ដោយ ៖ វុត្ថា
ភ្នំពេញ ៖ រដ្ឋាភិបាលតាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីណែនាំឱ្យម្ចាស់សំណង់ ដែលទទួលខុសត្រូវចាត់ចែងឱ្យមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់ ឬស្ថាបត្យករ វិស្វករត្រួតពិនិត្យគុណភាពសំណង់នៅគ្រប់ការដ្ឋានសាងសង់ក្នុងភូមិរាជធានី-ខេត្ត នៅទូទាំងប្រទេសកម្ពុជា។
យោងតាមលិខិតលេខ២៦០២ ដនស ចុះហត្ថលេខាដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងរៀងចំដែនដី នគរូបនីយកម្ម និងសំណង់ ផ្ញើជូនអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត កាលពីថ្ងៃ៨ ខែសីហា ឆ្នាំ ២០១៩ បានឱ្យដឹងថា ដើម្បីធានាគុណភាព សោភ័ណភាព សន្តិសុខ សុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខាមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់សំណង់ និងសាធារណៈជន ព្រមទាំងបរិស្ថានល្អសម្រាប់ការស់នៅប្រកបដោយចីរភាព ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើ ឯកឧត្តម លោក ជំទាវ ណែនាំដល់ម្ចាស់សំណង់ទាំងអស់ទទួលខុសត្រូវចាត់ចែងលើការងារសំខាន់ៗចំនួន៤ចំណុច ដូចជា
-->
ទី១ ឱ្យមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់ ដែលបានចុះបញ្ជីនៅក្រសួងរៀបចំ នគរូបនីយកម្ម និងសំណង់នៅគ្រប់ការដ្ឋានសាងសង់ ស្ថិតនៅក្នុងសមត្ថកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ទី២ ឱ្យមានក្រុមហ៊ុនត្រួតពិនិត្យគុណភាពសំណង់ ឬរូបវន្តបុគ្គលជាវិស្វករ ឬស្ថាបត្យករ ត្រួតពិនិត្យគុណភាពសំណង់ដែលបានចុះបញ្ជីនៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅគ្រប់ការដ្ឋានសាងសង់ស្ថិតក្នុងសមត្ថកិច្ចរបស់រដ្ឋបាលរាជធានី ខេត្ត និងរដ្ឋបាលក្រុង ស្រុក ខណ្ឌ។
ទី៣ ឱ្យមានតម្កល់លិខិតអនុញ្ញាតសាងសង់ ភ្ជាប់ជាមួយប្លង់ស្ថាបត្យកម្ម និងលិខិតអនុញ្ញាតបើកការដ្ឋានសាងសង់ ភ្ជាប់ជាមួយប្លង់គ្រឿងផ្គុំសំណង់ និងប្លង់បច្ចេកទេសចាំបាច់តាមមុខជំនាញនៃការងារសំណង់ និងឯកសារពាក់ព័ន្ធនៅក្នុងការដ្ឋានសាងសង់។ និងទី៤ ឱ្យមានផ្ទាំងគំនូរសំណង់ ជាអាទិ៍ ឈ្មោះគម្រោងសាងសង់ ឈ្មោះក្រុមហ៊ុនទទួលសាងសង់ ឈ្មោះម្ចាស់សំណង់ ឈ្មោះស្ថាបត្យករ និងវិស្វករ លិខិតអនុញ្ញាតសាងសង់ លិខិតអនុញ្ញាតបើកការដ្ឋាន អាស័យដ្ឋានទីតាំងសាងសង់ និងលេខទូរស័ព្ទទំនាក់ទំនងបិតនៅមុខការដ្ឋានសាងសង់។
ឧបនាយកដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ថា ក្នុងករណីពិនិត្យឃើញថា ការដ្ឋានសាងសង់ណាពុំបានបំពេញនូវកាតព្វកិច្ចខាងលើ រដ្ឋបាលរាជធានី ខេត្ត ត្រូវមានវិធានការផ្អាកការដ្ឋានជាបណ្តោះអាសន្ន រហូតដល់ម្ចាស់សំណង់បានបំពេញលក្ខខណ្ឌខាងលើនេះ ទើបអនុញ្ញាតឱ្យបន្តដំណើរការសាងសង់ទៀត៕