ដោយ ៖ រ៉ាណេត
ព្រះសីហនុ ៖ អាស្រ័យដោយមានការជួបគ្រោះជំនន់ដោយទឹកភ្លៀងយ៉ាងគំហុក ដែលបង្កឱ្យប៉ះពាល់ និងខូចហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារ ពេលនេះអជ្ញាធរបានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរ និងដឹកជញ្ជូនគ្រប់ប្រភេទតាមផ្លូវជាតិលេខ៤ ត្រូវផ្អាកបណ្តោះ ដោយជំនួសទៅកាន់ផ្លូវជាតិលេខ ៣វិញ ។

-->
ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ផ្លូវជាតិលេខ៤ និងលេខ៤៨ បានរងគ្រោះ ដោយសារភ្លៀង ធ្លាក់ជោកជាំច្រើនថ្ងៃជាប់ៗគ្នា បណ្ដាលឲ្យផ្នែកមួយចំនួននៃ ផ្លូវជាតិលេខ៤ និងលេខ៤៨ ទទួលរងខូចខាត ។
យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ក្រសួង សាធារណការ នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០១៩ បានបញ្ជាក់ថា ផ្លូវជាតិលេខ៤ ចំណុច PK១៧៣-១៧៤ រងគ្រោះដោយទឹក ភ្លៀង បានហូរកាត់ផ្លូវ កំពស់លិច ប្រមាណ ១០-១៥Cm នឹង បង្កឲ្យ ច្រោះចិញ្ចើម និងខូចផ្ទៃមួយ ចំនួន ដែលតម្រូវឲ្យក្រុមការងារបាន ត្រៀមនិងដាក់ បាវនិងដី ខ្សាច់ សំរាប់ ជួយទប់បន្ថយ កំលាំងទឹកហូរ ដែលនាំច្រោះបាក់ចិញ្ចើម ។ បើភ្លៀង នៅ បន្តធ្លាក់ ឥតឈប់បែបនេះ ចំណុចមួយចំនួនទៀត ក៏នឹងអាចរងនូវជន់លិចផងដែរ ។
ចំណែក ផ្លូវជាតិលេខ៤៨ ចំណុច PK១៣១-១៣២ ទឹក ភ្លៀង ហូរ លើភ្នំកាត់ ផ្លូវបង្កអោយច្រោះ ចិញ្ចើម និងខូចផ្ទៃកៅស៊ូ(តួថ្នល់)។ ក្រុមការងារបាន ចល័ត Excavator និងត្រៀម បាវ និង ដី ខ្សាច់ និងបានកាយផ្លូវរំដោះទឹក សំរាប់ជួយទប់បន្ថយកំលាំងទឹកហូរ ដែលនាំច្រោះបាក់ចិញ្ចើមនិងតួថ្នល់ ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៩ សីហានេះបានឲ្យដឹងថា គិតត្រឹមវេលាម៉ោង ១៤ រសៀលថ្ងៃទី៩ ខែសីហានេះ ភ្លៀងបានបន្តធ្លាក់យ៉ាងខ្លាំងបណ្តាលឱ្យជំនន់ទឹកភ្លៀង បានជន់លិចតាមទីតាំងមួយចំនួនដូចជា៖ កំណាត់ផ្លូវជាតិលេខ៤ ត្រង់ចន្លោះគីឡូម៉ែត្រលេខ
១៧១-១៧៣ ចំណុចតំបន់សេដ្ឋកិច្ចពិសេសធ្វើចាំង ក្នុងឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុទឹកលិចកម្ពស់ ១ ម៉ែត្រ ប្រវែង២០០ ម៉ែត្រ ចំណុចស្ពានលេខ ១១ ព្រំប្រទល់ឃុំកែវផុស និងឃុំតានៃទឹកលិចកម្ពស់ប្រមាណ ១ ម៉ែត្រ ប្រវែង ១០០ ម៉ែត្រ នៅផ្លូវជាតិលេខ៣ ឃុំទឹកថ្លា ស្រុកព្រៃនប់ ទឹកលិចថ្នល់កម្ពស់ ០,៦ ម៉ែត្រ ប្រវែង ៥០០ ម៉ែត្រ។
ក្នុងពេលនេះ លោកគណៈអភិបាលខេត្ត បាននិងកំពុងដឹកនាំពិនិត្យស្ថានភាពដោយចាត់ចែង រដ្ឋបាលស្រុកព្រៃនប់ ព្រមទាំងកងកម្លាំងមានសមត្ថកិច្ចសហការ ជួយដឹកជញ្ជូនប្រជាពលរដ្ឋដែលកំពុងប្រឈមការលិចលង់ ផ្ទះសម្បែងមកកាន់ទីទួលសុវត្ថិភាព និងត្រៀមបង្ការឆ្លើយតប ចំពោះគ្រោះមហន្តរាយនានាដែលនឹងអាច កើតឡើងជាយថាហេតុ។

រដ្ឋបាលខេត្តបញ្ជាក់ថា “ដូចនេះដើម្បីរក្សាសុវត្ថិភាពអ្នកធ្វើដំណើរ រដ្ឋបាលខេត្តព្រះសីហនុ សូមឱ្យ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សាធារណៈជន និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្តទាំងអស់ ធ្វើដំណើរតាមផ្លូវជាតិលេខ ៣ វិញ។ បន្ថែមលើនោះដើម្បីរក្សាគុណភាពផ្លូវ រថយន្តដឹកជញ្ជូនកុងតេន័រ និងរថយន្តធុនធ្ងន់ ត្រូវរង់ចាំរយៈពេល ១ថ្ងៃ ក្រោយទឹកស្រកអស់ទើបអនុញ្ញាតឱ្យធ្វើដំណើរឆ្លងកាត់បាន ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ សាធារណៈជន និងម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនដោយរថយន្ត ជ្រាបជាព័ត៌មាន” ៕


