ដោយៈ រ៉ាណេត
ភ្នំពេញៈ មិនខុសពីតំបន់ជាយក្រុងឯទៀតនោះទេ ដែលមានភាពទាក់ទាញលើការវិនិយោគ និងធ្វើឱ្យបណ្តាក្រុមហ៊ុននានាចូលទៅធ្វើការអភិវឌ្ឍនោះ សម្រាប់តំបន់ឧដុង្គដែលជារម្មណីយដ្ឋានប្រវត្តិសាស្ត្រ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក៏ដូចជាតំបន់ក្បែរខាងគ្នានេះក៏មានភាពទាក់ទាញមិនចាញ់គ្នានោះឡើយ។

-->
ទីតាំងដីដែលធ្លាប់តែជន់លិចទឹកចំនួន៦ខែ គោក៦ខែនោះ ពេលនេះត្រូវបានបណ្តាក្រុមហ៊ុន និងអ្នកអភិវឌ្ឍនាំគ្នាចាក់ដីបំពេញ ស្ទើរតែទាំងស្រុងអស់ទៅហើយ ក្រោមគម្រោងអភិវឌ្ឍជាសំណង់លំនៅដ្ឋាន ក៏ដូចជាឃ្លាំងផ្ទុក លើកដាក់ទំនិញជាដើម ដែលកាន់តែជំរុញឱ្យតម្លៃដីធ្លី នៅក្នុងតំបន់នេះមានការកើនឡើងជាបន្តបន្ទាប់។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna Investment លោក វ៉ា វីរៈ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០១៩ នេះ ដោយទទួលស្គាល់ថា តំបន់ដែលកំពុងលើកឡើង យកមកធ្វើជាប្រធានបទខាងលើនេះ ពិតជាកំពុងតែមានតម្រូវការប្រាកមែន ព្រោះស្ទើរតែគ្រប់តំបន់ជាយក្រុងរាជធានីភ្នំពេញទាំងអស់គឺសុទ្ធតែមានតម្រូវការប្រើប្រាស់ដីទាំងអស់ ជាពិសេសត្រឹមចម្ងាយចាប់ពីប្រមាណ ២០- ៣០គីឡូម៉ែត្រពីក្រុង។
លោកបានបន្តទៀតថា “តំបន់ខាងលើនេះគឺមានភាពល្អប្រសើរច្រើន ក្រៅពីនៅជិតក្រុង និងមានផ្លូវហាយវេ ដែលរដ្ឋាភិបាលកំពុងតែធ្វើការកែលម្អជាបណ្តើរ ដើម្បីផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូន វានៅមានវិសាលភាពធំទូលាយ ងាយស្រួលអភិវឌ្ឍ ហើយតម្លៃក៏នៅធូរថ្លៃ។ លោកបានបន្តទៀតថា “កត្តាភូមិសាស្ត្រនៅទីនេះល្អប្រសើរទាំងការរស់នៅ ក៏ដូចជាផ្តល់ភាពងាយស្រួលដល់វិស័យដឹកជញ្ជូន។
ជាក់ស្ដែងក្រៅពីនៅជាប់ផ្លូវជាតិលេខ៥ ដែលជាផ្លូវហាយវេ ថែមទាំងមានភាពងាយស្រួលក្នុងការឆ្លងទៅកាន់ផ្លូវជាតិលេខ៦ តាមស្ពានព្រែកក្ដាម និងឆ្ពោះទៅផ្លូវជាតិ៤ តាមផ្លូវ៥១ ដែលកំពុងតែមានសន្ទុះអភិវឌ្ឍខ្លាំង និងមានតម្រូវការប្រើប្រាស់ដីខ្ពស់នាពេលបច្ចុប្បន្ននេះ។
អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា លោក ចក់ ស៊ីណាត បានមានប្រសាសន៍ឲ្យដឹងនៅសៀលថ្ងៃដដែលនេះថា តំបន់ជាយក្រុងដែលស្ថិតនៅតាមផ្លូវជាតិ៥នាពេលនេះ បានក្លាយជាគោលដៅវិនិយោគរបស់ក្រុមហ៊ុនអភិវឌ្ឍនានា ជាពិសេសវិស័យលំនៅដ្ឋានតែម្ដង។
លោកបានបញ្ជាក់ថា “ពីមុនដីនៅតំបន់នេះ ហាក់មិនសូវមានគេចាប់អារម្មណ៍នោះទេ ដោយហេតុផលថា ភាគច្រើនជាប្រភេទដីលិចទឹក ប៉ុន្តែពេលនេះមិនដូចមុននោះទេ។លោកបានបន្តទៀតថា “ការចាក់បញ្ចូលនៃចំនួនអ្នកវិនិយោគ ចូលទៅតំបន់នេះ ដោយសារតែតម្លៃដី នៅក្នុងតំបន់រាជធានីភ្នំពេញមានសភាពថ្លៃ ពិបាកក្នុងការទទួលបានចំណេញពីការអភិវឌ្ឍ ដូច្នេះចង់មិនចង់តំបន់ជាយក្រុងនៅផ្លូវជាតិលេខ៥ ត្រូវតែជាជម្រើសរបស់ពួកគេ។
លោកចក់ ស៊ីណាតបន្តទៀតថា ដីដែលស្ថិតនៅជាប់ផ្លូវធំចាប់ពីព្រែកព្នៅរហូតទៅមានក្នុងចន្លោះ ៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយឡែកដីដែលនៅខាងក្នុងអាចមានតម្លៃចន្លោះពី៥០ ទៅ១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលតម្លៃទាំងនេះនៅមានឱកាសសម្រាប់អ្នកអភិវឌ្ឍវិស័យលំនៅដ្ឋាន។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះសម្រាប់តម្លៃលំនៅដ្ឋានដែលត្រូវបាន និងកំពុងអភិវឌ្ឍន៍ ដើម្បីដាក់លក់នៅលើទីផ្សារ អាចក្នុងតម្លៃក្នុងរង្វង់ប្រមាណជាង៤-៦ ម៉ឺនដុល្លារអាមេរិកក្នុងមួយល្វែង”៕