វត្តមាន​អាគារ​ភ្លោះ​កប់​ពពក​ចំនួន៥ កំពុង​ផ្លាស់ប្តូរ​មុខមាត់​ក្រុងភ្នំពេញ

0

ដោយ ​វុត្ថា

ភ្នំពេញៈ ទសវត្សរ៍​ចុងក្រោយ​នៃ​ក្រុងភ្នំពេញ ត្រូវបាន​ចាត់ទុក​ជាទ​ស​វត្ស​រ៍មាស​សំរាប់​កម្ពុជា ដោយសារ​ប្រទេស​នេះ​មាន​សេដ្ឋកិច្ច​ខ្លាំង ដែល​ជំរុញ​ឲ្យ​វិស័យ​វិស័យ​សំណង់​កាន់តែ​លេច​ត្រដែត​នៅ​ទីក្រុង​ភ្នំពេញ ដែល​ធ្លាប់់មាន​អតីតកាល​ដ៏​កំសត់​មួយ​នេះ។

ជាមួយគ្នា​នោះ អ្នកវិនិយោគ​ជាច្រើន បាន​និង​ក៏​កំពុង​ចាប់យក​លើ​ការវិនិយោគ​វិស័យ​សំណង​នេះ​ផងដែរ ដោយ​ក្នុងនោះ​មាន​គម្រោង​សាងសង់​អគារ​ភ្លោះ​ជាច្រើន ប៉ុន្តែ គេហទំព័រ Propertyarea.asia សូម​លើក​យកតែ​គំរោង​អាគារ​ភ្លោះ​កប់​ពពក​មួយចំនួន​បាននិងកំពុង​បញ្ចប់​ការសាងសង់ និង​កំពុង​សាងសង់​មក​បង្ហាញជូន។

គម្រោង​អគារ​ភ្លោះ​ខ្ពស់កប់ពពក​ទាំងនោះ កំពុង​ធ្វើអោយ​ប្រទេស​កម្ពុជា​ជាពិសេស​ទីក្រុង​ភ្នំពេញ ក្លាយជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ នយោបាយ និង​សេដ្ឋកិច្ច​កាន់តែ​មាន​ភាព​ល្បីល្បាញ និង​រីក​មុខរីក​មាត់​ក្នុង​តំបន់ និង​ពិភពលោក​កាន់តែខ្លាំង។

1) អគារ​ភ្លោះ Thai Boon Roong Twin Tower

អគារ THAI BOON ROONG TWIN TOWER មាន​ចំនួន ១៣៣ជាន់ ស្មើនឹង​កំពស់ ៥៦៨ម៉ែត្រ ស្ថិតនៅក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា។ វា​ជា​អាគារ​ភ្លោះ​ខ្ពស់​ជាងគេ​ក្នុង​ពិភពលោក ខណៈ​អាគារ​ភ្លោះ​ខ្ពស់​ជាងគេ​បច្ចុប្បន្ន​គឺ Petronas Tower មាន​កំពស់​ត្រឹម​ជាង ៤០០ម៉ែត្រ​ប៉ុណ្ណោះ។

គម្រោង​ដ៏​មហាសាល​នេះ គ្រោង​ចំណាយ​ទឹកប្រាក់​សាងសង់ និង​ធ្វើ​ឲ្យ​អាគារ​នេះ​ដំណើរការបាន​រលូន​ក្នុងតម្លៃ​ទឹកប្រាក់ ៦០០០លាន​ដុល្លារ​អាមេរិក។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​ធំ​នេះ ត្រូវបាន​ស្ថាបត្យករ​គូរ​គំរោង​នេះ​អះអាងថា វា​នឹង​ជា​មជ្ឈមណ្ឌល​ពា​ណិ​ជ្ម​កម្ម​ធំជាងគេ​ក្នុង​តំបន់​អាស៊ាន។ អាគារ​នេះ​ជា​ប្រភេទ​អាគារ​ភ្លោះ និង​មាន​អាគារ​កប់​ពពក​កំពស់ ៤៥ជាន់​ចំនួន៤ទៀត​នៅ​ជុំវិញ។

អាគារ​នេះ​ជា​មជ្ឈមណ្ឌល ពាណិជ្ជកម្ម និង​លំនៅដ្ឋាន​ធំជាងគេ​ក្នុង​អាស៊ាន ដោយ​រួមបញ្ចូល​ផ្សារ​ទំនើប អាគារ​ការិយាល័យ អា​ផាត​ម៉ិ​ន ខុន​ដូ​លំដាប់ អន្តរជាតិ សណ្ឋាគារ​កម្រិត​ផ្កាយ៦ និង​សេវាកម្ម​កំសាន្ត​ដ៏​អស្ចារ្យ​ជាច្រើន​ទៀត។

2) អគារ​ភ្លោះ The Royal One

គម្រោង​អគារ​ភ្លោះ Royal One របស់​ក្រុមហ៊ុន The Royal Group ដែលមាន​កម្ពស់៦២ជាន់ ដោយ​គ្រោង​បោះទុន​វិនិយោគ១៥០លាន​ដុល្លារ​អាមេរិក។ គំរោង​នេះ​គ្រោង​នឹង​សាងសង់​នៅលើ​មហាវិថី​មុនី​វង្ស កែវ​នឹង​មហាវិថី​សហ​ព័​ន្ឋ​រុស្ស៊ី និង​អគារ​កាណាឌីយ៉ា អគារ​ភ្លោះ​នឹងមាន​កម្ពស់២៣០ ម៉ែត្រ​ហើយ​សាងសង់​លើ​ផ្ទៃដី​ជាង៤០០០ម៉ែត្រការ៉េ។

អគារ​ភ្លោះ​នឹង​សាងសង់​ជា​ខុន​ដូ​មួយ​អគារ និង​ការិយាល័យ​មួយ​អគារ។ អគារ​ទាំងពីរ​នេះ នឹងមាន​ចំណតរថយន្ត​ក្រោម​ដី​ជាច្រើន​ជាន់ និង​មាន​ផ្សារ​ទំនើប​នៅ​ជា​ន់ទី២ និង​ទី ៣ ដែល​ចំណុច​ពិសេស​នៃ​គម្រោង​ដ៏​ធំ​នេះ។

3) អាគារ​ភ្លោះ Diamond Twin Tower

អគារ​ភ្លោះ Diamond Twin Tower៣២ជាន់ កម្ពស់១៣៦ម៉ែត្រ តម្លៃ​ជាង៦០ លាន​ដុល្លារ បាន​សាងសង់ឡើង​ក្នុង​ទីតាំង​យុទ្ធសាស្ត្រ​ពិសេស របស់​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​កោះ​ពេជ្រ នៃ​ទីក្រុង​ភ្នំពេញ។ អគារ​ភ្លោះ Diamond Twin Tower ត្រូវបាន​សម្ពោធ​ការដ្ឋាន​សាងសង់​ជា​ផ្លូវការ កាលពី​ព្រឹក​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៥នេះ។

4) អគារ Sky Villa

គម្រោងសាងសង់ខុនដូភ្លោះ Sky Villa ស្ថិតនៅតាមបណ្តោយមហាវិថីព្រះសីហនុ របស់ក្រុមហ៊ុន Crystal Orange Construction Plc ដែលមានលំនៅដ្ឋានសរុបចំនួន២៥៦យូនីត ក្រោមទុនវិនិយោគប្រហែល ១០០លានដុល្លារអាមេរិក បានបើកសម្ពោធការដ្ឋានសាងសង់កាលពីថ្ងៃទី១៧ តុលាកន្លងទៅនេះ។

5) អគារ The Bridge

អាគារ​The Bridgeបានបញ្ចប់​ការសាងសង់ និង​បើក​ដំណើរការ​ហើយ វា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ចម្រុះ ដែល​រួមមាន ខុន​ដូ ការិយាល័យ សណ្ឋាគារ ផ្សារ​ទំនើប​ជាដើម។ The Bridge មាន​កំពស់៤៥ជាន់ ស្មើនឹង​កំពស់១៤៤ម៉ែត្រ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ World Bridge Land &Oxley Holding Group មាន​មូលដ្ឋាន​នៅ​ប្រទេស​សឹង្ហ​បុរី។

គំរោង​នេះ​ស្ថិតក្នុង​សង្កាត់​ទន្លេបាសាក់ ខ័​ណ្ឌ​ចំការមន​ក្រុងភ្នំពេញ ពិសេស​ស្ថិត​នៅក្បែរ​ទីក្រុង​កោះ​ពេជ្រ ដែលជា​បណ្តុំ​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម លំដាប់​អន្តរជាតិ​នៃ​ទីក្រុង​ភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here