លោកស្រី​តាំង ហួរ៖ ចង់​ជោគជ័យ​លើ​អចលនទ្រព្យ​ត្រូវ​ឈរលើ​គោលការណ៍ ៦ចំណុច

0
តាំង ហួរ

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញ៖ ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ គ្រប់គ្នា​សុទ្ធតែ​មានបំណង និង​ក្ដី​ប្រាថ្នា​ទទួលបាន​ផ្លែផ្កា​ពី​ការងារ ហេតុនេះ​អ្នកជំនាញ​ដែលមាន​បទពិសោធន៍​ខ្ពស់ និង​កំពុងមាន​ភាពលេច​ធ្លោ​នាពេល​បច្ចុប្បន្ននេះ​បញ្ជាក់​ប្រាប់ថា បើ​ចង់​ទទួលបាន​ភាពជោគជ័យ​លើ​មុខ​ជំនួញ​មួយ​នេះ អ្នក​ត្រូវតែ​ប្រកាន់ខ្ជាប់ និង​ឈ​នៅលើ​គោលការណ៍សំខាន់ៗចំនួន ៦ជាដាច់ខាត។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ AMATAK Property Service និង​ជា​អនុប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា លោកស្រី​តាំង ហួរ​បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​ថា វា​មិនមែន​រឿង​ងាយស្រួល ដែល​អាច​ទទួលបាន​ភា​ព​ជោគជ័យ​នោះទេ ដែល​ទម្រាំ​អាច​ទទួលបាន​ទំនុក​ពី​អតិថិជន​ចាំបាច់ អ្នក​ត្រូវតែមាន​ភាពស្មោះត្រង់ និង​អាច​ផ្តល់នូវ​ប្រយោជន៍​ដល់​អតិថិជន​របស់ខ្លួន រួមជាមួយ​នឹង​ចំណុច​សំខាន់​មួយចំនួន​ដែល​ត្រូវតែ​ប្រកាន់​យកមកអនុវត្ត។

លោកស្រី​បន្តថា “ការធ្វើជា​ភ្នាក់ងារ​អចលនទ្រព្យ ដែល​ទទួលបាន​ជោគជ័យ ភ្នាក់ងារ​នោះ ត្រូវមាន​គុណសម្បត្តិ​ចំនួន ៦ចំណុច ដូចជា សុច្ច​រឹត​ភាព ភាពស្មោះត្រង់ ចំណេះដឹង ជំនាញ​ជាក់លាក់ ការប្តេជ្ញាចិត្ត និង​ការខិតខំ​ប្រឹងប្រែង​ធ្វើការ​ដោយ​ឆ្លាត​វៃ។ លោកស្រី​បន្តថា “អ្វី​សំខាន់ គឺ​អ្នក​ចង់​ក្លាយជា​ភ្នាក់ងារ​អចលនទ្រព្យ ត្រូវខិតខំ​បង្វឹក​ខ្លួនឯង ប៉ុន្តែ​សំខាន់ បំផុត​ត្រូវមាន​សុច្ច​រឹត​ភាព និង​ភាពស្មោះត្រង់ ទើប​ទទួលបាន​នូវ​គុណ​តម្លៃ និង​ទទួលជោគជ័យ​ក្នុង​អាជីព​នេះ។

លោកស្រី​បន្តថា “អតិថិជន​នឹង​ជឿជាក់​លើ​គាត់ ប្រសិនជា​គាត់​មាន​សុច្ច​រឹត​ភាព និង​ភាពស្មោះត្រង់ ប៉ុន្តែ​អ្នកមាន​ចំណុច២ នេះ​ពិបាក​រក​ណាស់ ហេតុនេះ​ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​អ្នក​ចង់​ប្រឡូក​ក្នុង​វិស័យនេះ ត្រូវ​គិតពី​ផល​រយៈពេល​វែង។

នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ ដែល​កំពុងតែ​ទទួលបាន​ចំណែក​ទីផ្សារ​ក្នុងនាម​ជា​ភ្នាក់ងារ​អចលនទ្រព្យ​រូបនេះ​បាន​បន្ត ទៀតថា លើសពីនេះ​ភ្នាក់ងារ​ត្រូវមាន​ចំណេះដឹង​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អចលនទ្រព្យ​ជា​សាកល ជាពិសេស​ពាក់ព័ន្ធ​ទៅនឹង​ផ្លូវច្បាប់​ក្នុងការ​រៀបចំ​ឯកសារ​ពាក់ព័ន្ធផ្សេងៗ ដើម្បី​ផ្តល់​ភាពងាយស្រួល និង​ទទួលបាន​ទំនុក​ពី​សំណាក់​អតិថិជន​ផងដែរ។

នៅពេល​ពួកគាត់​មាន​ចំណុច​សំខាន់​ទាំងអស់ ដូច​បាន​រៀបរាប់​ជូន​ខាងលើនេះ នោះ​ពួកគាត់​អាច​នឹងមាន​ឱកាស​ច្រើន ក្នុង​ទទួលបាន​ចំណែក​ទីផ្សារ​ក្នុង​វិស័យ​មួយ​នេះ ដែល​អាច​ឈានទៅរក​ភាពជោគជ័យ​នៅលើ​មុខ​ជំនួញ​មួយ​នេះ​ជា​មិ​ខាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here