មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​អះអាងថា អគារខ្ពស់ៗមួយចំនួន​នៅ​មិនទាន់មាន​ច្រក​សុវត្ថិភាព​ពេល​មាន​គ្រោះ​អគ្គីភ័យ

0
មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ នៅក្នុង​សិក្ខាសាលា​ថ្នាក់ជាតិ​កាលពី​ព្រឹក​ថ្ងៃទី១២ ខែសីហា ព្រឹក​មិញ​នេះ មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​លើកឡើងថា បច្ចុប្បន្ននេះ​អគារខ្ពស់ៗនៅ​កម្ពុជា​មួយចំនួន នៅ​មិនទាន់មាន​ច្រក​សុវត្ថិភាព សម្រាប់​រត់ចេញ​នៅពេល​មាន​គ្រោះ​អគ្គីភ័យ​នៅឡើយ ដែល​នេះ​ជា​បញ្ហា​ប្រឈម​យ៉ាងសំខាន់​ដែល​ត្រូវតែ​មានការ​រឹតបន្តឹង។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ​បាន​ថ្លែង​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី១២ សីហា​នេះ​ថា មន្ដ្រី​ជំនាញ​របស់​ក្រសួងមហាផ្ទៃ បាន​រកឃើញ​អគារ និង​ផ្ទះជួល​មួយចំនួន​នៅ​កម្ពុជា មិនទាន់​ដាក់​សញ្ញា​សង្គ្រោះ ពេល​មាន​អគ្គីភ័យ​កើតឡើង​នៅឡើយ ដូច្នេះ ម្ចាស់​អគារ និង​ផ្ទះជួល​ទាំងអស់​ត្រូវដាក់​សញ្ញា​ស​ង្គ្រោះ និង​មាន​ច្រក​រត់ចេញ​ជាបន្ទាន់ ហើយក៏​ត្រូវមាន​ការធានា​រ៉ាប់រង​អគ្គីភ័យ​ផងដែរ។

លោក​បន្តថា “មកទល់​ម៉ោង​នេះ​អគារ​ខ្លះ មិនទាន់​បានធ្វើ​ច្រក​សង្គ្រោះ​ទេ អា​សញ្ញា​សង្គ្រោះ​ក៏​មិន​បំពាក់ សម្លេង​សា​រ៉ែ​ន​ក៏​អត់​បានដាក់ ចឹ​ង​ដល់ពេល​ឆេះ អ្នក​នៅក្នុង​អគារ​អត់​បានដឹង។ លោក​បន្ដថា “បន្ទាប់ពី​ការស្រាវជ្រាវ និង​សិក្សា​ដោយ​មន្ដ្រី​ជំនាញ​ផ្នែក​បង្ការ និង​ពន្លត់អគ្គីភ័យ​កាលពីពេលថ្មីៗនេះ បាន​រកឃើញថា អគារខ្ពស់ៗមួយចំនួន ដែល​កំពុង​សាងសង់ និង​ដំណើរការ​នៅ​កម្ពុជា មិនមាន​ច្រក​សុវត្ថិភាព​សម្រាប់​គេចខ្លួន នៅពេល​មាន​គ្រោះ​អគ្គីភ័យ​កើតឡើង​ឡើយ។

ជាមួយគ្នានេះ​លោក​បាន​ទទួលស្គាល់ថា ភាព​រីកចម្រើន និង​ការអភិវឌ្ឍ​តែងតែមាន​ផលប៉ះពាល់។

លោក​អ៊ុក គឹម​លេខ​បាន​បន្តថា នៅ​កម្ពុជា​សព្វថ្ងៃនេះ មាន​អគារ​ធ្វើ​រហូតដល់៦០ជាន់ ប៉ុន្ដែ​ឡានទឹក​បាញ់​បានត្រឹមតែ ៣-៤ជាន់ ដូច្នេះ​នេះ​ជា​បញ្ហា។ ម្ចាស់​អ្នកផ្ទះ និង​អ្នករស់នៅ​ប្រើប្រាស់​អគារខ្ពស់ៗ មួយចំនួន​ពួកគាត់​មិនទាន់​យល់ដឹង​ថា តើ​អ្វី​ទៅ​ដែល​បណ្ដាលឱ្យមាន​អគ្គីភ័យ? ដើម្បី​ទប់ស្កាត់​បញ្ហា​ប្រឈម​នានា ដែល​បណ្តាលឱ្យមាន​គ្រោះ​អគ្គីភ័យ​កើតឡើង ក្រសួងមហាផ្ទៃ បាន​ជំរុញ​ឱ្យ​អ្នកជំនាញ ឯកទេស​ស្ថាបត្យករ​សំណង់​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​លើ​ការបង្ការ និង​ទប់ស្កាត់​គ្រោះ​អគ្គីភ័យ នៅ​ពេលចេញ​គម្រោង​ប្លង់​របស់ខ្លួន។

លោក​សាស្ត្រាចារ្យ ទួ​ស សា​ភឿន អគ្គលេខាធិការរង​នៃ​គណៈ​ស្ថាបត្យករ​កម្ពុជា បាន​មានប្រសាសន៍ប្រាប់ តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ​ថា ច្រក​សុវត្ថិភាព​ពេល​មាន​គ្រោះ​អគ្គីភ័យ ក្រៅពី​សំដៅលើ​ប្រព័ន្ធ​បាញ់​ទឹក​ដោយ​ស្វ័យប្រវត្តិ ដែល​ត្រូវបាន​បំពាក់​នៅក្នុង​តួ​អគារ ស្ថាបត្យករ​ត្រូវបាន​គេ​យកចិត្តទុកដាក់២ប្រភេទ គឺ​ច្រក​ជណ្ដើរ​ថ្មើរជើង និង​ច្រក​ជណ្ដើរយន្ត​សុវត្ថិភាព។

លោក​បាន​បញ្ជាក់ថា “សម្រាប់​ច្រក​ជណ្ដើរយន្ត​សុវត្ថិភាព គេ​ធ្វើឡើង​ជាមួយ​ប្រព័ន្ធ​អគ្គិសនី​ពិសេស (ប្រភព​ថាមពល​អគ្គិសនី​ទី២) ដើម្បី​ជំនួស​ប្រព័ន្ធ​អគ្គិសនី​ក្នុង​តួ​អគារ​ដែល​ត្រូវបាន​កាត់ផ្ដាច់​ដោយ​ស្វ័យប្រវត្តិ។

លោក​បន្តទៀតថា “ធម្មតា​នៅពេល​ដែលមាន​បញ្ហា​អគ្គីភ័យ​កើតឡើង ប្រព័ន្ធ​បញ្ជា​អគ្គិសនី ក្នុង​តួ​អគារ​ទាំងមូល​នឹង​ត្រូវបាន​កាត់ផ្តាច់​ដោយ​ស្វ័យប្រវត្តិភ្លាមៗ ហើយ​ជំនួស​ដោយ​បណ្តាញ​អគ្គិសនី​បម្រុង​ពិសេស ដែល​ស្ថិត​នៅក្រៅ​តួ​អគារ ដើម្បី​បន្តសកម្មភាព​របស់​ជ​ណ្ដើ​រ​យន្ត​សុវត្ថិភាព​ឱ្យ​ដំណើរការ។

លោក​ទួ​ស សា​ភឿន​បាន​បន្តទៀតថា  ភាគច្រើន​ប្រព័ន្ធ​បញ្ជា​អគ្គិសនី​ជំនួស​បែបនេះ ហាក់​មិន​ត្រូវបាន​ប្រើ​នៅតាម​អគារ​នានា ក្នុងប្រទេស​កម្ពុជា​នោះទេ ដោយហេតុថា ប្រភព​នៃ​បណ្តាញ​អគ្គិសនី​ហាក់​នៅ​ឆ្ងាយ​ពីគ្នា ហើយ​ផ្តល់​ភាពស្មុគស្មាញ​ច្រើន​ដល់​អ្នក​សាងសង់​គម្រោង ប៉ុន្តែ​បើ​នៅតាម​បណ្តា​ប្រទេសជិតខាង គឺ​គេ​មានប្រើ​គ្រប់គ្រាន់។

យ៉ាងណាក៏ដោយ លោក​បានបង្ហាញ​ពី​ក្ដី​រំពឹងថា នៅ​ថ្ងៃ​អនាគត​ខាងមុខនេះ គ្រប់​វត្តមាន​នៃ​សំណង់​អគារខ្ពស់ៗទាំងអស់​នៅ​កម្ពុជា នឹងមាន​ប្រើប្រាស់​បច្ចេក​ទេស​ទាំងនេះ នៅពេលដែល​ថាមពល​អ​គ្គិ​ស​នី​កម្ពុជា មានការ​ផ្គត់ផ្គង់​គ្រប់គ្រាន់ ហើយ​ការកំណត់​ពី​គុណភាព​ស្ដង់ដា​សំណង់ ត្រូវបាន​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

នៅក្នុង​ឆមាស​ទី១ ឆ្នាំ២០១៩នេះ គ្រោះ​អគ្គីភ័យ​បាន​កើតឡើង​ចំនួន៤២៩ លើក សម្លាប់​មនុស្ស​ចំនួន១០នាក់ របួសធ្ងន់​ស្រាល់​ចំនួន៤៦នាក់ និង​ឆេះ​ផ្ទះ​ចំនួន៤១៨ខ្នង៕

LEAVE A REPLY

Please enter your comment!
Please enter your name here