អ្នកជំនាញ​ប្រាប់​គន្លឹះ៣យ៉ាង​ដើម្បី​ដោះស្រាយ​ប្រសិន​ទីផ្សារ​អចលនទ្រព្យ ឬ​ផ្សារ​ហ៊ុន​ធ្លាក់ចុះ

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ មួយរយៈ​ចុងក្រោយ​នេះ​មាន​មនុស្ស​ជាច្រើន បានសម្រេច​ចិត្ត​ចូលមក​ប្រឡូក និង​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ ក្នុង​គោលបំណង​ទទួលបាន​ប្រាក់ចំណេញ​ត្រឡប់​ទៅវិញ។ ប៉ុន្តែ​នៅក្នុង​ចំណោម​អ្នក ដែល​ចូលប្រឡូក​ទាំងអស់នោះ​មិន​ប្រាកដថា​ទទួលបាន​ជោគជ័យ​នោះទេ។

នៅលើ​ទីផ្សារ​អចលនទ្រព្យ ការកើនឡើង​នូវ​តម្រូវការ ឬ​អំណាច​បញ្ជា​ទិញ​មិនមែន​កើតមាន​ជា​និរន្ត​នោះទេ មានន័យថា វា​អាច​នឹង​រាំងស្ទះ​នៅក្នុង​តំណាក់កាល​ណាមួយ ឬ​ឈានដល់​ចំណុច​ឆ្អែត ដែល​មិន​អាចមាន​កំណើន។ ប្រសិនជា​ទីផ្សារ​កើតមាន​វិបត្តិ ឬ​ទីផ្សារ​អចលនទ្រព្យ​ទាំងមូល​ត្រូវ​ជួបនឹង​ឱនភាព តើ​អ្នក​ដែល​កំពុងតែ​ស្ថិតនៅក្នុង​ដំណាក់កាល​វិនិយោគ​មិនទាន់​លក់​ចេញ គួរ​ធ្វើ​ដូចម្ដេច​ដើម្បី​បញ្ចៀស​នូវ​ហានិភ័យ ឬ​អាច​កាត់បន្ថយ​អត្រា​ខាតបង់​បាន?។

ប្រធានបទ​មួយ​នេះ អ្នកវិភាគ​សេដ្ឋកិច្ច​ឯករាជ្យ​កម្ពុជា និង​ជា​អ្នកវិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ លោក ង៉ែត ជូ បាន​សរសេរ​នៅលើ​គណនី​ផ្ទាល់ខ្លួន​នៃ​បណ្តាញ​ទំនាក់ទំនង​សង្គម​ថា ដំណោះស្រាយ​នៅតែមាន ប៉ុន្តែ​ទាមទា​ឱ្យមាន​ការអត់ធ្មត់ និង​ចេះ​សង្កេត​ពី​ស្ថានការណ៍។

នៅក្នុង​សំណេរ​ដដែល លោក ង៉ែត ជូ​បាន​លើកឡើងថា៖ ប្រសិន​លោកអ្នក​បាន​ជួបនឹង​ស្ថានការណ៍​បែប​អវិជ្ជមាន​ក្នុង​វិស័យនេះ​គ​ម្បី ដោយ​ស្រាយ​ដោយ​វិធីសាស្ត្រ​ចំនួន​បី​រួមមាន ១) កុំ​បង្ខំ​លក់​ចេញ : ភាព​ភ័យ​ស្លន់ស្លោ ហើយ​បង្ខំ​លក់​អចលនទ្រព្យ ឬ​ហ៊ុន​ដែល​អ្នកកាន់កាប់​ធ្វើឱ្យ​អ្នកខាតបង់​ខ្លាំង។ ដូច្នេះ​ត្រូវមាន​ចិត្ត​អំណត់ និង​រស់នៅ​ដោយ​សាមញ្ញ (ចំណាយ​តិច) បំផុត​តាម​ដែល​អាច​ធ្វើបាន។

ទី២ កុំ​តាមដាន​ព័ត៌មាន​ទីផ្សារ​ស្អិត​ពេក : ការទទួលបាន​ព័ត៌មាន​អវិជ្ជមាន​ជាប់​ជាប្រចាំ​ក្នុងកំឡុងពេល​ទីផ្សារ​មាន​វិបត្តិ អាចធ្វើឱ្យ​អ្នក​បាក់​ទឹកចិត្ត និង​ហាម​ចិត្ត​មិនបាន​ឈានដល់​ដំណាក់កាល​លក់ឡៃ​ឡុង។ និង​ទី៣ កុំ​គិត​ខ្លី : មនុស្ស​ដែល​គិត​វែងឆ្ងាយ​រមែង​ត្រៀមខ្លួន​ជានិច្ច​សំរាប់​តប​នឹង​កាលៈទេសៈ​ដែលមាន​វិបត្តិ។

លោក​បន្តថា “គេ​ជឿថា​វិបត្តិ​គ្រាន់តែ​ជា​ព្រឹត្តិការណ៍ បណ្តោះអាសន្ន​ប៉ុណ្ណោះ ហើយ​វិបត្តិ​រមែង​នាំមក​នូវ​ឱកាសល្អ។

ជាក់ស្តែង​មហាសេដ្ឋី​ហុងកុង លោក លី កាស៊ី​ង បាន​ចំណាយ​ទុន​ដ៏​ច្រើន​វិនិយោគ​លើ​អចលនទ្រព្យ ក្នុងខណៈ​ដែលមាន​កុបកម្ម​នៅ​វាល​ធាន​អា​មិន។ ពេលនោះ​តម្លៃ​អចលនទ្រព្យ​ធ្លាក់​ដល់​ស្ទើ​សូន្យ ប៉ុន្តែ លោក លី កាស៊ី​ង មាន​ជំនឿ​ចិត្ត​ថា អ្វីៗនឹង​ប្រសើរឡើង។ រូបខ្ញុំ​ផ្ទាល់​ក៏​ធ្លាប់​អនុវត្ត​ដូច្នេះ ក្នុងកំឡុងពេល​មាន​វិបត្តិ​អចលនទ្រព្យ ចន្លោះ​ឆ្នាំ២០០៨-២០១៣៕

LEAVE A REPLY

Please enter your comment!
Please enter your name here