ដោយៈ រ៉ាណេត
ភ្នំពេញៈ តំបន់មួយចំនួនដែលស្ថិតនៅគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ដែលកំពុងស្ថាបនានាពេលបច្ចុប្បន្ន កំពុងតែមានសកម្មភាពទិញ-លក់យ៉ាងសកម្ម ខណៈដែលតម្លៃដីធ្លីនៅតែបន្តឡើងគួរឱ្យកត់សម្គាល់។
ផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានរដ្ឋាភិបាលសម្រេចសាងសង់ ដោយតភ្ជាប់ចេញពីគល់ស្ពានព្រែកព្នៅ ឆ្លងកាត់តាមផ្លូវទំបន់កប់ស្រូវ កាត់តាមផូវជាតិលេខ៤ កាត់ផ្លូវជាតិលេខ៣ និងតភ្ជាប់មកសង្កាត់ព្រែកកំពិសខណ្ឌដង្កោ ឆ្ពោះទៅផ្លូវជាតិលេខ១ ស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។
-->
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ TOWN CITY Real Estate លោក វ៉ន ចាន់ថន បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩នេះ បច្ចុប្បន្ននេះ ចំពោះសកម្មភាពនៃការទិញ-លក់ពីសំណាក់ក្រុមហ៊ុន និងឈ្មួញផ្នែកវិស័យអចលនទ្រព្យ ស្ថិតនៅតំបន់ជាប់គម្រោងផ្លូវក្រវ៉ាត់ក្រុង ដែលមានទីតាំងដូចបានបញ្ជាក់ខាងលើនេះ នៅតែមានចរន្តដោះដូរដីធ្លី ហើយតម្លៃក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ។
លោកបានបន្តទៀតថា “មិនថាចំពោះតំបន់ណានោះទេ ឱ្យតែស្ថិតនៅជាប់ឬក្បែរគម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣ គឺសុទ្ធតែមានសកម្មភាពទិញលក់។ ទាស់ត្រង់ថា ស្ថានភាពតម្លៃមានភាពខុសប្លែកពីគ្នា ដែលវាអាស្រ័យទៅតាមតំបន់ទីប្រជុំ ស្ថានភាពប្រជាសាស្ត្រ និងស្ថានភាពដី។ លោកបានបន្តទៀតថា “ជាក់ស្ដែងដូចជានៅម្ដុំរង្វង់មូលកួរស្រូវជាស្រូវជាដើម បច្ចុប្បន្ននេះមានការកើនឡើងនូវតម្លៃស្ទើរតែ៤០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំកន្លងទៅ។
ផ្ទៃដីទំនេរស្ថិតនៅក្បែរគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ កាលពីឆ្នាំកន្លងទៅមានតម្លៃត្រឹម៨០-១០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែពេលនេះបានកើនឡើងរហូតដល់ប្រមាណជាង១០០-១៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយដីនៅទីតាំងខ្លះដែលមានស្ថានភាពល្អអាចមានតម្លៃលើសពីនេះ។ យ៉ាងយូរនៅត្រឹមដំណាច់ឆ្នាំ២០១៩ តម្លៃដីដែលស្ថិតនៅទីតាំងដដែលនេះនឹងបន្តកើនឡើងបន្ថែមទៀត។លោកវ៉ន ចាន់ថនបញ្ជាក់ឲ្យដឹង។
លើកឡើងស្រដៀងគ្នានេះ អគ្គនាយកក្រុមហ៊ុន Premium Group លោក ម៉ាន់ ច័ន្ទឌី បានទទួលស្គាល់ពីការកើនឡើងនូវតម្លៃដីធ្លីដែលស្ថិតនៅជាប់ និងក្បែរគម្រោងសាងសង់ផ្លូវក្រវ៉ាត់ទី៣ ប៉ុន្តែលោកបានបញ្ជាក់ថា វាមិនមែនឡើងគ្រប់ទីតាំងទាំងអស់នោះទេ។
លោកបន្តថា “នៅតំបន់ខ្លះមានភាពពុះកញ្ច្រោលទៅលើការពុះដីឡូតិ៍ ដូចជានៅតំបន់ទំនប់កប់ស្រូវ តំបន់ព្រែកកំពឹសដែលស្ថិតនៅក្នុងខណ្ឌដង្កោជាដើម។ លោកបានបន្តទៀតថា “សម្រាប់តំបន់មួយចំនួនទៀត ដែលស្ថិតនៅជាប់នឹងគម្រោងផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានអ្នកវិនិយោគក្នុងវិស័យនេះ ទិញទុកលក់បន្តយកចំណេញ ក្នុងរយៈពេលពេលវែង ដែលភាគច្រើនតម្រូវទៅនឹងទីផ្សាររោងចក្រ និងឃ្លាំង ច្រើនជាងវិស័យលំនៅដ្ឋាន។
លោកម៉ាន់ ច័ន្ទឌី បានបញ្ជាក់ថា បច្ចុប្បន្ននេះនៅតំបន់ភាគខាងត្បូង ឈៀងខាងកើត នៅមិនទាន់ស័ក្ដិសមនឹងវិស័យលំនៅដ្ឋាននោះទេ ដោយសារតែតំបន់ភាគខាងត្បូង ឈៀងខាងលិច នៅមានភាពទូលាយច្រើន ជាពិសេសនៅតំបន់ព្រៃ និងតំបន់ទំនប់កប់ស្រូវជាដើម។ ប៉ុន្តែយ៉ាងយូរត្រឹមប្រមាណ៣ ទៅ៥ឆ្នាំខាងមុខទៀត តំបន់ខាងត្បូង ឈៀងខាងកើត នឹងមានតម្រូវដូចគ្នា” ៕