារទិញលក់អចលនទ្រព្យ

ដោយ ម៉ា​ណេ​ត

ក្រុង​បា​វិ​តៈ ទីផ្សារ​អចលនទ្រព្យ​នៅ​ទីក្រុង​បាវិត នៅ​បន្ត​មាន​សន្ទុះ និង​ចរន្ត​ក្នុង​ទិញ​លក់ ខណៈ​តម្លៃ​ជួល​អចលនទ្រព្យ​នៅ​តំបន់​នេះ​មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់។

ទីផ្សារទិញលក់អចលនទ្រព្យ

លោក ​សោម កែវ​ម៉ា​លីដា (Andy) អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ និង​ជា​អ្នកជំនាញ​អចលនទ្រព្យ​ក្នុង​តំបន់​បាវិត បាន​ឲ្យ​ដឹង​តាម​ប្រ​ព័​ន្ឋ​តេ​ឡេ​ក្រាម នា​ព្រឹក​ថ្ងៃទី៨ សីហា​នេះ​ថា ទីផ្សារ​ជួល​អចល​ទ្រព្យ​នៅ​ទីក្រុង​បាវិត មាន​ភាព​ចង្អៀត​បន្តិច​ក្នុង​ការរក​អចល​ន្រ​ព្យ​ជួល (ដី) ពិសេស​នៅជាប់​នៅ​ផ្លូវជាតិ​លេខ១ ដោយសារ​បច្ចុប្បន្ន​តម្រូវ​ការជួល​អចលនទ្រព្យ​មាន​ទីផ្សារ​ខ្ពស់។

លោក​ Andy បាន​ឲ្យ​ដឹង​ទៀតថា “បើ​គិត​ចាប់ពី​ច្រកព្រំដែន​ប្រហែល៥គីឡូម៉ែត្រ ការជួល​អចលនទ្រព្យ​មាន​ទីផ្សារ​ខ្លាំង។ ឧទាហរណ៍ ដី​ដែលមាន​ទំហំ៣០ គុណ៤០ នៅជាប់​ផ្លូវជាតិ​នៅ​ទីក្រុង​បាវិត អាច​ជួល​បាន​ក្នុងតម្លៃ ១៥,០០០ដុល្លារ​ក្នុង​មួយខែ។ ភាគច្រើន​អ្នកវិនិយោគ​ចិន​ជា​អ្នក​ជួល​អចលនទ្រព្យ​នៅ​ទីក្រុង​នេះ។

លោក​បន្តថា ដោយឡែក​ទីផ្សារ​ដីធ្លី​ក៏​នៅតែមាន​សន្ទុះ និង​ចរន្ត​ក្នុង​ទិញ​លក់​ដោយ​ថ្មី​ឃើញ​មាន​ក្រុមហ៊ុន​វិនិយោគិន​ជាច្រើន បាន​ចុះមក​ទីក្រុង​បាវិត ដើម្បី​មើល​ស្ថានភាព​វិនិយោគ។

លោក ហួត សុផាត ប្រជាជន​រស់នៅ​ទីក្រុង​បាវិត​បាន​ឲ្យ​ដឹងថា តម្លៃ​ជួល​អចលនទ្រព្យ​នៅ​បាវិត​បច្ចុប្បន្ន មាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ ស្របពេល​តម្លៃ​ចលនទ្រព្យ​ក៏មាន​ការកើនឡើង​ផងដែរ។

លោក​បន្តថា “កាលពី​ដើមឡើយ​បន្ទប់​ជួល​របស់ខ្ញុំ ក្នុង​មួយខែ​អាច​ជួល​បាន​ក្នុង ៦០ ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​ពេលបច្ចុប្បន្ន​វិញ បន្ទាប់​ដាក់​ជួល​បាន​ក្នុង ១០០ដុល្លារ​ក្នុង​មួយ​បន្ទប់ ខណៈ​ការទិញ​លក់​ឃើញ​កំណើន​ខ្លាំង ដោយសារ​មាន​គម្រោងធំៗជាច្រើន​បាន និង​កំពុង​ធើ្វ​សកម្ម​ដាក់លក់​ដោយមាន​អតិថិជន​ច្រើន មកពី​គ្រប់ទិសទី​បាន​ទិញ​គម្រោង​អចលនទ្រព្យ​នៅ​បាវិត។

លោក​បាន​បន្តថា លោក​មាន​ដី​ក​ក្បាល៥ម៉ែត្រ នៅជាប់​ផ្លូវជាតិ​លេខ១ ហើយ​មាន​អតិថិជន​បាន​ទាក់ទង ដើម្បី​ជួល​ធ្វើ​អាជីវកម្ម​របស់​ពួកគេ ដោយ​ពួកគេ​ទាក់ទង​លោក​ជួល​ក្នុងតម្លៃ ២,៥០០ដុល្លារ​ក្នុង​ខែ។

កាលពីថ្មីៗនេះ រដ្ឋាភិបាល​វៀតណាម​ក៏បាន​ព​ន្លឿ​ន​ការសាងសង់ ផ្លូវ​ល្បឿន​លឿន​ត​ភ្ជាប់​ជាមួយ​ក្រុង​បាវិត ជាប់​ព្រំប្រទល់​ប្រទេស​វៀតណាម ដែល​គំរោង​នេះ​នឹង​ត​ភ្ជាប់​ជាមួយ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ ទៅកាន់​ទីក្រុង​បាវិត​នាពេល​អនាគត។

គំរោង​ផ្លូវ​ល្បឿន​លឿន​នេះ នឹង​ចែកចេញជា​បី​ដំណាក់កាល ដោយ​គម្រោង​ដំណាក់កាល​ទី១ នៃ​គម្រោង​ផ្លូវ​ទីក្រុង​ហូជីមិញ ម៉ុក​បាយ​នឹង​ផ្តោតលើ​ផ្លូវ៣៣គីឡូម៉ែត្រ​ពី​ទីក្រុង​ហូជីមិញ ទៅ​ខេត្ត​តៃ​នី​ង វៀតណាម។ បន្ទាប់ពី​ការបញ្ចប់​ការសាងសង់​ផ្លូវ​ដែល​អាច​បើកបរ ក្នុង​ល្បឿន​រហូតដល់១២០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ គំរោង​ផ្លូវ​ល្បឿន​លឿន ដំណាក់កាល​ទី២នឹងមាន​ប្រវែង២០,៥គីឡូម៉ែត្រ​ពី​តា​យ​នី​ង​ទៅ​ម៉ុក​បាយ ដែល​អាច​បង្កើនល្បឿន​បើកបរ​រហូតដល់៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ និង​ដំណាក់កាល​ទី​បី នឹង​រួមបញ្ចូល​ការពង្រីក​ទទឹងផ្លូវ​ហាយ​វេ​ពី​ផ្លូវ៦គន្លង ទៅ៨គន្លង។

អនុប្រធាន​ក្រុមប្រឹក្សាភិបាល សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា លោក​យិន លាង​គង់​បាន​មានប្រសាសន៍ថា “ការវិនិយោគ​នៅក្នុង​ទីក្រុង​បាវិត​នឹង​កើនឡើង ខណៈដែល​ក្រុមអ្នកវិភាគ អចលនទ្រព្យ​បានកំណត់​រួចមកហើយ​ថា វា​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​នាពេល​អនាគត ដោយសារ​ទីតាំង​ស្ថិតនៅ​កណ្តាល​របស់ខ្លួន រវាង​ប្រទេស​ទាំងពីរ​ដែលមាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លើ​ពិភពលោក។

ទីផ្សារទិញលក់អចលនទ្រព្យ

លោក​បន្តថា “ក្រុង​បាវិត​ត្រូវបាន​រៀបចំ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្ឋ​យ៉ាង​ល្អ និង​មាន​ទីតាំង​ភូមិសាស្ត្រ​ដ៏​មាន​អំណោយផល ក្នុងការ​ដឹកជញ្ជូន​ឆ្លងកាត់​ព្រំដែន ទៅកាន់​កំពង់ផែ​ទឹក​ជ្រៅ​របស់​វៀតណាម។ លោក​បន្តថា “ដោយ​មើលឃើញ​នូវ​លក្ខ​ខ័​ណ្ឌ​អំណោយផល​នេះហើយ ទើប​រដ្ឋាភិបាល​កម្ពុជា​បានដាក់​ក្រុង​បាវិត ជាទី​ក្រុង​មួយ​ក្នុងចំណោម​ទីក្រុង២ទៀត ដើម្បី​ប្រែក្លាយ​តំបន់​នេះ ជា​តំបន់់ឧស្សាហកម្ម​ពិសេស ក្នុង​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ២០១៥ ២០២៥។

ជាក់ស្តែង​បច្ចុប្បន្ន​ក្រុង​បាវិត មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន១០ និង​បានផ្តល់​ការងារ​ដល់ក​ម្មករ និយោជិត​រាប់ម៉ឺន​នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here